មកស្គាល់អំពីរោងកុនដ៏មានប្រជាប្រិយភាពបំផុតនៅរាជធានីភ្នំពេញកាលពីអតីតកាល ដែលកម្រមានអ្នកបានដឹង
K
Kosal Por
27 ធ្នូ 2020 03:01 AM

បច្ចុប្បន្ននេះ រោងភាពយន្តទំនើបជាច្រើនបានកកើតបន្តៗជាច្រើនកន្លែង និងសាខាពាសពេញប្រទេសទាំងទីក្រុងភ្នំពេញ និងបណ្តាខេត្តល្បីៗ ដោយរោងភាពយន្តទំនើបដែលចាប់កើតឡើងដំបូងគេនៅប្រទេសកម្ពុជាគឺ រោងភាពយន្ត ​Legend Cinema ឆ្នាំ ​២០១១ ​បន្ទាប់មក ​Cineplex (សូរិយា តែបានបិទទ្វារ) Major Cineplex និង ​Prime Cineplex ។

ជាក់ស្តែងប្រសិនជាបកត្រលប់ទៅ ២០ ឬ ៣០ឆ្នាំមុន ​ពេលដែលមិនទាន់មានរោងភាពយន្តទំនើបៗ នៅប្រទេសកម្ពុជាក៏មានរោងភាពយន្តជាតិរបស់ខ្លួនឯងដែរ ​ដោយរោងភាពយន្តទាំងនោះ ​រោងភាពយន្តខ្លះមានការសម្តែងល្ខោន ​យីកេ ​និងការចាក់បញ្ចាំងខ្សែភាពយន្តរប់ខ្មែរសុទ្ធតែម្តង។

ទាក់ទងជាមួយគ្នានេះដែរ តើអ្នកដឹងទេថារោងភាពយន្តខ្មែរណាមួយពីអតីតកាលមានប្រជាប្រិយភាពជាងគេ​?

នាកំលុងឆ្នាំ​ ១៩៥០ នៅទូទាំងប្រទេស ក៏ដូចជារាជធានីភ្នំពេញមានរោងភាពយន្តចំនួន ៨ ហើយរហូតមកដល់កំលុងឆ្នាំ ១៩៦០ ដល់ ១៩៧៥​ មានសរុបរហូតដល់ជាង ៣០រោងឯណោះ ។

យោងតាមការស្រាវជ្រាវពីសំណាក់លោក ស្រ៊ិន សុខមាន ជាអ្នកនិពន្ធ និងជាស្ថាបនិកទំព័រហ្វេសប៊ុក Amazing Cambodia បានឲ្យដឹងថា​ នាអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ វិស័យរោងភាពយន្តរបស់ខ្មែរ​ មានការរីកចម្រើនខ្លាំង ព្រោះតែជំនាន់នោះ ទីផ្សារភាពយន្តសេរី ដូច្នេះ មានទាំងភាពយន្តខ្មែរ​​ និងបរទេស​ ជាច្រើនរឿងនៅកកកុញពេញរោងភាពយន្ត ហើយសម្រាប់រោងភាពយន្តទាំងនោះត្រូវបានគេសម្គាល់ផ្សេងៗគ្នា ឧទាហរណ៍ប្រសិនបើទស្សនិកជនចង់ទស្សនាភាពយន្តឥណ្ឌា​ គេនឹងនឹកឃើញដល់រោងភាពយន្តប្រជាប្រិយ បើចង់ទស្សនាភាពយន្តចិន នឹងនឹកឃើញដល់រោងភាពយន្តគិរីរម្យ​ ហើយបើភាពយន្តខ្មែរ ច្រើនតែមានបញ្ចាំងនៅរោងភាពយន្ត ភ្នំពេជ្រ និងហែមជាតិ ជាដើម ។

មកដល់ចំណុចនេះលោក ស្រិន សុខមាន បញ្ជាក់ថា បើសួរថា តើរោងភាពយន្តណាមួយក្នុងចំណោមរោងភាពយន្តទាំងនោះ ដែលមានប្រជាប្រិយភាពជាងគេ​ នោះគឺជារោងភាពយន្ត កាពីតូល ដែលរោងភាពយន្តនេះត្រូវបានជួសជុល និងកសាងឡើងវិញ បន្ទាប់ពីភ្លើងឆេះនៅឆ្នាំ​ ១៩៦៤​ ដោយសហជីវិន វណ្ណ មូលីវណ្ណ

រោងភាពយន្តកាពីតូល មានទីតាំងស្ថិតនៅកាច់ជ្រុងកែងវិថីឧកញ៉ា អ៊ុក លន់ (ផ្លូវលេខ ១៤៨)​ និងវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ ១៩) នៅចំហៀងខាងក្រោយសាលាបឋមសិក្សាព្រះនរោត្ដមសព្វថ្ងៃ ទល់មុខអតីតភោជនីយដ្ឋានថៃសាន។​ កាលពីដើមឡើយ រោងភាពយន្តនេះ គឺជាអតីតរោងល្ខោន និងបញ្ចាំងភាពយន្តចិន មានឈ្មោះថា ទ្រឿងកុក ឬខ្លះហៅថា ទ្រុងកុក តែពេលនោះវាមិនមែនជាអគារស្កឹមស្កៃ ដូចដែលបានឃើញនៅក្នុងទសវត្សរ៍ទី ៦០ឡើយ ពោលគឺវាគ្រាន់តែជាអគារតូចមួយប៉ុណ្ណោះ។

មុនឆ្នាំ ១៩៧៥ រោងភាពយន្ត កាពីតូល មានថៅកែឈ្មោះ តាន់​ ចាយ​ ជារោងភាពយន្តដ៏ល្បីល្បាញ បញ្ចាំងភាពយន្តបារាំង មិនចាញ់រោងភាពយន្តលុច្ស រោងភាពយន្តកាស៊ីណូ និងរោងភាពយន្ត ព្រហ្មបាយ័ន ដែលនៅជិតៗគ្នាប៉ុន្មានទេ។ ប៉ុន្តែជាមួយគ្នានេះ រោងភាពយន្ត កាពីតូល ក៏ធ្លាប់បញ្ចាំងភាពយន្តខ្មែរដ៏ល្បីល្បាញប្រចាំប្រវត្តិសាស្ត្រភាពយន្តខ្មែរផងដែរ ដែលលើកទីមួយគឺរឿង «ផ្ការីកផ្ការោយ» ក្នុងឆ្នាំ ១៩៦០ និងលើកទី២ គឺរឿង «វិលវិញណាបង» ក្នុងឆ្នាំ ១៩៦៦។ ក្នុងនោះក៏មានភាពយន្តខ្មែរល្បីៗផ្សេងទៀត ដូចជារឿង «កងកម្ម កងកែវ» រឿង «កុលាបប៉ៃលិន» រឿង «សមុទ្រទឹកភ្នែក»​​ «ខ្យងសង្ខ» ។ល។

នៅឆ្នាំ ១៩៧៥ វាសនារោងភាពយន្ត កាពីតូល​ ក៏មិនខុសពីរោងភាពយន្តឯទៀតដែរ គឺត្រូវបានបិទទ្វារទាំងស្រុង ក្រោមរបបខ្មែរក្រហម ដែលតម្រូវឲ្យប្រជាជនក្រុងជម្លៀសខ្លួនទៅរស់នៅតាមបណ្ដាខេត្ត ។

ក្រោយមកនៅក្នុងទសវត្សរ៍ទី ៨០​ រោងភាពយន្ត កាពីតូល ជារោងកុនមួយក្នុងចំណោមរោងកុនចំនួន ១៩ ដែលបានបើកទ្វារ និងបញ្ចាំងភាពយន្តជាលើកដំបូងក្នុងរាជធានីភ្នំពេញ ប៉ុន្តែពេលដែលបើកទ្វារនោះ គេបានប្ដូរពីឈ្មោះរោងភាពយន្តកាពីតូល មកជារោងភាពយន្ត សន្តិភាព​ វិញ ។

ក្រោយមក រោងភាពយន្តសន្តិភាព ដែលជាអតីតរោងភាពយន្ត កាពីតូល បានជួសជុលកែលម្អថ្មី ហើយបើគិតមកដល់ឆ្នាំ ១៩៩០ រោងភាពយន្តនេះ មានបំពាក់កៅអីចំនួន ៩៣៧ ម៉ាស៊ីនត្រជាក់ចំនួន ៤ គ្រឿង និងម៉ាស៊ីនបញ្ចាំង​ ៣០២ អ៊ីង ។

មិនយូរប៉ុន្មាន នៅអំឡុងទសវត្សរ៍ទី៩០​ នោះ រោងភាពយន្ត សន្តិភាព បានបិទទ្វារទាំងស្រុង អាចមកពីមូលហេតុ កាលនោះភាពយន្តបរទេសហូរចូលស្រុកច្រើនពេក ដែលស្របពេលជាមួយវត្តមានទូរទស្សន៍ ក៏មានច្រើនដែរ ដូច្នេះហើយទើបធ្វើឲ្យមានការប៉ះពាល់ដល់វិស័យរោងភាពយន្ត ។ ហើយក្រោយមកវាក៏បានក្លាយជាទីស្នាក់ការ សម្រាប់សមត្ថកិច្ច ប៉េអឹម ខណ្ឌដូនពេញមួយរយៈ ។

បន្ទាប់មកទៀតនៅមុនឆ្នាំ ២០១០ វាបានកែលម្អទៅជាកាស៊ីណូ ហ្គ្រេន នីបធូន វីអាយភីក្លឹប ឯជាន់ក្រោមក្លាយជាភោជនីយដ្ឋានសិលាពេជ្រ​។ ហើយក្រោយមកទៀត អំឡុងឆ្នាំ ២០១០ វាបានក្លាយជាភោជនីយដ្ឋានដែលអង្គរ រីឯជាន់លើត្រូវបានប្រើប្រាស់ជាកន្លែងលេងស្នូកឃ័រ។ ចុងក្រោយបំផុតប្រហែលកំលុងឆ្នាំ ២០១៤ វាបានប្ដូរឈ្មោះទៅជាភោជនីយដ្ឋានម៉េង ឃី មុននឹងវាយកម្ទេចចោលទាំងស្រុងនៅឆ្នាំ ២០១៧ ។

សូមបញ្ជាក់ថា ខាងលើនេះ គឺផ្អែកតាមការស្រាវជ្រាវ ជាក់ស្ដែង របស់លោក ស្រ៊ិន សុខមាន ជាស្ថាបនិកទំព័រហ្វេសប៊ុក Amazing Cambodia និងជាអ្នកស្រាវជ្រាវវប្បធម៌​ អរិយធម៌ខ្មែរ ដ៏ជំនាញម្នាក់ផងដែរ។ បើចង់ជ្រាបច្បាស់អំពីប្រវត្តិរោងភាពយន្តនានា ក៏ដូចជាភាពយន្តខ្មែរកាលពីអតីតកាល សូមរកមើលសៀវភៅមួយក្បាល ឈ្មោះថា «ទីនេះរោងកុន» ដែលលោក ស្រ៊ិន សុខមាន គឺជាអ្នករៀបរាងផ្ទាល់ ហើយសៀវភៅនេះក៏កំពុងតែចរាចរនៅលើទីផ្សារ ផងដែរ៕

ដោយ ៖ KS

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត