
តើប្រទេសមីយ៉ានម៉ា ស្ថិតនៅឯណា?
មីយ៉ានម៉ា ឬត្រូវបានស្គាល់ម្យ៉ាងទៀតថា ភូមា គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជិតខាងគឺ ប្រទេសថៃ ឡាវ បង់ក្លាដែស ចិន និងឥណ្ឌា។ ប្រទេសនេះមានប្រជាជនប្រមាណ ៥៤លាន់នាក់ ពួកគេភាគច្រើននិយាយភាសាភូមា ខណៈភាសាផ្សេងទៀតក៏ត្រូវបាននិយាយផងដែរ។ ទីក្រុងធំជាងគេគឺយ៉ាំងហ្គន (រ៉ង់ហ្គូន) ប៉ុន្តែរដ្ឋធានីគឺណៃពិដោ។ សាសនាចំបងគឺព្រះពុទ្ធសាសនា មានក្រុមជនជាតិភាគតិចជាច្រើននៅក្នុងប្រទេស រួមទាំងមូស្លីមរ៉ូហ៊ីងយ៉ាផងដែរ។ ប្រទេសនេះទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ១៩៤៨ តែវាត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធចាប់ពីឆ្នាំ១៩៦២ រហូតដល់ឆ្នាំ២០១១ ជាពេលដែលរដ្ឋាភិបាលថ្មីមួយបានចាប់ផ្តើមបង្កើតការវិលត្រឡប់ទៅកាន់ការគ្រប់គ្រងស៊ីវិលវិញ។
ហេតុអ្វី វាត្រូវបានស្គាល់ថា "ភូមា"?
ប្រទេសនេះត្រូវបានគេហៅថាប្រទេសភូមាអស់ជាច្រើនជំនាន់។ យោធាកាន់អំណាចបានប្តូរឈ្មោះប្រទេសជាភាសាអង់គ្លេសទៅជាមីយ៉ាន់ម៉ាក្នុងឆ្នាំ១៩៨៩ គឺ១ឆ្នាំបន្ទាប់ពីមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបលើការបះបោរដ៏សាហាវមួយ។ ពាក្យទាំងពីរ មានន័យដូចគ្នា ប៉ុន្តែមីយ៉ាន់ម៉ា គឺជាពាក្យផ្លូវការជាង។ អ្នកខ្លះ ដោយរួមទាំងចក្រភពអង់គ្លេសផងដែរ បានបដិសេធមិនប្រើឈ្មោះថ្មី ដែលជាមធ្យោបាយនៃការបដិសេធភាពស្របច្បាប់របស់របបយោធា។ ប៉ុន្តែនៅពេលដែលប្រទេសនេះឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ការប្រើប្រាស់ "មីយ៉ាន់ម៉ា" ក្លាយជារឿងធម្មតាកាន់តែខ្លាំងឡើង។ នៅក្នុងឆ្នាំ២០១៦ លោកស្រីអ៊ុងសាន ស៊ូជី បាននិយាយថា វាមិនមានបញ្ហាថាតើឈ្មោះអ្វីដែលពួកគេបានប្រើទេ។ សហរដ្ឋអាមេរិកនៅតែហៅឈ្មោះប្រទេសនេះជាផ្លូវការថា ប្រទេសភូមា។

តើមានអ្វីបានកើតឡើងនៅពេលនេះ ហើយដោយមូលហេតុអ្វី?
ឥឡូវនេះយោធាដឹកនាំដោយលោក មីន អាង ហ៊ុលអេង បានកាន់កាប់ទាំងស្រុងលើប្រទេសនេះ និងបានប្រកាសអាសន្នពេញមួយឆ្នាំ។ កម្លាំងយោធាបានកាន់កាប់អំណាច បន្ទាប់ពីការបោះឆ្នោតទូទៅដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។ កម្លាំងប្រដាប់អាវុធបានគាំទ្រក្រុមប្រឆាំង ដែលទាមទារអោយមានការបោះឆ្នោតឡើងវិញ ដោយសំអាងថាមានការលួចបន្លំពាសពេញដំណើរការបោះឆ្នោត។ គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថា មិនមានភស្តុតាងណាមួយដើម្បីគាំទ្រការអះអាងទាំងនេះនោះទេ។ រដ្ឋប្រហារនេះត្រូវបានធ្វើឡើងខណៈដែលសម័យប្រជុំសភាថ្មីគ្រោងនឹងបើក។ លោកស្រី ស៊ូជី ត្រូវបានគេគិតថាកំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។ ការចោទប្រកាន់ជាច្រើនត្រូវបានធ្វើឡើងប្រឆាំងនឹងរូបលោកស្រី រួមទាំងការបំពានច្បាប់នាំចូល និងនាំចេញ និងមានឧបករណ៍ទំនាក់ទំនងខុសច្បាប់ជាដើម។ មន្ត្រីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (National League for Democracy=NLD) ជាច្រើននាក់ផ្សេងទៀតក៏ត្រូវបានគេឃុំខ្លួនផងដែរ។
តើនរណាជាអ្នកទទួលខុសត្រូវក្នុងពេលឥឡូវនេះ?
អំណាចត្រូវបានស្ថិតនៅក្រោមមេបញ្ជាការ លោក មីន អាង ហ៊ុលអេង។ គាត់បានទទួលឥទ្ធិពលនយោបាយដ៏យូរលង់មកហើយ ជាមួយការទទួលបានជោគជ័យនូវអំណាចនៃកម្លាំងយោធា Tatmadaw នៃយោធាមីយ៉ាន់ម៉ា ទោះបីជាប្រទេសនេះ បានធ្វើការផ្លាស់ប្តូរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យក៏ដោយ។ គាត់បានទទួលការថ្កោលទោស និងទណ្ឌកម្មពីអន្តរជាតិ ចំពោះតួនាទីដែលត្រូវបានចោទប្រកាន់របស់លោកនៅក្នុងការវាយប្រហាររបស់យោធាទៅលើជនជាតិភាគតិច។ យោធា បានចូលទៅជំនួសកិច្ចការរដ្ឋមន្រ្តី និងសមាជិកសភា ដែលរួមមានទាំងផ្នែកហិរញ្ញវត្ថុ សុខាភិបាល ក្រសួងមហាផ្ទៃ និងកិច្ចការបរទេសជាដើម ។ល។ ខាងយោធា ក៏បាននិយាយថា ខ្លួននឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើងវិញ នៅពេលដែលភាពអាសន្នត្រូវបានបញ្ចប់។

តើលោកស្រី អ៊ុងសាន ស៊ូជី ជាអ្នកណា?
លោកស្រី អ៊ុងសាន ស៊ូជី បានទទួលភាពល្បីល្បាញទូទាំងពិភពលោកក្នុងទសវត្សឆ្នាំ១៩៩០
ដោយសារធ្វើយុទ្ធនាការដើម្បីស្តារប្រជាធិបតេយ្យ។ លោកស្រីបានចំណាយពេលជិត ១៥ ឆ្នាំក្រោមការឃុំខ្លួននៅចន្លោះឆ្នាំ១៩៨៩
និងឆ្នាំ២០១០ បន្ទាប់ពីការរៀបចំការប្រមូលផ្តុំគ្នាអំពាវនាវឱ្យមានកំណែទម្រង់ប្រជាធិបតេយ្យ
និងការបោះឆ្នោតដោយសេរី។ លោកស្រីស៊ូជី បានទទួលរង្វាន់ណូបែលសន្តិភាពខណៈពេលកំពុងជាប់ឃុំឃាំងក្នុងផ្ទះក្នុងឆ្នាំ១៩៩១
។ នៅក្នុងឆ្នាំ២០១៥ លោកស្រីបានដឹកនាំគណបក្ស NLD ដើម្បីទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតដែលមានការប្រកួតប្រជែងជាចំហលើកដំបូងរបស់មីយ៉ាន់ម៉ាក្នុងរយៈពេល
២៥ ឆ្នាំកន្លងមក។
ចុះការបង្ក្រាបលើជនជាតិរ៉ូហ៊ីងយ៉ា មានស្ថានការយ៉ាងណាវិញ?
កេរ្តិ៍ឈ្មោះអន្តរជាតិរបស់លោកស្រី ស៊ូជី បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការប្រព្រឹត្ដរបស់មីយ៉ាន់ម៉ាទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ប្រទេសមីយ៉ាន់ម៉ាចាត់ទុកបានពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយបដិសេធពួកគេជាពលរដ្ឋ។ អស់ជាច្រើនទសវត្សមកហើយមនុស្សជាច្រើនបានភៀសខ្លួនចេញពីប្រទេសនេះដើម្បីរួចផុតពីការធ្វើទុក្ខបុកម្នេញ។ ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ត្រូវបានសម្លាប់ និងជាង ៧ សែននាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសបន្ទាប់ពីការបង្ក្រាបរបស់កងទ័ពកាលពីឆ្នាំ២០១៧ ។ លោកស្រី ស៊ូជី បានបង្ហាញខ្លួននៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ២០១៩ ជាកន្លែងដែលគាតបានបដិសេធការចោទប្រកាន់’ដែលថាយោធាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។

តើអន្តរជាតិមានប្រតិកម្មយ៉ាងណាខ្លះ?
ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងអូស្ត្រាលី ស្ថិតក្នុងចំណោមអ្នកដែលបានថ្កោលទោសលើការកាន់កាប់ដោយយោធានេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បាននិយាយថា វាជា “ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់កំណែទម្រង់ប្រជាធិបតេយ្យ”។ រីឯលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានគំរាមចំពោះការស្តារទណ្ឌកម្មឡើងវិញថែមទៀតផង។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែប្រតិកម្មតាមរបៀបនេះទេ។ ប្រទេសចិនបានរារាំងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលថ្កោលទោសទៅលើរដ្ឋប្រហារនេះ។ ប្រទេសនេះ ដែលកាលពីមុនបានប្រឆាំងនឹងអន្តរាគមន៍អន្តរជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជំរុញឱ្យគ្រប់ភាគីទាំងអស់ “ដោះស្រាយតាមរបៀបភាពខុសៗគ្នា”។ ទីភ្នាក់ងារព័ត៌មានស៊ីនហួបានពិពណ៌នាថា ការផ្លាស់ប្តូរនេះថាជា “ការរុះរើគណៈរដ្ឋមន្រ្តី”។ ចំណែកប្រទេសជិតខាងរួមមាន ប្រទេសកម្ពុជា ថៃ និងហ្វីលីពីន បាននិយាយថា វាជាបញ្ហាផ្ទៃក្នុង។
តើប្រជាជនមានប្រតិកម្មយ៉ាងណា?
នៅថ្ងៃធ្វើរដ្ឋប្រហារ លោកស្រី ស៊ូជី បានជំរុញឱ្យអ្នកគាំទ្ររបស់លោកស្រី “ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ”។ នៅយប់បន្តបន្ទាប់នោះ អ្នកស្រុកនៅក្នុងទីក្រុងធំៗ បានបង្ហាញការប្រឆាំងរបស់ពួកគេ ដោយវាយផើងផ្កា ខ្ទះឆា និងរៀបក្បួនរថយន្តផងដែរ។ បុគ្គលិកនៅក្នុងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្ររាប់សិបនាក់បានដើរចេញមកចូលរួមតវ៉ា ហើយមនុស្សជាច្រើនទៀត បានពាក់បូដែលបង្ហាញថាពួកគេប្រឆាំងនឹងរដ្ឋប្រហារ។ យោធាបានរារាំងការចូលប្រើហ្វេសប៊ុកដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសនេះ រួមទាំង Twitter (ធ្វីតធ័រ) និង Instagram (អ៊ីស្តារក្រាម) ផងដែរ។ ប៉ុន្តែសកម្មភាពនោះបានបរាជ័យក្នុងការបញ្ឈប់ការតវ៉ាទូទាំងប្រទេសដ៏ធំមួយកាលពីថ្ងៃសៅរ៍ (០៦ កុម្ភៈ ២០២១)។ បន្ទាប់មក មេដឹកនាំបានបញ្ជាឱ្យកាត់ផ្តាច់ចរន្តអគ្គិសនីតាមអ៊ិនធ័រណែតទាំងអស់។ ជាថ្មីម្តងទៀត ក្រុមអ្នកតវ៉ាបានដើរតាមផ្លូវដើម្បីបរិហារ ដើម្បីប្រកាសការប្រឆាំងនឹងការធ្វើរដ្ឋប្រហារ។ មកដល់ថ្ងៃអាទិត្យ ក៏បានឃើញការតវ៉ាដ៏ធំបំផុតរបស់ប្រទេសនេះ ចាប់តាំងពីមាន បដិវត្ត Saffron ក្នុងឆ្នាំ២០០៧ មក ជាពេលដែលព្រះសង្ឃរាប់ពាន់អង្គបានងើបឡើងប្រឆាំងនឹងរបបយោធា។

ស្ថានការចុងក្រោយបង្អស់!
ដោយគ្មានការពន្យល់អ្វីទាំងអស់ នៅល្ងាចថ្ងៃអាទិត្យនេះ ប្រព័ន្ធអ៊ីនធ័រណែត បានដំណើរការវិញ។ ប៉ុន្តែមិនមានសញ្ញាណាមួយនៃការតវ៉ាដែលត្រូវបានបញ្ចប់នោះទេ។ មនុស្សជាច្រើនភ័យខ្លាចអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ ដោយការបះបោរលើកមុនជុំវិញការប្រឆាំងនឹងយោធាក្នុងឆ្នាំ១៩៨៨ និង២០០៧ គឺត្រូវបានបង្ក្រាបដោយកម្លាំងយោធាយ៉ាងសាហាវ។ “ជាមួយនឹងការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ទទួលបានលទ្ធផល ពួកយើងអាចស្រម៉ៃថានឹងមានប្រតិកម្មបកមកវិញដូចគ្នាផងដែរ”។ នេះបើតាមការឱ្យដឹងពីខាងអ្នកនិពន្ធ និងប្រវត្តិវិទូលោក Thant Myint-U បានសរសេរលើហ្វេសប៊ុក។ លោកបន្តថា៖ ប៉ុន្តែសង្គមមីយ៉ាន់ម៉ាខុសគ្នាទាំងស្រុងពីឆ្នាំ១៩៨៨ និងឆ្នាំ២០០៧។ ខ្ញុំមានជំនឿយ៉ាងមុតមាំលើមនុស្សជំនាន់ក្រោយ! អ្វីក៏អាចកើតឡើងបានដែរ”៕

ដោយ៖ RESIN
ប្រភព៖ BBC និង REUTER, South China Morning Post (រូបភាព)


