
រាជធានីបាងកក៖ តារាសម្ដែងស្ត្រី និងជាអ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គម អ្នកនាង ឆាតឆៈយ៉ា នីន សាំរើនរ៉ាត (ชัชญา “นีน” สำเริงราษฎร์) កាលពីថ្ងៃទី១៣ ខែសីហា បានដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រីប៉ូលិសម្នាក់ ជុំវិញការតាមដាន និងរំខាននាង ជាមួយនឹងការចោទប្រកាន់លើបុរសនោះ ពីបទបៀតបៀនផ្លូវភេទ និងចូលទៅក្នុងទីតាំងឯកជនភាពរបស់នាង ដោយគ្មានការអនុញ្ញាតអស់រយៈពេល៥ឆ្នាំមកហើយ។ នេះបើតាមសារព័ត៌មានថៃខាវសដ...។

តារាសម្ដែងស្រីរូបនេះ បានអមដំណើរដោយលោកស្រី សិរិខ្វាន់ នីឡៈកន (ศิริขวัญ นิลกรรณ์) មេធាវីមកពីអង្គការធម្មសាស្ត្រសម្រាប់គ្រឹះស្ថានអំពើល្អ។ មេធាវី និងកូនក្ដីបានជួបលោក វិរោជន៍ សុជាតិ (วิโรจน์ สุชาติ) មន្ត្រីប៉ូលិសស៊ើបអង្កេតនៅស្ថានីយតម្រួតបឹងកុម (บึงกุ่ม) ដើម្បីសុំស្វែងរកចំណាត់ការតាមផ្លូវច្បាប់ ប្រឆាំងនឹងអតីតមន្ត្រីប៉ូលិសម្នាក់ មានឈ្មោះហៅក្រៅ ជ័យវាល(ชัชวาล) ដែលបានបំពានឯកជនភាពរបស់នាង និងប៉ុនប៉ងធ្វើសកម្មភាពករណីប្រទូស្ដកេរ្ដិ៍។

តារាសម្ដែងស្រីរូបនេះ អះអាងថា ការប្រទូស្ដកេរ្ដិ៍ខ្មាស បានបន្ដចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន នៅក្នុងផ្ទះរបស់នាងនៅស្រុកបឹងកុម(บึงกุ่ม)។ រីឯអតីតមន្រ្ដីប៉ូលិសរូបនេះ បានទាក់ទងនាងពីដំបូងឡើយតាមរយៈបណ្ដាញសង្គម ដោយអះអាង ថា ជាហ្វែន (Fan) ប៉ុន្តែសាររបស់បុរសនោះ បានប្រែទៅជាមានលក្ខណៈពាក់ព័ន្ធនឹងផ្លូវភេទជាបន្តបន្ទាប់។ លុះក្រោយមក គេបានចាប់ផ្តើមមកលេងផ្ទះរបស់នាង ហើយត្រូវបានគេចោទប្រកាន់ថា បានបើកទ្វារចូលដោយគ្មានការអនុញ្ញាត។ ជាញឹកញាប់ បុរសម្នាក់នោះតែងតែរកជួបសមាជិកគ្រួសាររបស់នាង រួមទាំងឪពុក និងបងប្អូនប្រុសរបស់នាង ហើយបានសួររកនាង ទោះជាពួកគេទាំងពីរមិនធ្លាប់ជួបគ្នា ជាលក្ខណៈឯកជនយ៉ាងណាក៏ដោយ។

តារាសម្ដែងស្ត្រី និងជាអ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គមថៃ អ្នកនាង នីន បានចោទប្រកាន់បុរសនោះថា បានតាមនាងរហូតដល់ហាង ដែលនាងបើកធ្វើជាអាជីវកម្មផ្ទាល់ខ្លួន។ ហេតុការណ៍ដែលតែងតែកើតឡើងម្ដងហើយម្ដងទៀតនេះ បានធ្វើឱ្យនាងភ័យខ្លាច និងមិនអាចរស់នៅប្រកបដោយភាពប្រក្រតីបានឡើយ។ ប៉ុន្ដែក្រោយមក នាងបានទាក់ទងប៉ូលិស និងធ្វើកំណត់ហេតុ អំពីហេតុការណ៍ទាំងនោះចំនួន៣លើករួចមកហើយ។ លុះមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នាងបានដាក់ពាក្យបណ្តឹង ពីបទចូលក្នុងទីតាំងឯកជនភាព ដោយគ្មានការអនុញ្ញាត។ ប៉ុន្ដែនៅថ្ងៃទី១១ ខែសីហាកន្លងទៅថ្មីៗ បុរសនោះ ត្រូវបានចោទប្រកាន់ថា បានចូលទៅក្នុងផ្ទះរបស់នាង នៅពេលយប់ ហើយសកម្មភាពនេះ បានថតជាប់យ៉ាងច្បាស់ដោយកាមេរ៉ាសុវត្ថិភាព (CCTV)។

អ្នកនាង នីន បានបញ្ជាក់ថា៖«នៅពេលនេះ ខ្ញុំចង់ស្វែងរកករណីនេះតាមផ្លូវច្បាប់ឱ្យបានពេញលេញ»។ នាងបន្ថែមថា ពីមុននាងធ្លាប់ផ្តល់រូបថតរបស់បុរសនោះ ទៅឱ្យសន្ដិសុខនៅឯលំនៅឋានរបស់នាង និងបានណែនាំពួកគេ មិនអនុញ្ញាតឱ្យបុរសនោះ ចូលមកក្នុងបរិវេណផ្ទះរបស់នាងឡើយ។ ទោះជាយ៉ាងណា អតីតមន្ត្រីនគរបាលរូបនោះតែងបន្លំខ្លួន គេចពីការត្រួតពិនិត្យរបស់សន្តិសុខ ដូចជា ការក្លែងខ្លួនធ្វើជាអ្នកដឹកជញ្ជូនទំនិញ ការជួលយានយន្តតាមរយៈកម្មវិធីហៅរថយន្ត ឬការបើកបររថយន្តផ្ទាល់ខ្លួន ដោយអះអាងថា គាត់មិនបានមកលេងផ្ទះរបស់នាងឡើយ។ លោក វិរោជន៍ មន្រ្ដីប៉ូលិសស៊ើបអង្កេត បញ្ជាក់ថា ប៉ូលិសបានទទួលពាក្យបណ្ដឹង ហើយនឹងប្រមូលភស្ដុតាង នៅមុនពេលបញ្ជូនសំណុំរឿងនេះទៅកាន់ថ្នាក់លើ ដើម្បីបន្ដនីតិវិធីច្បាប់៕


