
ការបរិភោគត្រីសាល់ម៉ុនត្រូវបានមនុស្សជាច្រើនពេញនិយមថា ទទួលទានឆៅជាជាងការដែលចម្អិន។ ការនិយាយតៗគ្នាថា បរិភោគឆៅគឺប៉ូវដល់សុខភាព ព្រោះវានៅស្រស់ៗ ទទួលទានរួចជំនួយកម្លាំង ជាពិសេសមានរសជាតិឆ្ងាញ់ជាងពេលចម្អិនរួច។ យ៉ាងណាមិញ ការពិភាក្សាថាតើត្រីសាល់ម៉ុនរវាងឆ្អិននិងឆៅ មួយណាល្អពិតប្រាកដសម្រាប់សុខភាព?

ត្រីសាល់ម៉ុនពោរពេញទៅដោយសារធាតុអូមេហ្គា ៣ អ៊ីភីអេ ឌីអេចអេ និងជាខ្លាញ់ល្អសម្រាប់សុខភាព ព្រោះវាអាចជួយសម្រូលទៅដល់ការក្តៅក្នុង ធ្វើឲ្យសម្ពាធឈាមទាប និងកាត់បន្ថយការប្រឈមមុខនឹងជម្ងឺមហារីក ប៉ុន្តែបើនៅពេលក្រឡេកទៅមើលចំនុចមិនល្អរបស់វាវិញក៏មិនតិចដែរ។
ជាក់ស្តែងសម្រាប់ស្ត្រីមានផ្ទៃពោះ កូនក្មេង និងមនុស្សចាស់ជរា មិនអាចបរិភោគត្រីសាល់ម៉ុនឆៅបានឡើយ ជាពិសេសសម្រាប់អ្នកដែលមានជម្ងឺប្រចាំកាយដូចជា ជំងឺអេដស៍ ប្រព័ន្ធភាពស៊ាំខ្សោយ ទឺកនោមផ្អែម ថ្លើម និងមហារីក។ នៅក្នុងត្រីសាល់ម៉ុនឆៅមួយចំនួនអាចមានសត្វល្អិតតូចៗដែលនឹងភ្នែកមិនឃើញ បារ៉ាស៊ីត ដែលវាមិនមានផលប្រយោជន៍បន្តិចណាសោះដែលជំនួយដល់រាងកាយ។
យ៉ាងណាមិញ កំណត់ត្រាអាហារូបត្ថម្ភរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៨ បានបញ្ជាក់ថា ត្រីសាល់ម៉ុនអាចជួយឲ្យបញ្ចុះទម្ងន់បាន ដោយសារវាពោរពេញទៅដោយសារជាតិប្រូតេអ៉ីននិងអាចគ្រប់គ្រងតុល្យភាពទម្ងន់របស់មនុស្ស។ ទន្ទឹមនេះ រដ្ឋបាលចំនីអាហារនិងឱសថសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា ប្រសិនជាអ្នកចង់បរិភោគត្រីសាលម៉ុនឆៅគឺអាចជ្រើសរើសត្រីណាដែលក្លាសេឡើងកកក្រោមសីតុណ្ហភាព ០ អង្សាសេ ព្រោះវាបានសម្លាប់មេរោគ និងប៉ារាស៊ីត។

ភាគច្រើនការសិក្សាដែលបានលើកឡើងភាគច្រើន មិនបានហាមឃាត់មិនឲ្យទទួលទានត្រីសាល់ម៉ុនឆៅនេះទេ ប៉ុន្តែគ្រាន់តែចង់បង្ហាញថា តាមវិទ្យាសាស្រ្តគួរណាកុំបរិភោគច្រើនពេក បើសិនជាចង់បរិភោគ ត្រូវប្រយ័ត្នប្រយែងបំផុត។ ឧទាហរណ៍ អាហារសាស៊ីមី ដែលជាការបរិភោគត្រីឆៅរបស់ជនជាតិជប៉ុន ប៉ុន្តែមិនមែនតែត្រីសាល់ម៉ុននោះទេ ក្នុងនោះក៏មានត្រីធូណាផងដែរ។ កាលចម្អិននិងជ្រើសរើសត្រីមកបរិភោគ គឺឆ្លងកាត់ស្តង់ដាកម្ចាត់មេរោគ និងមធ្យោបាយក្នុងការកម្ចាត់សត្វល្អិតជាច្រើនដំណាក់កាលក្នុងការសម្រិតសម្រាំងយកគុណភាពល្អ ដូច្នេះបានជាអាហារមួយមុខនេះមានតម្លៃថ្លៃ។
សូមបញ្ជាក់ផងដែរថា ការទទួលទានត្រីសាល់ម៉ុនឆ្អិន គឺជាវិធីដែលគ្រូពេទ្យហ៊ាននិយាយថា វាមានសុវត្ថិភាពជាជាងការទទួលទានឆៅ ដោយសារវាបានឆ្លងកាត់ការចម្អិនដូចជា ការអាំង ចំហុយ ចៀន ជាដើម ដែលសូម្បីតែអ្នកដែលត្រូវហាមឃាត់មិនឲ្យទទួលទានត្រីសាលម៉ុនឆៅ ក៏អាចទទួលទានបានវិញដែរ តែក្នុងកម្រិតមួយមានកំណត់៕
ដោយ៖ Jacqueli


