ល្បីថាតា ដាប ឈួន មានអំណាចបារមីខ្លាំងពូកែ តែនៅចាញ់ប្រពន្ធគាត់ឆ្ងាយណាស់
K
Kosal Por
23 ធ្នូ 2020 04:54 AM

លោក ដាប ឈួន គឺជាមេខ្មែរឥស្សរៈដ៏ល្បីឈ្មោះប្រចាំតំបន់សៀមរាប បន្ទាប់ពី លោកបានចូលរួមបង្កើតចលនាតស៊ូប្រឆាំងជាមួយបារាំង ហៅថាខ្មែរឥស្សរៈ នៅតាមតំបន់ភាគខាងជើងនៃព្រំដែនខ្មែរ-សៀម ក្រោមការជួយគាំទ្រពីសំណាក់សៀម នៅដើមទសវត្សឆ្នាំ១៩៤០ ។

នៅខែតុលា ឆ្នាំ១៩៤៩ លោក ដាប ឈួន បានសុំចុះចូលជាមួយសម្តេចព្រះ នរោត្តម សីហនុ ជាផ្លូវការ។ នៅពេលនោះលោក ដាប ឈួន ត្រូវបាន សម្តេចព្រះ នរោត្តម សីហនុ តែងតាំងឲ្យធ្វើជានាយទាហាន មានឋានន្តរសក្តិជាវរៈសេនីយ៍ត្រី ហើយគ្រប់គ្រងទ័ពពិសេសនៅតំបន់សៀមរាបតែម្តង។ ដោយសារមានស្នាដៃល្អ លោក ដាប ឈួន ត្រូវបានសម្តេចព្រះ នរោត្តម សីហនុ តម្លើងឋានន្តរសក្តិឲ្យជាបន្តបន្ទាប់។

ដាប ឈួន
ដាប ឈួន

យោងតាមឯកសារជាច្រើបានបង្ហាញថា លោក ដាប ឈួន កាលបើបានកាន់តំណែងធំ នៅតំបន់នោះហើយ លោកតែងតែប្រេព្រឹត្តសកម្មភាពព្រៃផ្សៃដូចជាចាប់រំលោភកូនក្រមុំគេ និងយកកូនក្រមុំគេធ្វើជាប្រពន្ធ ជាដើម ដូច្នេះហើយទើបអំណាចរបស់ លោក ដាប ឈួន ត្រូវបានគេប្រៀបប្រដូចទៅនឹងស្តេចត្រាញ់យ៉ាងដូច្នោះដែរ។

គេដឹងថា លោក ដាប ឈួន មានបារមីខ្លាំងពូកែ ចេះមន្តអាគមកាប់មិនមុតដុតមិនឆេះ ហើយអំណាចបារមីនេះបានមកពីព្រះអង្គចេក ព្រះអង្គចម ដែលលោកតែងតែមានជំនឿយ៉ាងងប់ងុលនោះឯង។

ក្នុងអំឡុងពេល ដែលតំបន់អង្គរត្រូវបានគេបោះបង់ចោល រូបសំណាកព្រះអង្គចេក ព្រះអង្គចម ក៏បានបាត់មួយរយៈ តែរូបសំណាកទាំងពីរនេះ ត្រូវបានរកឃើញឡើងវិញក្នុងឆ្នាំ១៩៥០ នៅក្នុងព្រៃម្ដុំក្រុងអង្គរធំ ដោយក្រុមមន្ត្រីអភិរក្សអង្គរ ខេត្តសៀមរាប ដែលគេជឿថា រូបព្រះអង្គចេក ព្រះអង្គចម កាលពីដើមត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្ត។

បន្ទាប់ពីបានដឹងថា រូបព្រះអង្គចេក ព្រះអង្គចម ត្រូវបានយកមកតម្កល់ទុកនៅអភិរក្សដ្ឋានអង្គរមក លោក ដាប ឈួន រួមជាមួយនឹងទាហានរបស់គាត់មួយចំនួនបានវាយឆ្មក់ ចូលលួចយករូបសំណាកទាំងពីរនេះ មកតម្កល់ទុកនៅក្នុងទីចាត់ការរបស់គាត់នៅចិនក្រហម​ ដែលបច្ចុប្បន្ន ជាសណ្ឋាគារអង្គរសិនជូរី។ ថ្ងៃមួយគាត់បានយករូបសំណាកទាំងពីរដាក់ក្នុងរថយន្តរបស់គាត់មក តម្កល់ទុកក្នុងផ្ទះ ហើយរូបសំណាកនោះ ទាល់តែកម្លាំងទាហាន៥នាក់ ទើបអាចលើករូបមួយរួច។ ក្រោយមករូបទាំងពីរនេះបានធ្វើឲ្យ លោក ដាប ឈួន មានកម្លាំងលើសអស់មនុស្សលោកធម្មតា ដោយគាត់អាចលីដាក់លើស្មានូវរូបទាំងពីរនោះ ដែលមានទម្ងន់សរុប ១៥០ គីឡូក្រាម បានយ៉ាងងាយ។ គាត់ និងទាហានរបស់គាត់ ពិតជាមានជំនឿយ៉ាងខ្លាំងចំពោះរូបព្រះអង្គចេក ព្រះអង្គចម ដោយពួកគេតែងតែចំណាយពេលយ៉ាងហោចក៏កន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើការគោរព និងបួងសួងឲ្យថែរក្សាពួកគេ។

ព្រះអង្គចេក ព្រះអង្គចម
ព្រះអង្គចេក ព្រះអង្គចម

ទាក់ទងជាមួយគ្នានេះដែរ មានរឿងតំណាលតគ្នាថា ព្រះអង្គចេក ព្រះអង្គចម បានពន្យល់សប្ដិបំភ្លឺឲ្យ លោក ដាប ឈួន ដឹងអំពីគម្រោងការសម្លាប់របស់ សម្ដេច នរោត្ដម សីហនុ ដែលបានចោទប្រកាន់ថា គាត់មានគម្រោងការក្បត់ និងប៉ុនប៉ងលួចធ្វើគុតព្រះអង្គ។ គ្រាន់តែដឹងអំពីផែនការរបស់ព្រះអង្គតាមរយៈបារមីរបស់រូបទាំងពីរអង្គភ្លាម លោក ដាប ឈួន បានរៀបចំរត់ភៀសខ្លួនទៅព្រំដែនថៃ ដោយនាំយករូបសំណាកទាំងពីរនោះ ទៅជាមួយ ប៉ុន្តែជាសំណាងមិនល្អ គាត់មិនអាចលើកលីរូបទាំងនោះ បានដូចមុនៗឡើយ ដោយទម្ងន់របស់រូបសំណាកព្រះអង្គចេក ព្រះអង្គចម កាន់តែធ្ងន់ឡើងៗ មួយរំពេច ដែលមិនអាចឲ្យគាត់នាំយកតាមខ្លួនផងទេ ដែលទីបំផុត ដាប ឈួន សម្រេចចិត្តកាត់ផ្ដាច់កដៃខាងស្ដាំរបស់ព្រះអង្គចេក ហើយនាំយកតាមខ្លួនរួចគេចមកព្រំដែន។

លោក ប៉ាន់ សឿន អ្នកមើលការខុសត្រូវ និងអាចារ្យនៅដំណាក់ព្រះអង្គចេកព្រះអង្គចម បានមានប្រសាសន៍ថា “ដាប ឈួន គាត់ជឿណាស់ ព្រោះតែព្រះអង្គជួយលោកឲ្យមានបារមីខ្លាំងពូកែ ហើយនៅពេល ដាប ឈួន គាត់រត់គេចខ្លួន គាត់ព្យាយាមយករូបសំណាកទាំងពីរទៅជាមួយ តែយកមិនរួចឡើយ មិនដឹងមកពីអ្វី ដូច្នេះលោកក៏គេចខ្លួនឯង តែលោកក៏ត្រូវគេចាប់បាន និងសម្លាប់ចោលតែម្តងទៅ។

សូមបញ្ជាក់ថា លោក ដាបឈួន ត្រូវបានកងកម្លាំងរបស់សម្ដេច ព្រះ នរោត្តម សីហនុ បាញ់សម្លាប់ បន្ទាប់ពីរកឃើញជាប់សង្ស័យទៅនឹងការរៀបចំផែនការធ្វើរដ្ឋប្រហារយោធាមួយនៅខេត្តសៀមរាប ដើម្បីផ្តួលរំលំ សម្តេចព្រះ នរោត្តម សីហនុ។

ទាក់ទងជាមួយនឹងរឿងមន្តអាគមន៍ ឬបារមីខ្លាំងពូកែរបស់លោក ដាប ឈួន នេះដែរ ក៏មានការតំណាលថា "តា ដាប ឈួន ខ្លាំងប៉ុនហ្នឹង តែប្រពន្ធរបស់ខ្លាំងជាងនេះទៅទៀត" ។

តើប្រពន្ធរបស់លោក ដាប ឈួន ជានរណា?

តាមប្រវត្ដិខ្លះៗ លោក ដាប ឈួន ឬ ឈួន ម្ជុលពេជ្រ ជាអតីតទាហានខ្មែរឥស្សរៈ តែក្រោយមកលោកបានរត់មកកាន់តំបន់ព្រៃនៅភ្នំគូលែន ដើម្បីធ្វើការតស៊ូ ហើយក៏បានជួបនារីឈ្មោះ ឧត្ដមស័ក្ដិ និងបានយកគ្នាជាប្ដីប្រពន្ធ មុនឆ្នាំ១៩៤៥។ នារីឧត្ដមស័ក្ដិ ត្រូវបានគេស្គាល់ថា ជាប្រធានស្រីរបស់ក្រុមនារីខ្មែរឥស្សរៈ ប្រចាំតំបន់ភ្នំគូលែន ខេត្ដសៀមរាប។

នារីឧត្ដមស័ក្ដិ មានឈ្មោះពេញថា​ ច័ន្ទ ឧត្តមស័ក្តិ ហៅ យាយ ដុម​ស័ក្ដិ ដែលនៅសម័យនោះ គាត់មានរហស្សនាមជាស្ដ្រីខ្លាំងពូកែស័ក្ដិសិទ្ធិ បាញ់មិនមុតដុតមិនឆេះ ហើយគាត់ពូកែត្រង់ថាគាត់មានកណ្ដាញ់នៅផ្នែកខាងក្រោម។ តាមជំនឿចាស់បុរាណ កណ្ដាញ់នេះមានឈ្មោះថា កណ្ដាញ់ម្លប់ ឬកណ្តាញ់បាត ដែលគេសំដៅទៅលើកណ្ដាញ់លើរោមប្រដាប់ភេទ ហើយកណ្ដាញ់នេះ មានអំណាចបារមីពូកែស័ក្ដិសិទ្ធខ្លាំងណាស់ ដោយពូកែខាងការពារពីគ្រឿងសស្រ្តាវុធ ដូចជាគ្រាប់កាំភ្លើង ធ្នូរ ស្នា ជាដើម។ 

កណ្ដាញ់ម្លប់
កណ្ដាញ់ម្លប់

យាយ ដុម​ស័ក្ដិ ក៏ល្បីថា មានកន្សែងជូតមុខមួយ នៅពេលយកកន្សែងមួយនោះមកជូតមុខ ៣ថ្ងៃ ជាប់ៗគ្នា គឺបាញ់មិនមុតដុតមិនឆេះរយៈពេល ៣ខែ តែបើយកកន្សែងជូតមុខ ៣ខែ ជាប់ៗគ្នា គឺបាញ់មិនមុតរហូតដល់ ៣ឆ្នាំ ឯណោះ។

យោងតាមបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១១ ជាមួយអ្នកស្រី ខឹង ប្រណម ដែលជាកូនស្រីរបស់យាយ ដុម​ស័ក្តិ ជាមួយប្ដីក្រោយ បានឲ្យដឹងថា កាលរស់នៅជាមួយតា ដាប ឈួន យាយ ដុម​ស័ក្តិ មានតែកូនស្រីម្នាក់គត់ឈ្មោះ  ​ពុធ​សារ ម្ជុល​ពេជ្រ ឬ​ឈួន​ ពុធ​សារ តែបាន​បាត់​ខ្លួន​តាំង​ពី​ជំនាន់​ប៉ុល​ពត​មកម្ល៉េះ។ ដោយឡែកកូនជាមួយប្ដីក្រោយមានពីរនាក់គឺឈ្មោះ ខឹង សុផន ដែលជាបងប្រុសបង្កើតរបស់អ្នកស្រី ខឹង ប្រណម នេះឯង។

អ្នកស្រី ខឹង ប្រណម បាននិយាយថា ខ្លួនធ្លាប់បានស្ដាប់ម្ដាយរៀបរាប់ថា តាមពិតទៅតា ដាប ឈួន មិនពូកែអីទេ។ គ្រាដែលកម្លាំងទាហ៊ានរបស់សម្ដេច ព្រះនរោត្តម សីហនុ ទៅដល់ក្រុងសៀមរាប ហើយ​ដឹង​ថា ខ្លួន​ត្រូវ​មាន​ទោស​ជាប់​គុក​ តា​ឈួន​បាន​ប្រាប់​ថា "កុំ​ទៅ​ភ័យ​នៅ​ជាមួយ​អញ​​ទៅ ​គ្មាន​នរណា​ចាប់​ស័ក្តិ​ឯង​ដាក់​គុក​ទេ" ។

អ្នក​ស្រី​​បន្ត​ថា៖​ "នៅ​ថ្ងៃ​ដែល​គេ​ចាប់​ម៉ែ​បាន​នោះ គាត់​ពាក់​អាវ​ស៊ីវិល ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​អាទិត្យ ហើយ​ម៉ែរត់​មិន​ទៅ​ណា​ឆ្ងាយ​ទេ នៅ​ក្បែរ​ៗ​ស្រែ​ណូយ​ហ្នឹង ពេល​នោះ​ម៉ែ​រត់​ផ្លោះ​ទៅ​មុខ ក៏​ឮ​សំឡេង​តា​ឈួន​ត្រូវ​គ្រាប់ តា​ឈួន​ក៏​ស្រែក​​ប្រាប់​ថា អញ​ត្រូវ​របស់​គេ​ហើយ ពេល​នោះ​តា​ក៏​ដក​កំា​ភ្លើង​ខ្លី​ឲ្យ​យាយ​បាញ់​សម្លាប់​គាត់ តែ​យាយ​ស្រែក​យំ​មិន​ដាច់​ចិត្ត ម៉ែ​ក៏​ស្រែក​ប្រាប់​​អ្នក​តាម​បាញ់​គាត់​ថា ឈប់​បាញ់​ទៅ​ចាំ​ខ្ញុំ​ចាប់​​គាត់​ឲ្យ តែ​ទាហាន​ទាំង​នោះ​នៅ​តែ​បាញ់ ហើយ​បាញ់​ទៀត តែ​បាញ់​មិន​ត្រូវ​ទេ ព្រោះ​ម៉ែ​គ្រាហ៍​គាត់​"។

អ្នក​ស្រី​​បន្ថែម​ថា៖​«គាត់​បែក​គ្នា​នៅ​ឯ​ស្រែ​ណូយ​ហ្នឹង​ ដោយ​​គេ​ដឹក​ដាក់​ឡាន​ផ្សេង​គ្នា ហើយ​គេ​ឃុំ​ម៉ែ​ប៉ុន្មាន​ថ្ងៃ​ក៏​ដោះ​លែង​វិញ​ទៅ​ តែ​តាឈួន​ក៏​បាត់​ខ្លួន​»។

អ្នកស្រី ខឹង ប្រណម បានឲ្យដឹងទៀតថា យាយ​ឧត្តម​ស័ក្តិ មិន​ធ្លាប់​បាន​បង្រៀន ឬ​ផ្ទេរ​ចំណេះ​ដឹង​ខាង​មន្ត​អាគម​អូម​អាម​របស់​លោក​យាយឲ្យ​នរណា​ម្នាក់​​ ឡើយ ដោយគ្រាន់តែធ្លាប់បង្រៀនខ្លះៗដល់​ចៅ​ម្នាក់​ដែល​ធ្វើ​ ទាហាន ប៉ុន្តែ​មិន​ដឹង​ថា ​គេ​រៀន​ចាប់​បាន​ប៉ុន្មាន​នោះ​ទេ ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត