មកស្គាល់ពីប្រវត្តិពិតរបស់ ចេននី តារាចម្រៀងក្រុម Blackpink ដែលកម្រមានអ្នកដឹង
K
Kosal Por
08 មករា 2021 04:04 AM

ចេននី ដែលទស្សនិកជនអ្នកគាំទ្រវិស័យចម្រៀងយុវវ័យ K-pop បានស្គាល់យ៉ាងច្បាស់ថា ជាតារាចម្រៀងស្រស់ស្អាត និងមានប្រជាប្រិយភាពខ្លាំងម្នាក់ ក្នុងចំណោម សមាជិក ៤នាក់នៃក្រុម Blackpink ។​

មានអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ឃើញថា ក្នុងចំណោមសមាជិកក្រុមទាំង ៤នាក់ដែលមានដូចជា រ៉ូស ជីស៊ូ លីហ្សា គឺមានតែ ជេន នី ប៉ុណ្ណោះ ដែលលេចធ្លោខ្លាំងទៅលើការស្លៀកពាក់ សម្ភារប្រើប្រាស់ សុទ្ធតែជារបស់ថ្លៃៗ ហើយខាងផលិតកម្ម YG Entertainment ក៏ហាក់ដូចជាព្យាយាមលើកមុខមាត់នាងជាងសមាជិកដទៃទៀតផងដែរ តើចំណុចទាំងនេះមកពីកត្តាគ្រួសារឬយ៉ាងណា?

បើនិយាយពីស្ថានភាពគ្រួសារ ចេននី អាចនិយាយបានថា ជាកូនស្រីដេកលើគំនរទ្រព្យសម្បត្តិពីម្ដាយឪពុករបស់នាង តាំងពីតូចដល់ធំ មិនដែលស្គាល់ពាក្យថាលំបាកយ៉ាងដូចម្ដេចឡើយ។

តើចេននី មានប្រវត្តិពិតបែបណា?

ចេននី មានឈ្មោះពេញថា គីម ចេននី កើតនៅទី ១៦ ខែមករា ឆ្នាំ ១៩៩៦​ ក្នុងរដ្ឋធានីសេអូល ប្រទេសកូរ៉េខាងត្បូង ហើយជាកូនទោលក្នុងគ្រួសារអភិជន មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ទីកន្លែងដែលនាងកើត និងរស់នៅនោះ គឺនៅខណ្ឌ ហ្កាំងណាំ ដែលជាតំបន់ប្រជុំជន ដ៏ហាយសូបំផុតនៅក្នុងទីក្រុងសេអ៊ូល។

ម្ដាយរបស់ ជេននី ត្រូវបានគេស្គាល់ថា ជាម្ចាស់ភាគហ៊ុន និងជាអគ្គនាយិការនៃក្រុមហ៊ុន CJ E&M ដែលជាក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយ និងកម្សាន្តដ៏ធំនៅកូរ៉េខាងត្បូង ហើយក្រុមហ៊ុននេះផងដែរ គឺជាក្រុមហ៊ុនបុត្រសម្ព័នរបស់ CJ គ្រុប។

ចំណែកឪពុករបស់តារាចម្រៀងជំនាញខាង រ៉េប វ័យ ២៤ឆ្នាំ រូបនេះវិញ ក៏ត្រូវបានគេស្គាល់ថា គឺជាវេជ្ជបណ្ឌិត និងជាម្ចាស់មន្ទីរពេទ្យធំមួយដែលមានទីតាំងស្ថិតនៅខណ្ឌ ហ្កាំងណាំ តែម្ដង។

តាមរយៈវីដេអូឯកសារមួយ ដែលបង្ហាញពីជីវិតពិតរបស់សមាជិកក្រុមចម្រៀង Blackpink ម្នាក់ៗ ពេលនោះ ចេននី បានប្រាប់ឲ្យដឹងថា ត្បិតតែនាងកើតនៅក្នុងប្រទេសកូរ៉េក៏ពិតមែន ប៉ុន្តែនាងតែងតែដើរហើយ និងចេញចូលទៅកាន់ប្រទេស នូវែលសេឡង់ ប្រៀបដូចជាប្រទេសកំណើតរបស់នាងយ៉ាងដូច្នេះដែរ នេះព្រោះតែកាលនៅតូច នាងបានផ្លាស់ប្ដូរទីលំនៅ ទៅរស់នៅប្រទេសអូស្ត្រាលី និង នូវែលសេឡង់ តាមម្ដាយរបស់នាង។

ចាំបានថា នៅអាយុខ្ទង់ជាង ១០ ឆ្នាំ កាលដែលកំពុងរស់នៅក្នុងប្រទេស នូវែលសេឡង់ នាងមិនដែលបានចំណាយពេលវេលាច្រើន​ នៅជាមួយគ្រួសារឡើយ។ ពោលគឺនាងបានប្រើប្រាស់ជីវិតរបស់នាងយ៉ាងឯករាជ្យបំផុត។ ម្ដាយរបស់ ចេននីបានសួរថា «កូនចូលចិត្តទីនេះទេ» នាងឆ្លើយថា «ចូលចិត្ត» ដូច្នេះនាងក៏ត្រូវបានគ្រួសារចុះឈ្មោះឲ្យចូលរៀននៅសាលាមធ្យមសិក្សាល្បីឈ្មោះមួយឈ្មោះ វ៉ៃកូវ៉ៃ (Waikowhai) ក្នុងទីក្រុង អូកឡែន (Auckland)។ ហើយក្រោយមកក៏ត្រូវបានប្ដូរទៅរៀននៅសាលាក្បែរនោះឈ្មោះ អេស៊ីជី ផានែល (​ACG Parnell)។ គួរបញ្ជាក់ថា អូកឡែន ក៏ជាទីក្រុងដ៏ធំផុតមួយនៅ នូវែលសេឡង់ ហើយវាត្រូវបានគេស្គាល់ថាមានចំនួនប្រជាជនរស់នៅច្រើនជាងគេ។

ចេននី បានឲ្យដឹងទៀតថា​ ពេលនាងមានអាយុ ១៤ឆ្នាំ ឪពុកម្ដាយរបស់នាងបានគិតថា ចង់បញ្ជូននាងឲ្យទៅសិក្សានៅអាមេរិកវិញ ដោយឲ្យរស់នៅរដ្ឋ ផ្លរីដា ហើយគោលបំណងរបស់ពួកគាត់ចង់ឲ្យនាងក្លាយជាមេធាវី ឬគ្រូបង្រៀន​ គឺផ្ទុយពីបំណងរបស់ ចេននី ដែលស្រឡាញ់វិស័យចម្រៀង K-pop ហើយថែមទាំងចង់ក្លាយជាតារាចម្រៀងក្នុងផលិតកម្ម YG Entertainment ទៀតផង។

ពេលនោះឪពុកម្ដាយ មិនបានជំទាស់ជាមួយកូនស្រីឡើយ ពោលគឺពួកគាត់តែងតែគោរពតាមការសម្រេចចិត្តរបស់កូនស្រីជានិច្ច ហើយនៅឆ្នាំ ២០១០ ចេននី ក៏ត្រូវបានបញ្ជូនមកកាន់ប្រទេសកូរ៉េខាងត្បូងវិញ។

នៅឆ្នាំដដែលនោះ ចេននី ក៏បានមានឱកាសហ្វឹកហាត់នៅក្នុងផលិតកម្ម YG Entertainment ដោយការហ្វឹកហាត់នេះ អស់រយៈពេល​ ៦ឆ្នាំ ទើបនៅឆ្នាំ ២០១៦ ក្រុមចម្រៀង Blackpink បានចាប់តំណើតជាផ្លូវការ។

បច្ចុប្បន្ននេះ ក្រៅពីអាជីពជាតារាចម្រៀង ចេននី ក៏តែងតែលេចមុខជាតារាម៉ូឌែលដែរ ដែលតែងតែធ្វើការជាមួយស្លាកយីហោផលិតផលល្បីៗលើសកលលោក។

សូមបញ្ជាក់ថា គិតមកដល់ឆ្នាំ ២០២០ ទ្រព្យសម្បត្តិរបស់ ចេននី មានរហូតដល់ ៨លានដុល្លារ ដែលនេះជាទ្រព្យសម្បត្តិបានមកពីអាជីពរបស់នាង មិនរាប់បញ្ចូលជាមួយទ្រព្យដែលទទួលបានពីគ្រួសារឡើយ៕ 

ដោយ៖ KS

ប្រភព៖ Wikipedia, scmp

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត