ជឿទេថា! ព្រះសក្យមុនីចេតិយ នៅមុខស្ថានីយ៍រាជាយស្ម័យយាន សាងសង់អស់ ២០ ម៉ឺនរៀល?
ភូមិន្ទ
23 ធ្នូ 2020 03:32 AM


ព្រះសក្យមុនីចេតិយ នៅរាជធានីភ្នំពេញ មុខស្ថានីយ៍រាជាយស្ម័យយាន គឺអតីតទីតម្កល់នូវ ព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ គឺព្រះអដ្ឋិធាតុនៃព្រះសារីបុត្ត និងព្រះមោគល្លាន មុនពេលដែលព្រះបរមសារីរិកធាតុផ្លាស់ប្ដូរមកគង់ប្រថាប់នៅលើកំពូលភ្នំព្រះរាជទ្រព្យ។ ព្រះសក្យមុនីចេតិយ ដែលមានក្បូរក្បាច់រចនាល្អវិចិត្រនេះ ល្បីតគ្នាថាសាងអស់ប្រាក់ ២០ ម៉ឺនរៀល។ ដូច្នេះចង់ដឹងថាប្រវត្តិលម្អិតនៃការសាងសង់ព្រះសក្យមុនីចេតីយនេះមានរឿងរ៉ាវបែបណានោះ សូមមិត្តអ្នកអានទទួលជ្រាបតាមអត្ថបទខាងក្រោម។

យោងតាមការស្រាវជ្រាវចងក្រងដោយ ជា គាន និង​ អ៊ុង សូ ស្ដីពីប្រវត្តិព្រះសក្យមុនីចេតីយបានឱ្យដឹងថា៖ នៅថ្ងៃ២រោច ខែ អស្សុជ ឆ្នាំ រោង ចត្វាស័ក ព.ស. ២៤៩៥ ត្រូវនឹងថ្ងៃអាទិត្យទី០៥ ខែ តុលា ឆ្នាំ១៩៥២ ព្រះរាជាណាចក្រកម្ពុជា បានទទួលព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ គឺព្រះអដ្ឋិធាតុណៃព្រះសារីបុត្ត និងព្រះមោគល្លាន ព្រមជាមួយកូនមហាពោធិព្រឹក្សពីរដើម ដែលនាំមកពី ប្រទេសឥណ្ឌា។ ពិធីទទួលព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ នៅព្រលានយន្តហោះពោធិចិនតុង ត្រូវបានប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្ដេចព្រះនរោត្តម សីហនុ ជាទីសក្ការៈ។


ព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ ត្រូវបានដង្ហែមកតម្កល់ទុកនៅក្នុងព្រះវិហារព្រះកែវមរកត នៅវេលាម៉ោង ១០ យប់ ។ ថ្ងៃទី០៦ ខែ តុលា ឆ្នាំ ១៩៥២ សម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ និមន្តព្រះបរមសារីរិកធាតុនិងព្រះអរហន្តធាតុ ចេញពីព្រះវិហារព្រះកែវមរកត ដង្ហែព័ទ្ធជុំវិញរាជធានីភ្នំពេញដល់មុខរាជាយស្ម័យយាន ក៏ដង្ហែព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុតម្កល់ លើអាសនៈដ៏ប្រសើរមួយ នាកណ្ដាលវេទិកាដ៏ល្អប្រណិត ប្រារព្ធពិធីថ្លែងសុន្ទរកថាទៅវិញទៅមក។ ក្រោយចប់ពិធី ក៏ដង្ហែព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុទៅគង់នៅព្រះវិហារព្រះកែវមរកតវិញ ។
ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃ ១០ ខែតុលា ឆ្នាំ ១៩៥២ បើកឱកាសប្រគេនព្រះសង្ឃ ជូនមន្ត្រីរាជការ ពុទ្ធបរិស័ទក្នុងទូទាំងប្រទេសធ្វើការគោរពបូជា តាមសទ្ធាជ្រះថ្លា ។
នៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ១៩៥២ មានប្រារព្ធពិធីជូនដំណើរដង្ហែព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ ត្រឡប់ទៅឥណ្ឌាវិញ ដោយមានក្បួនដង្ហែដ៏មហោឡារិកដូចពេលទទួលដែរ ។ បច្ច័យដែលកើតឡើងពីការបូជាក្នុងពិធីបុណ្យ ៧ យប់៧ថ្ងៃនេះ បានចំនួន ១.៦៦៧,៣០៩ ៛។ បច្ច័យទាំងនេះ គណៈកម្មការរៀបចំពិធីបុណ្យ បានបែងចែកជាពីរផ្នែកសំខាន់គឺ ចំនួន៩០ ម៉ឺនរៀល សម្រាប់យកទៅកសាងមន្ទីរពេទ្យសម្រាប់ព្រះសង្ឃ ដែលក្រោយមកមានឈ្មោះថា មន្ទីរពេទ្យព្រះកុសុមៈ។ បច្ច័យចំនួន ២០ ម៉ឺនរឿល សម្រាប់យកទៅចាត់ការស្ថាបនាព្រះមហាចេតិយ នៅមុខស្ថានីយ៍រាជាស្ម័យយានក្រុងភ្នំពេញ សម្រាប់តម្កល់ព្រះបរមសារីរិកធាតុ ព្រោះហេតុនោះហើយបានជា ព្រះមហាចេតិយនេះ មានឈ្មោះថា (ព្រះសក្យមុនីចេតិយ)។

គួរបញ្ជាក់ឱ្យដឹងថា ពិធីសម្ពោធ និងដង្ហែព្រះបរមសារីរិកធាតុ ពីព្រះសក្យមុនីចេតិយចាស់ នៅរាជធានីភ្នំពេញមកគង់ប្រថាប់នៅព្រះសក្យមុនីចេតិយថ្មី ភ្នំព្រះរាជទ្រព្យ ឧដុង្គ ស្រុកពញាឮខេត្តកណ្ដាល គឺប្រព្រឹត្តទៅកាលពីថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែ មិគសិរ ព.ស. ២៥៤៦ ត្រូវនឹងថ្ងៃទី ១៩ ធ្នូ ឆ្នាំ ២០០២៕ ដោយ៖ ភូមិន្ទ 

ឯកសារយោង កម្ពុជសុរិយា អត្ថបទក្បាលទី ៤ ឆ្នាំទី ៥៦ ខ្សែទី ៤ ខែតុលា-វិច្ឆិកា-ធ្នូ- ព.ស ២៥៤៦ គ.ស ២០០២ ស្រាវជ្រាវដកស្រង់ដោយ អឿន អេន ប្រធានគ្រប់គ្រងកម្មវិធីអង្គការអភិវឌ្ឍន៍សង្គមបែបពុទ្ធសាសនា។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត