ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំមន្ត្រីអនុវត្តច្បាប់ត្រូវតែប្រកាន់ភ្ជាប់នូវកាយវិការ​ និងពាក្យសម្តីឲ្យបានសមរម្យ​ និងផ្សព្វផ្សាយ​ឲ្យបានទូលំទូលាយ នៅតាមយានដ្ឋានកែច្នៃ​សុីមាំង
Y
Yuth
25 មករា 2021 06:15 AM

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលេីសកម្រិតដោយយានយន្តគ្រប់ប្រភេទ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​ ។

ក្នុងឱកាសនោះដែរឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់មតិណែនាំល្អៗជាច្រេីនដល់អង្គប្រជុំ ដេីម្បីយកទៅអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបានត្រឹមត្រូវ ជាមួយនឹងការចុះផ្សព្វផ្សាយ​ ណែនាំអប់រំឲ្យបានទូលំទូលាយទៅតាមយានដ្ឋានកែច្នៃ​ ចុះផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ​ ដេីម្បីឲ្យអាណាព្យាបាលធ្វេីការណែនាំអប់រំកូនៗឲ្យបានល្អ​ និងគោរពច្បាប់​ ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ត្រូវតែប្រកាន់ភ្ជាប់នូវកាយវិការ​ និងពាក្យសម្តីឲ្យបានសមរម្យ​ ហេីយមិនត្រូវអនុវត្តលេីសពីការណែនាំឡេីយ ។ ម្យ៉ាងវិញទៀតចំពោះអ្នកប្រេីប្រាស់យានយន្តកែច្នៃសុីមាំង នឹងត្រូវធ្វេីការណែនាំអប់រំ ធ្វេីការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចមិនឲ្យលេីសរយ:ពេល ៣ថ្ងៃឡេីយ ។

សូមបញ្ជាក់ថាការអនុវត្តការណែនាំអប់រំ​ និងឃាត់ដេីម្បីធ្វេីការផាកពិន័យ​ ចំពោះយានយន្តដែលកែច្នៃបង្កសំឡេងរំខាន​នេះ សមត្ថកិច្ចនឹងធ្វេីការសហការជាមួយក្រសួងបរិស្ថាន​ ដេីម្បីប្រេីប្រាស់ម៉ាសុីនក្នុងការវាស់កម្រិតសំឡេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ​ ៕

ដោយ៖ Yuth

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត