
ការថតរូបគឺជាសកម្មភាពដ៏ពេញនិយមបំផុតសម្រាប់មនុស្សសម័យថ្មី ហើយសកម្មភាពនេះ ក៏តែងតែកើតមានឡើងនៅពេលជួបជុំក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ត បង្ហាញពីដំណើរកម្សាន្ត បង្ហាញពីការស្លៀកពាក់ ចំណីអាហារ ហើយក្នុងនោះក៏មានមនុស្សមួយចំនួនធំ ប្រើសកម្មភាពថតរូបដើម្បីបង្ហាញអារម្មណ៍សប្បាយរីករាយ ឬអាចបង្ហាញអារម្មណ៍ទុក្ខសោកក៏មាន។ សរុបមកការថតរូប គឺជាកំណត់ហេតុមួយសម្រាប់មនុស្សម្នាក់ៗទុកជាការចងចាំ ក៏ដូចជាចង់រំលឹកអតីតកាលរបស់ខ្លួនពេលកំពុងរស់នៅក្នុងបច្ចុប្បន្នភាព។

ការថតរូបនេះផងដែរ ត្រូវបានចាស់ៗបុរាណនៅក្នុងប្រទេសកម្ពុជាត្រណមថា មិនឲ្យថតគ្នា៣នាក់ឡើយ ព្រោះពួកគាត់មានជំនឿថា អាចនាំរឿងហេតុមិនល្អកើតឡើងដល់នរណាម្នាក់ក្នុងចំណោម មនុស្សទាំងបីក្នុងរូបថតនោះ ភាគច្រើនគឺអ្នកកណ្ដាល។
តាមជំនឿតៗគ្នា កាលណាថតរូបមានគ្នា ៣នាក់អាចមានគ្រោះរហូតដល់ថ្នាក់បាត់បង់អាយុជីវិតទៀតផង។ ៣ ជាចំនួនសេស ធ្វើអ្វីមួយចាស់មិនសូវប្រើចំនួន ៣ទេ សូម្បីតែថ្ងៃសិរីមង្គល ថ្ងៃបុណ្យ ឬធ្វើពិធីរំដោះគ្រោះ ក៏មិនយកថ្ងៃទី៣ដែរ ព្រោះអាចមានខ្មោចបិសាចតាមយីយា។ ហើយម្យ៉ាងវិញទៀត មនុស្ស៣នាក់ឈរថតទន្ទឹមគ្នា ហាក់បង្ហាញភាពសោកសៅ ស្រងេះស្រងោច បង្កប់អត្ថន័យមិនល្អ។

យោងតាមការស្រាវជ្រាវរបស់ក្រុមការងារ «កំណត់ហេតុចាស់» បានឲ្យឃើញថា ជំនឿខាងលើនេះ មិនមែនមានតែចាស់បុរាណនៅក្នុងប្រទេសយើងទេ ដែលជឿ ពោលគឺជំនឿនេះ គឺមានប្រភពនៅប្រទេសអាស៊ីនេះឯង ហើយវាក៏បានក្លាយជាជំនឿមួយល្បីដល់បណ្ដាប្រទេសនៅលោកខាងលិច។
គេក៏ជឿថា សន្លឹករូបថតដែលមានរូបមនុស្ស ៣នាក់ គឺជាសន្លឹករូបថតដែលជាប់បណ្ដាសារ ហើយអ្នកដែលឈរនៅកណ្ដាលគេ គឺនឹងស្លាប់។ ប្រទេសលោកខាងលិច ហៅជំនឿនេះថា «ជំនឿឆ្វេង» ។
កន្លងមកធ្លាប់មានសារព័ត៌មានក្នុងស្រុក បានចុះផ្សាយដោយធ្វើការសម្ភាសន៍ជាមួយចាស់ទុំ ទាក់ទងនឹងជំនឿ ហាមមិនឲ្យថតរូប ៣នាក់នេះ ហើយក្នុងនោះលោកយាយម្នាក់ឈ្មោះ ឆុន បានមានប្រសាសន៍ថា ការហាមថតរូបបីនាក់ គឺហាមតែមនុស្សដែលនៅលីវទេ គឺអ្នកមិនទាន់មានគូស្រករ ប្ដីប្រពន្ធប៉ុណ្ណោះ ប៉ុន្ដែបើអ្នកមានប្ដីមានប្រពន្ធរួចហើយ អាចថតរូបបីនាក់បាន គ្មានបញ្ហាអ្វីនោះទេ។

លោកយាយ ឆុន បានមានប្រសាសន៍បន្តទៀតថា ហេតុផលមួយទៀតគឺ ដោយសារតែចាស់ៗមានជំនឿថាខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកទាំង ៣នាក់នោះ ប៉ុន្តែអ្នកដែលគ្រោះថ្នាក់ជាងគេ គឺអ្នកឈរនៅកណ្ដាល ដែលអាចមានគ្រោះធំរហូតដល់បាត់បង់អាយុជីវិតទៀតផង។ បើមិនមានគ្រោះរហូតដល់ស្លាប់ទេ អ្នកនោះអាចស្រុតចុះរាសីចាប់ពី ៥ខែ រហូតដល់ ៨ខែ ចង់រកស៊ីអ្វីក៏មិនកាក់កបដែរ។

ទន្ទឹមគ្នានេះដែរ បើយោងតាមការសម្ដែងពីសំណាក់ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ទាក់ទងនឹងជំនឿខាងលើ បានឲ្យដឹងថា ជំនឿហាមមិនឲ្យថតរូប ៣នាក់ ព្រោះខ្លាចមានគ្រោះដល់ជីវិតនេះ គឺផ្ទុយស្រឡះពីការទូន្មានរបស់ព្រះពុទ្ធ។ ធម៌ព្រះពុទ្ធអប់រំឲ្យមនុស្សចេះគិត ចេះឈ្វេងយល់ ពិចារណា តើអ្វីពិត អ្វីមិនពិត ហើយកាលដែលឭគេនិយាយតគ្នា ទាំងមិនទាន់ដឹងថាវាជាការពិត ឬមិនពិតផង អាចធ្វើឲ្យយើងខ្លាចរអា។ ជាក់ស្ដែងដូចជាការថតរូប ៣នាក់នេះ បានធ្វើឲ្យអ្នកខ្លះខ្លាច មិនហ៊ានថត ព្រោះខ្លាចស្លាប់ ឬមានគ្រោះជាដើម ទាំងដែលយើងមិនទាន់ដឹងថា វាពិត ឬអត់ផង។
ជាចុងក្រោយ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស បានសម្ដែងបញ្ជាក់ទៀតថា គ្រាន់តែថតរូប ៣នាក់ វាមិននាំឲ្យមានទុក្ខទោស មិនមានបាប ឬគ្រោះអ្វីឡើយ ៕
ដោយ៖ KS


