មិននឹកស្មានថា "យ័ន្តសត្វក្រួច" ការពារភ្លើងឆេះផ្ទះ មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ដូច្នេះសោះ
S
Sunly Chhun
22 ធ្នូ 2020 02:00 PM

ប្រជាជនខ្មែរយើងមានជំនឿថាផ្ទះដែលទើបសាងសង់ថ្មីមិនទាន់ដាក់យ័ន្តលើមេដំបូលគឺជាផ្ទះដែលអត់មានព្រលឹង។ គេមានជំនឿថាយ័ន្តសត្វក្រួចដែលគូរលើក្រណាត់ក្រហមដាក់ក្នុងផ្ទះគឺជាព្រលឹងរបស់ផ្ទះ។ យោងតាមប្រសាសន៍លោកតា​ ញ៉ែម វ៉ាត ជាអតីតមេជាងធ្វើផ្ទះបានមានប្រសាសន៍ថា៖ ដូនតាយើងមានជំនឿថាយ័ន្តសត្វក្រួចមានអានុភាពអាចបញ្ចៀស ឬអាចការពារភ្លើងឆេះផ្ទះបាន។ តាមជំនឿនេះហើយទើបគេហដ្ឋានស្ទើរតែទាំងអស់ដាក់យ័ន្តសត្វក្រួចនេះលើមេដំបូលផ្ទះដើម្បីការពារអគ្គីភ័យ។ តើមានអ្វីនៅពីក្រោយយ័ន្តសត្វក្រួចនេះ ហើយវាពិតជាពូកែស័ក្កសិទ្ធមែនឬទេ?

ប្រភពរូបថត៖ commons wikimedia
ប្រភពរូបថត៖ commons wikimedia

ដើមហេតុដែលធ្វើឱ្យកកើតយ័ន្តសត្វក្រួចនេះគឺយកលំនាំរឿងជាតកក្នុងព្រះពុទ្ធសាសនាដែលកាលណោះព្រះសម្មាសម្ធុទបរមគ្រូនៃយើងកាលមុនបានត្រាស់ជាព្រះពុទ្ធ។ ព្រះអង្គបានយោនយកកំណើតជាសត្វក្រួចនៅក្នុងព្រៃ។ ក្រួចព្រះពោធិ៍សាត់នៅតូចមិនទាន់អាចរកចំណីបានដោយខ្លួនឯង ជាទម្លាប់មេក្រួចតែងចេញពីសំបុកទៅរកចំណីយកមកចិញ្ចឹមក្រួចជាកូនរាល់ថ្ងៃ។ ថ្ងៃមួយមេក្រួចចេញទៅរកចំណីបាត់ស្រាប់តែមានភ្លើងព្រៃឆាបឆេះជាខ្លាំងសំដៅមកសំបុកជាលំនៅរបស់ក្រួចព្រះពោធិ៍សាត់។ ដោយសេចក្តីស្លាប់កាន់តែខិតជិតមកដល់កូនក្រួចក៏តាំងសេចក្តីអធិដ្ឋានក្នុងចិត្តថា៖ “ស្លាបទាំងពីររបស់ខ្ញុំមិនទាន់អាចហោះហើរបាន ជើងទាំងពីរក៏នៅទន់ខ្ចីមិនទាន់អាចដើរបាន មេនិងបារបស់ខ្ញុំក៏ចេញទៅរកចំណី ចំណែកភ្លើងព្រៃក៏កំពុងឆេះមកកាន់តែជិតខ្ញុំហើយ ដោយអំណាចនៃសច្ចបារមីដែលខ្ញុំបានកសាងសន្សំទុកមក សូមឱ្យភ្លើងព្រៃនេះរលត់ទៅកុំបីមកបៀតបៀនខ្ញុំឡើយ”។ ក្រោយពីអធិដ្ឋានក្នុងចិត្តចប់ភ្លើងព្រៃក៏រលត់ទៅវិញ ហើយសត្វដទៃផ្សេងទៀតមានចិត្តត្រេកអររកអ្វីប្រៀបពុំបាន។ ដោយឃើញអនុភាពនៃកូនក្រួចព្រះពោធិ៍សាត់ពូកែសក្ក័សិទ្ធបែបនេះ ទើបដូនតាអ្នកមានជំនឿលើកន្សែងយ័ន្ត មន្តអាគម បានយករូបកូនក្រួចនិងគាថាដែលក្រួចព្រះពោធិ៍សាត់បានពោលក្នុងកាលណោះ (សន្តិ បក្ខា អបតនា សន្តិ បាទា អវញ្ចនា មាតាបិតា ចនិក្ខន្តា ជាតវេទ បដិក្កម) មកចារក្នុងកន្សែងក្រហមធ្វើជាយ័ន្តដាក់មេដំបូលផ្ទះដើម្បីការពារកុំឱ្យមានភ្លើងឆេះ។

សេចក្តីដូចរៀបរាប់ជូនមិត្តអ្នកអានខាងលើទាក់ទងនឹងយ័ន្តសត្វក្រួចការពារភ្លើងឆេះផ្ទះមានប៉ុណ្ណេះ។ ជឿឬមិនជឿសូមពិចារណាតាមការគួរចុះ។ ប៉ុន្តែសូមកុំធ្វើពិសោធន៍លើយ័ន្តនេះដោយគ្រាន់តែឃើញផ្ទះណាដែលមានដាក់យ័ន្តនេះលើមេដំបូលផ្ទះ ហើយទៅលបដុតផ្ទះគេឱ្យសោះដោយចង់ដឹងថាតើយ័ន្តនេះពូកែឬអត់៕ ដោយ៖​ ឥន្ទ្រីយ៍សិល៌្ប១៣៨

ប្រភពរូបថត៖ pixabay
ប្រភពរូបថត៖ pixabay
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត