“បិសាច គឺចិត្ត”៖ ភាពយន្តភាគបែបភ័យរន្ធត់រឿង Sweet Home អាចចាត់ទុកជារឿងភាគល្អបំផុតមួយប្រចាំឆ្នាំ២០២០
R
Reaksmey Seng
24 ធ្នូ 2020 04:19 AM
ប្រភព៖ kdramadiary
ប្រភព៖ kdramadiary

កូរ៉េខាងត្បូង ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលអាចផលិតរឿងបែបរន្ធត់ (Thriller, Horror) បានយ៉ាងល្អគួរឱ្យស្ញប់ស្ញែងមិនថាជាប្រភេទរឿងឃាតកម្ម អាថ៌កំបាំង នយោបាយ វាយប្រហារ ស៊ើបអង្កេត ឬក៏រឿងប្រភេទបិសាចដូចជារឿង Sweet Home នេះជាដើម គឺស្ទើតែមិនដែលធ្វើឱ្យទស្សនិកជនខកចិត្តម្តងណាសោះ ។ Thriller គឺជាប្រភេទរឿង (Genre) ដ៏ពេញនិយមជាងគេរបស់កូរ៉េខាងត្បូង ។

តួយ៉ាង ប្រភេទរឿងបែបបិសាច ឬសត្វចម្លែកដូចជា Zombie, Creature, Monster សម្រាប់រឿង Sweet Home មិនមែនជារឿងទី១នោះទេ ក៏ធ្លាប់មានរឿងប្រភេទនេះដែលទទួលបានភាពល្បីល្បាញផងដែរ ដូចជារឿង Dawn of the Dead (២០០៤) Train to Busan (២០១៦) Kingdom (២០១៩) ជាដើមសុទ្ធតែជារឿងលំដាប់កំពូល ។ ទោះជាយ៉ាងណា ទោះបីជាប្រភេទរឿងប្រភេទបិសាចដូចគ្នាក៏ដោយ តែផ្នត់គំនិតនៃរឿង Sweet Home គឺមានភាពខុសប្លែកថ្មីពីរឿងពីមុនៗព្រោះវាបានបង្ហាញយ៉ាងស៊ីជម្រៅទៅក្នុងចិត្តសាស្ត្រមនុស្សជាតិ (Human Metamorphosis) សេចក្តីអស់សង្ឃឹមចំពោះគ្រោះថ្នាក់ដែលមិនអាចគេចវេសបាន (The Inescapable Curse) និងភាពលោភលន់ដ៏អមនុស្សធម៌ ដែលអាចនិយាយថាបាន “បិសាច គឺចិត្ត” ។ នៅក្នុងរឿងនេះ ក្នុងកាលៈទេសៈនោះផងដែរ ក៏មានខ្លឹមសារខ្លីមួយបានពោលថា៖ ស្លាប់ជាមនុស្ស ឬរស់ជាបិសាច? 

ខាងក្រោមនេះជាចំណុចសំខាន់ចំនួន៣ ដែលនាំឱ្យរឿង Sweet Home មិនមែនគ្រាន់តែជារឿងសម្រាប់ការកម្សាន្តបែបភ័យរន្ធត់រំជើបរំជួល តែក៏មានតម្លៃគួរពិចារណាផងដែរ៖

១. មនុស្សធម៌ និងការលះបង់

ជំនួសឱ្យតួអង្គមនុស្សដែលប្រែក្លាយជាបិសាចសាហាវ ដើរសម្លាប់មនុស្សបន្តបន្ទាប់  Sweet Home បានប្រាកដចិត្តច្បាស់លាស់ថា ភាពឃោឃៅ អមនុស្សធម៌ គឺកើតឡើងចេញពីចិត្ត មិនថាបុគ្គលនោះគឺជាមនុស្ស ឬក៏ជាបិសាចក៏ដោយ ។ ឧទាហរណ៍ជាក់ស្តែង តួអង្គឯក  Cha Hyun-Soo សម្តែងដោយ Song Kang  ក៏ត្រូវបានបិសាចខាំ ហើយប្រែក្លាយជាបិសាចដូចគ្នាដែរ ។ ក៏ប៉ុន្តែក្នុងរយៈពេល ១៥ថ្ងៃ (Guarantee) Hyun-Soo បានព្យាយាមជំនៈសណ្តានឃោឃៅនៅក្នុងខ្លួន និងតស៊ូប្រយុទ្ធជាមួយនឹងបិសាចក្រៅខ្លួនផង និងក្នុងខ្លួនផងដើម្បីការពារប្រជាជនរងគ្រោះដែលកំពុងត្រូវបានជាប់គាំងនៅក្នុងអគារផ្ទះបៃតង (Green Home) ទាំងអស់ ។ តួអង្គ Hyun-Soo នេះផងដែរគឺដំបូងឡើងជាមនុស្សទន់ខ្សោយដែលអស់សង្ឃឹមក្នុងជីវិត ក្រោយពីឪពុកម្តាយ និងប្អូនស្រីបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ហើយ Hyun-Soo ធ្លាប់មានគំនិតប៉ងធ្វើអត្តឃាតថែមទៀតផង ។

ក្រៅពីតួអង្គ Hyun-Soo ក៏នៅមានតួអង្គ Lim Myung-sook (Lee Bong-ryun) ជាស្ត្រីមានមានវិបត្តិផ្លូវចិត្តដោយសារបាត់បង់កូនស្រី ក៏បានក្លាយខ្លួនជាបិសាច តែបានជំនៈដោយយកជីវិតខ្លួនឯងតតាំងនឹងបិសាចសាហាវដើម្បីសង្គ្រោះបងប្អូនប្រុសស្រីតូចៗពីរនាក់ រហូតទាល់តែមានសុវត្ថិភាព។ ចំណែកតួអង្គដ៏មានទំនួលខុសត្រូវខ្ពស់ជួយសង្គ្រោះគ្រប់គ្នាតាំងពីដើមមក Jung Jae-heon (Kim Nam-hee  ) ក្នុងនាមជាមនុស្ស បានលះបង់ជីវិតស្លាប់ក្នុងជណ្តើរយន្តជាមួយបិសាច ដើម្បីសង្គ្រោះមនុស្សឯទៀត ។

ប្រភព៖ Facebook
ប្រភព៖ Facebook

២. អមនុស្សធម៌ អាត្មានិយម

ស្ថិតក្នុងស្ថានភាពភ័យតក់ស្លុត អស់សង្ឃឹម និងអត់ឃ្លាន (desperation and dystopic times) ជាមួយនឹងសេចក្តីស្លាប់នៅចំពោះមុខ តួអង្គ  Kim Suk-hyun (Woo Hyun) ដែលជាម្ចាស់ហាងលក់ទំនិញក្នុងអគារផ្ទះបៃតង បែរជាបិទទ្វារចាក់សោរហាង មិនអនុញ្ញាតឱ្យនរណាម្នាក់យករបស់ចេញពីហាងគាត់បានឡើយ ។ ភាពអមនុស្សធម៌របស់គាត់នៅក្នុងរឿងនោះបានធ្វើឱ្យមនុស្សជាច្រើនរងការឈឺចាប់ ជាពិសេសគឺប្រពន្ធរបស់គាត់ ហើយគាត់ថែមទាំងហ៊ានលើកដៃសម្លាប់មនុស្សថែមទៀតផង ព្រោះតែសង្ស័យថាគេក្លាយជាបិសាច។

ចំណែកតួអង្គ Kim Ji-eun (Jeong Ha-dam) ជានារីស្លូតបូតម្នាក់ តែបែរជាត្រូវបានសម្លាប់ដោយសារមនុស្សលោកទៅវិញ នៅក្នុងស្ថានភាពដែលមិនគួរកើតឡើងទាល់តែសោះ តែវាជាឈុតមួយដែលបង្ហាញពីសណ្តានដ៏ឃោឃៅរបស់មនុស្សយ៉ាងស៊ីជម្រៅ ។

៣. ភាពជាអ្នកដឹកនាំ

ទោះបីជាស្ថិតក្នុងស្ថាកភាពស្លាប់រស់ គ្រោះថ្នាក់ និងមិនច្បាស់លាស់យ៉ាងណាក៏ដោយ ភាពនឹងធឹងជាគោលជំហ៊រជាមួយនឹងភាពវៃឆ្លាត រួមផ្សំនឹងដំណើរការនៃការសម្រេចចិត្តសមហេតុផល តួអង្គ Lee Eun Hyuk (Lee Do-hyun) ក្លាយជាមេដឹកនាំ de-facto ក្នុងចំណោមប្រជាជននៃផ្ទះបៃតង។ ភាពជាអ្នកដឹកនាំរបស់គាត់ត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ គាត់គាំទ្រអ្វីៗដែលល្អសម្រាប់មនុស្សភាគច្រើន។ ការសម្រេចចិត្តរបស់គាត់ គឺមិនធ្វើឡើងដើម្បីតែផ្គាប់ចិត្តបុគ្គលណាម្នាក់ឡើយ តែដើម្បីការពារគ្រប់គ្នា និងរក្សាផលប្រយោជន៍រួម ។

ក្រោមផែនការយុទ្ធសាស្ត្ររបស់គាត់ រាល់ការផ្គត់ផ្គង់ជាមូលដ្ឋានត្រូវបានចែករំលែក ។ អាហារ និងទឹកត្រូវបានបែងចែកស្មើៗគ្នាដល់មនុស្សគ្រប់គ្នា ។ សូម្បីតែអ្នកឆ្លងជម្ងឺនឹងក្លាយជាបិសាច (infectees)   ហើយក៏ដោយក៏មិនត្រូវបានបោះបង់ចោលដែរ ដរាបណាពួកគេមិនធ្វើបាបមនុស្សជាតិ ។ លើសពីនេះ គាត់ថែមទាំងបានបង្កើតប្រព័ន្ធចត្តាឡីស័ក ដើម្បីដាក់អ្នកដែលបានឆ្លងជម្ងឺឱ្យនៅដាច់ដោយឡែកពីមនុស្សធម្មតា ។  ក្រៅពី Eun Hyuk ក៏នៅមានតួអង្គ Pyeon Sang-wook (Lee Jin-wook) ជាតួអង្គដ៏អាថ៌កំបាំង ប្រើគ្រប់វិធីដើម្បីជួយសង្គ្រោះមនុស្ស ដោយមិនគិតថាអ្នកដទៃនឹងយល់យ៉ាងណាចំពោះខ្លួន និងជួយមនុស្សគ្រប់គ្នាដោយមិនគិតពីអាយុជីវិតផ្ទាល់ខ្លួនទាល់តែសោះ ។

ប្រភព៖ thekrazemagazine
ប្រភព៖ thekrazemagazine

Sweet Home មិនមែនគ្រាន់តែជារឿងបិសាចធម្មតាមួយ តែមូលហេតុនៅពីក្រោយវិនាសកម្មមួយនេះកើតចេញមកពីការពិសោធន៍លើមនុស្សដែលធ្វើឡើងដោយក្រុមរដ្ឋាភិបាល និងមានជាប់ពាក់ព័ន្ធនឹងសមគំនិតពុករលួយ (Corruption conspiracy) ផងដែរ ដែលមានតួអង្គវីរនារីអ្នកពន្លត់អគ្គីភ័យ Seo Yi-kyeong (Lee Si-young) ជាអ្នកស្វែងរកការពិតផង និងជាអ្នកសង្គ្រោះមនុស្សលោកផង ។ Sweet Home ក៏ជារឿងភាគមួយក្នុងចំណោមរឿងភាគកូរ៉េដែលបានចំណាយដើមទុនអស់ច្រើនបំផុតគឺចំនួន ២៧ លានដុល្លារ ។

បើសួរថាតើអ្នកណាជាតួអង្គចិត្តអាក្រក់ក្នុងរឿងនេះ អ្នកដែលបានទស្សនារួចហើយ អាចនឹងពិបាកក្នុងការឆ្លើយថា តើជាមនុស្ស ឬក៏បិសាច? និងបើសួរថា តើអ្នកណាខ្លះជាតួអង្គចិត្តល្អក្នុងរឿងនេះ គឺពិតជាធ្វើឱ្យអ្នកជឿជាក់ក្នុងការឆ្លើយថា មនុស្សធម៌នៅតែមានទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ៕

ប្រភព៖ hellokpop
ប្រភព៖ hellokpop

ដោយ៖ Resin

ឯកសារយោង៖ hellokpop

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត