
ពិតប្រាកដណាស់ មកទល់ពេលនេះមានសិល្បការិនីមួយចំនួនបានបញ្ចប់អាជីពលើវិថីសិល្បៈមកបង្កើតមុខជំនួញផ្ទាល់ខ្លួន ហើយក្នុងនោះក៏មានអតីតតារាស្រីជាច្រើនដួងដែលមានភ័ព្វសំណាងបានក្លាយជាជំទាវ នឹងកំពុងរស់នៅយ៉ាងសុខស្រួល មានសុភមង្គលជាមួយមនុស្សជាទីស្រឡាញ់។
ថ្ងៃនេះ SBM News នឹងបង្ហាញអតីតសិល្បការិនី១២នាក់ ដែលបានក្លាយជាជំទាវពោរពេញដោយកិត្តិយស មានមុខមាត់ក្នុងសង្គមកែប្រែវាសនាខ្លួនឯងដែលគ្មានអ្នកណាស្មានដឹងមុនឡើយពីសិល្បការិនីក្លាយទៅជាលោកជំទាវ។
១. លោកជំទាវ ម៉ៅ ចំណាន (ស្រីតូច ចំណាន)
គឺជាអ្នកក្នុងសិល្បៈមួយរូបក្នុងអតីតកាលដ៏មានឈ្មោះបោះសំឡេង ដោយពេលនេះបានក្លាយជាជំទាវបន្ទាប់ពីរៀបការជាមួយ អ្នកឧកញ៉ា គិត ម៉េង ជាសេដ្ឋីស្រុកខ្មែរ និងជាប្រធានក្រុមហ៊ុន Royal Group។

២. លោកជំទាវ លី យ៉ាណា
អតីតតារាបង្ហាញម៉ូត Khmer Super Model បានក្លាយជាជំទាវមួយរូបទ្រព្យស្តុក ក្រោយក្លាយជាភរិយាអ្នកឧកញ៉ា ហុង ពីវ សេដ្ឋីអចលនទ្រព្យស្រុកខ្មែរ ម្ចាស់បុរីពិភពថ្មី។

៣. លោកជំទាវ នៅ សូនីតា
អតីតតារាសម្តែង នៅ សូនីតា ក៏មិនសូវបង្ហាញមុខលើវិថីសិល្បទេនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីបានរៀបការជាមួយនឹង ឯកឧត្តម ទិត្យ ឋាវរិទ្ធ ជាអនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្ប។

៤. លោកជំទាវ ផាន់ ម៉ូនីកា
អតីតតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ អ្នកនាង ផាន់ ម៉ូនីកា បានក្លាយជាជំទាវនាពេលកន្លងមក ក្រោយពីស្វាមីរបស់ខ្លួន ដែលគេស្គាល់ឈ្មោះ លោក គង់ សុខម៉េង បានឡើងតួនាទីជាជំនួយការផ្ទាល់សម្ដេចក្រឡាហោម ស ខេង។

៥. លោកជំទាវ លី ឈី
អតីតពិធីការិនី និងតារាសម្តែង លី ឈី បានបញ្ចប់អាជីពលើវិថីសិល្ប ក្រោយពីបានរៀបការជាមួយនឹងអតីតអ្នកដឹកនាំសម្ដែងល្បី លោក ប៊ុន រតនា ។ បន្ទាប់ពីរៀបការហើយមិនយូរប៉ុន្មានស្វាមីរបស់អតីតតារាស្រីរូបនេះ បានទទួលគោរមងារជាឧកញ៉ា ហើយអ្នកនាង លី ឈី ក៏បានប្តូរងារជាជំទាវដូចគ្នា។

៦. លោកជំទាវ ពេជ្រ ច័ន្ទបូរមី
ចំណែកឯអតីតតារាសម្តែងដ៏ស្រស់សោភា ពេជ្រ ច័ន្ទបរមី បច្ចុប្បន្នបានទទួលងារជាជំទាវ ក្រោយក្លាយជាភរិយារបស់ឧត្តមសេនីយ៍ កែវ វ៉ាន់ថន ជាអ្នកនាំពាក្យអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។

៧. លោកជំទាវ ស៊ឹម សូលិកា
រីឯ ស៊ឹម សូលិកា វិញត្រូវបានគេហៅថាជាជំទាវដែរ ក្រោយពេលដែលអ្នកនាងភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយ លោកអេង រិទ្ធី ដែលបានឡើងឋានៈជាឯកឧត្តម និងត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ។

៨. លោកជំទាវ ប៉ែន សុផានី
តារាសម្តែងជើងចាស់ ប៉ែន សុផានី បច្ចុប្បន្នទោះបីនៅតែបន្តការសម្តែងខ្សែភាពយន្តក៏ដោយ ប៉ុន្តែតារាសម្តែងរូបនេះ ក៏បានប្តូរងារទៅជាលោកជំទាវ បន្ទាប់ពីបានរៀបការជាមួយនឹងគូស្នេហ៍ចុងក្រោយ ដែលគេបានដឹងថាជាបុគ្គលមានមុខមាត់ និង មានងារជាឯកឧត្តម ។

៩. លោកជំទាវ ហង្ស ម៉ារីណា
លោកជំទាវ ហង្ស ម៉ារីណា ក៏ធ្លាប់ជាអ្នកសិល្បៈមួយរូបផងដែរ ដែលមានកេរ្ដិ៍ឈ្មោះល្បីគួរសម ហើយពេលនេះបានក្លាយជាជំទាវពេញដោយកិត្តិយស បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍នឹងឯកឧត្តម ហេង សុខគង់ ដែលជារដ្ឋលេខាធិកាក្រសួងឧស្សាហកម្ម និង សិប្បកម្ម ។

១០. លោកជំទាវ ស្រីអយ
អតីតតារាកំប្លែង ស្រីអយ បានរៀបការជាមួយអ្នកមានឋានៈក្នុងសង្គមមួយរូបរយៈពេល ១៤ឆ្នាំ និងមានងារជាជំទាវនាពេលនេះ ហើយកំពុងរស់នៅយ៉ាងមានក្តីសុខ។

១១. លោកជំទាវ ដួង ច័ន្ទចរណៃ
អតីតតារាចម្រៀង ដួង ច័ន្ទចរណៃ បានបាត់មុខឈឹងលើវិថីសិល្ប ក្រោយពីលេចឮថាតារារូបនេះ បានរៀបការជាមួយនឹងបុគ្គលមួយរូបដែលមានមុខមាត់ក្នុងសង្គម ហើយអតីតតារាចម្រៀងស្រី ដួង ច័ន្ទចរណៃ ក៏ទទួលបានងារជាជំទាវដូចគ្នាដែរ។

១២. លោកជំទាវ ហ៊ឹម ស៊ីវន
ជាចុងក្រោយនៅក្នុងបញ្ជី កំពូលតារាចម្រៀងសំនៀងពីរោះរណ្តំ ហ៊ឹម ស៊ីវន ក៏បានក្លាយទៅជាជំទាវដែរបន្ទាប់ពីរៀបការជាមួយលោក ពៅ ម៉ាលី ដែលជាអគ្គនាយកនៃនាយកដ្ឋានក្រសួងសាធារណៈការនឹងដឹកជញ្ជូន។ ហើយបច្ចុប្បន្ន លោកជំទាវនៅតែប្រឡូកនៅក្នុងវិស័យសិល្បៈដដែល៕

ដោយ៖ SM


