ជំងឺឫសដូងបាត៖ រោគសញ្ញានិងការព្យាបាល
ភូមិន្ទ
06 កុម្ភៈ 2021 01:00 PM

ជា​រឿង​អៀនខ្មាស​មួយ ចំពោះ​មនុស្ស​មួយ​ចំនួន​ធំ នៅ​ពេល​ដែល​ខ្លួន​មាន​ជំងឺ​ឫសដូង​បាត។ តើ​អ្នក​ដឹង​ទេ អ្វី​ទៅ​ជា​ជំងឺ​ឫសដូង​បាត? ក្នុង​អត្ថបទ​នេះ​ពួក​យើង​នឹង​ពន្យល់​លោក​អ្នក​ពី​ព័ត៌មាន​មួយ​ចំនួន​ពី​ជំងឺ​​នេះ​ដែល​អ្នក​គួរ​តែ​ដឹង។

១- តើ​អ្វី​ទៅ​ជា​ជំងឺ​ឫសដូង​បាត?

ឫសដូងបាត គឺជា​ជំងឺ​ដែល​កើតឡើង​ដោយសារ​ការ​រីក​ប៉ោង​នៃ​សរសៃឈាម​វ៉ែន ដែល​មាននៅ​ជុំវិញ​ក្រសាល់គូទ ។ ប៉ុន្តែ​ជំងឺ​ឫសដូងបាត​នេះ​មិន​អាច​វិវត្តន៍​ទៅ​ជា​ជំងឺមហារីក​បាន​ទេ ។  គេ​បែង​ចែក​ជំងឺ​ឫសដូងបាត​ជា​២​ប្រភេទ​គឺ​៖

-ឫសដូងបាត​ក្នុង​ ៖ ជា​ជំងឺ​ដែល​កើតឡើង​លើ​សរសៃឈាម​ខាងក្នុង​រន្ធ​គូទ

-ឫសដូងបាត​ក្រៅ​ ៖ ជា​ជំងឺ​ដែល​កើតឡើង​លើ​សរសៃឈាម​នៅ​ខាងក្រៅ​រន្ធ​គូទ

២- តើ​ជំងឺ​នេះ​មាន​រោគសញ្ញា​ដូច​ម្ដេច?

ថ្វី​បើ​រោគ​សញ្ញា​ជំងឺ​ឫសដូង​បាត​អាច​ខុស​គ្នា​បន្តិច​បន្តួច​តាម​ប្រភេទ​របស់​វា​ក៏​ពិត​មែន​ប៉ុន្តែ​វា​មាន​រោគ​សញ្ញា​ចម្បង​ដូច​គ្នា​មួយ​ចំនួន​ដូច​ជា៖

- រមាស់ខ្លាំង​នៅ​ជុំវិញ​រន្ធ​ក្រសាល់​គូទ

- ឈឺ​ចាប់​និង​ក្រហាយ​នៅ​ម្ដុំ​ក្រសាល់​គូទ

- រមាស់​ឬ​មាន​ចេញ​ជា​ដុំ​ពក​ឬ​ហើម​នៅ​ម្ដុំ​ក្រសាល់​រន្ធ​គូទ

- ឈឺ​ចាប់​នៅ​ពេល​បន្ទោរ​បង់​លាមក

- អាច​មាន​ចេញ​ឈាម​ក្រោយ​បន្ទោរ​បង់​លាមក

- លេច​លាមក​ចេញ​មក​ក្រៅ​ដោយ​មិន​ដឹង​ខ្លួន

ថ្វី​បើ​ជំងឺ​នេះ អាច​បង្ក​ឲ្យ​ឈឺ​ចាប់​ខ្លាំង​ក៏​ពិត​មែន​ប៉ុន្តែ​វា​មិន​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ទេ។

ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​មាន​ឈាម ឬ​លាមក​អ្នក​ប្រែ​ជា​ពណ៌​ខ្មៅ​ អ្នក​គួរ​តែ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​។

៣- តើ​មូល​ហេតុ​អ្វី​នាំ​ឲ្យ​មាន​ជំងឺ​ឫសដូង​បាត?

ជំងឺ​ឫសដូង​បាត គឺ​បង្ក​ឡើង​ដោយ​បញ្ហា​នឹង​ស្ថានភាព​សុខភាព​របស់​មនុស្ស​ដូច​ជា៖

- ការ​មាន​ផ្ទៃ​ពោះ (ជំងឺ​ឫស​ដូង​បាត​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ គឺ​ជា​រឿង​សាមញ្ញ​ចំពោះ​ស្ត្រី​ទាំង​ឡាយ ដោយ​សារ​តែ​អំឡុង​ពេល​ពពោះ​នោះ ស្បូន​របស់​ស្ត្រី​រីក​ធំ ហើយ​សង្កត់​ទៅ​លើ​សរសៃ​វ៉ែន​របស់​ពោះ​វៀន​ធំ)

- បញ្ហា​ទល់​លាមក​រ៉ាំរ៉ៃ

- មនុស្ស​វ័យ​ចំណាស់ 

- បញ្ហា​រាក​រ៉ាំ​រ៉ៃ

- ការ​អង្គុយ​យូរ​ពេក ជា​ពិសេស​គឺ​អង្គុយ​លើ​ចាន​បង្គន់​យូរ។

- លើក​របស់​ធ្ងន់

- ធាត់​លើស​ទំងន់

- ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ។

៤- តើ​អ្នក​អាច​ការ​ពារ​ខ្លួន​ពី​ជំងឺ​នេះ​ដោយ​របៀប​ណា?

អ្នក​អាច​ការ​ពារ​ខ្លួន​ពី​ជំងឺ​នេះ​បាន​ដោយ​គ្រាន់​តែ​អ្នក​ត្រូវ​ញ៉ាំ​អាហារ​ណា​ដែល​អាច​ជួយ​ឲ្យ​លាមក​អ្នក​ទន់ និង​ងាយ​បន្ទោរ​បង់​ចេញ​មក។ ដើម្បី​ការពារ​ពី​ជំងឺ​និង​រោគ​សញ្ញា​ជំងឺ​ឫសដូង​បាត អ្នក​គួរ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖

- ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ច្រើន

- ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់

- សូម​ទៅ​បន្ទោរ​បង់​ឲ្យ​លឿន​នៅ​ពេល​ដែល​អ្នក​ឈឺ​បន្ទោរ​បង់ សូម​កុំ​ទប់​ឲ្យ​សោះ

- ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន និង​ចៀសវាង​ការ​អង្គុយ​នៅ​មួយ​កន្លែង​យូរ។

៥- តើ​ជំងឺ​នេះ​ព្យាបាល​បាន​យ៉ាង​ដូច​ម្ដេច?

ការ​ព្យាបាល​ជំងឺ​នេះ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​អ្នក​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​ដោយ​ធ្វើ​តាម​វីធី​សាស្ត្រ​ការពារ​ខ្លួន​ខាង​លើ ប្រើ​ប្រាស់​ថ្នាំ​លាប​ដែល​យើង​អាច​រក​ទិញ​បាន​ដោយ​មិន​ចាំ​បាច់វេជ្ជបញ្ជា (OTC) ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​ងូត​ទឹក​ដោយ​ត្រាំ​ខ្លួន​នៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ឌៗ​រយៈពេល​ពី​១០​ទៅ​១៥​នាទី​បាន (sitz bath)។ ប្រសិន​បើ​ការ​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​នេះ មិន​បាន​ធូរ​ស្បើយ​ទេ គ្រូពេទ្យ​អាច​នឹង​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ព្យបាល​មួយ​ចំនួន​ទៀត ឬ​អាច​ឈាន​ដល់​ការ​វះកាត់​ទៀត​ផង៕

អត្ថបទដោយ៖ គឹម កាណែល ចុះផ្សាយដោយ៖ ភូមិន្ទ 

Reference

https://www.mayoclinic.org/diseases-conditions/hemorrhoids/diagnosis-treatment/drc-20360280

https://www.healthline.com/health/hemorrhoids#prevention

https://www.medicalnewstoday.com/articles/73938#symptoms

https://www.webmd.com/digestive-disorders/understanding-hemorrhoids-basics#1

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត