សពក្រុមឧក្រិដ្ឋជនទាំង៤នាក់! មានតែម្នាក់ទេដែលក្រុមគ្រួសារមកយកធ្វើបុណ្យឱ្យ ខណៈ៣នាក់ទៀត គ្មានសាច់ញាតិណាម្នាក់មកក្បែរ…
S
Sereyphuon Chhim
02 មីនា 2021 10:10 AM

ភ្នំពេញ៖ ក្នុងចំណោមសពក្រុមឧក្រិដ្ឋជនទាំង៤នាក់ដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រើសិទ្ធិការពារខ្លួន បាញ់តបតវិញ កាលពីម្សិលមិញ នៅក្នុងបុរីអង្គរភ្នំពេញ ក្នុងខណ្ឌសែនសុខ ហើយបានយកមកតម្កល់ទុកនៅវត្តទឹកថ្លា នោះ មានសពជនសង្ស័យម្នាក់ឈ្មោះ រី ពិសី ត្រូវបានក្រុមគ្រួសារមកទទួលយកធ្វើបុណ្យតាមប្រពៃណីក្នុងវត្តទឹកថ្លា នោះតែម្ដង ។ ចំណែកសពជនសង្ស័យ៣នាក់ទៀត ក្នុងនោះមានមេខ្លោងឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ពុំត្រូវបានក្រុមគ្រួសារមកទទួលធ្វើបុណ្យនោះទេ ទំនងប្រហែលជាក្រុមគ្រួសារខ្លាចប៉ះពាល់ដល់កិត្តិយសរបស់ពូជពង្សវង្សត្រកូលរបស់ខ្លួន ។

ជនរងគ្រោះឈ្មោះម៉ៅ ហួរ ភេទប្រុស អាយុ៥៨ឆ្នាំ ជាពាណិជ្ជករ និងជាអតីតប្រធានសាខាអគ្គិសនី ខេត្តកំពង់ចាម បច្ចុប្បន្ន ត្រូវបានផ្លាស់មកធ្វើការនៅក្រុមហ៊ុនអគ្គិសនីកម្ពុជា វត្តភ្នំ វិញ។

ចំណែកសពជនសង្ស័យទាំងនាក់ រួមមាន៖ ទី១.មេខ្លោងឈ្មោះអ៊ឹម សុណ្ណារិទ្ធ អាយុ២២ឆ្នាំ ។ ទី២​ឈ្មោះ រី ពិសី អាយុ ៣០ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ ១២៨ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ​ចំណែក២នាក់ទៀតពុំស្គាល់អត្តសញ្ញាណ ។

តាមព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ក្នុងពេលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឡោមព័ទ្ធនោះ មេខ្លោងឈ្មោះអ៊ឹម សុណ្ណារិទ្ធ បានប្រើប្រាស់កាំភ្លើងវែងអាកា៤៧ បាញ់តដៃជាមួយសមត្ថកិច្ច និងឈ្មោះ រី ពិសី កាន់កាំភ្លើងខ្លីម៉ាកសូរ៉ាគី។

 ចំណែក២នាក់ទៀតពុំស្គាល់អត្តសញ្ញាណ ម្នាក់កាន់កាំភ្លើងខ្លី ម៉ាកCZ និងម្នាក់ទៀតពុំមានកាំភ្លើងទេ ។

ប្រភពដដែលបានបន្តថា តាមការត្រួតពិនិត្យ ជនសង្ស័យដែលជាមេខ្លោងឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ត្រូវគ្រាប់កាំភ្លើងចំនួន២គ្រាប់ ក្នុងនោះ១គ្រាប់ចំថ្ងាសធ្លាយទៅក្រោយ និងមួយគ្រាប់ទៀតចំក្រោមជង្គង់ឆ្វេងធ្លាយទៅលើក្បាលជង្គង់ និងឈ្មោះ រី ពិសី ត្រូវចំនួន៧គ្រាប់ គ្រាប់បៀម២គ្រាប់ (ចេញនិងចូល១៨កន្លែង) ។ ចំណែក២នាក់ទៀតអត់ស្គាល់អត្តសញ្ញាណ ម្នាក់កាន់កាំភ្លើងខ្លី ម៉ាកCZ ត្រូវ៩គ្រាប់(ចេញនិងចូល១៨កន្លែង) និងម្នាក់ទៀតអត់កាំភ្លើងត្រូវ ៥គ្រាប់(ចេញ និងចូល១១កន្លែង)។

ក្រុមជនសង្ស័យ បានរៀបចំគម្រោងចាប់ជំរិតមន្រ្តីអគ្គីសនីរូបនោះយកប្រាក់ចំនួន១លានដុល្លារ រួចហើយគ្រោងបាញ់សម្លាប់ជនរងគ្រោះនិងភរិយា ព្រមទាំងកូនៗ៦នាក់ និងអ្នកបម្រើ២នាក់ទៀត ជាក្រោយ ។

ក្នុងចំណោមជនសង្ស័យទាំង៤នាក់ មានម្នាក់ជាអតីតអ្នកបើករថយន្តរបស់ជនរងគ្រោះដែលត្រូវបានជនរងគ្រោះ បញ្ឈប់ពីការងារ ក៏មានចិត្តគុំកួន ហើយបានទៅទាក់ទងអ្នកបើករថយន្តថ្មីរបស់ជនរងគ្រោះ ដើម្បីរៀបគម្រោងចាប់ជំរិត ហើយអ្នកបើករថយន្តថ្មីនោះ ប្រាប់ជនរងគ្រោះឱ្យបានដឹងពីគម្រោងនោះ ជនរងគ្រោះក៏បានប្តឹងទៅសមត្ថកិច្ច ហើយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់កម្លាំងប្រមាណជាង១០នាក់ក្នុងផ្ទះត្រៀមចាំ ៤ថ្ងៃមកហើយ។ លុះដល់វេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្រាប់តែលេចមុខក្រុមជនសង្ស័យសុទ្ធតែពាក់មុខ មានអាវុធវែងខ្លី៣ដើម រួមទាំងមានស្តុត ខ្សែ សម្រាប់ចងម្ចាស់ផ្ទះផងដែរ៕ (ដោយ៖ ឈ. សេរី)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត