

(ចិត្តសាស្ត្រ)៖ មានការពន្យល់ដែលមានសក្តានុពលមួយចំនួន ទោះបីមនុស្សមួយចំនួននឹងមិនជឿក៏ដោយ ។
នៅក្នុងភាពយន្តរន្ធត់បែបវិទ្យាសាស្ត្រប្រឌិតមួយឈ្មោះ
Gravity
(២០១៣) នាង Sandra Bullock សម្តែងជាតួអង្គ
អវកាសយានិក បានជួបគ្រោះមហន្តរាយមួយហើយនាងគឺជាអ្នកនៅរស់រានមានជីវិតតែម្នាក់ឯង
។ ជាមួយនឹងភាពភ័យខ្លាច រងាឯកោ នាងសម្រេចចិត្តបិទការផ្គត់ផ្គង់អុកស៊ីសែនក្នុងកាប៊ីនដើម្បីធ្វើអត្តឃាត។
បន្ទាប់មកនាងចាប់ផ្តើមបាត់បង់ស្មារតី ហើយក៏បានជួបនឹងរៀបច្បងអវកាសយានិករបស់នាងដែលសម្តែងដោយលោក George Clooney អ្នកដែលនាងដឹងថាគាត់បានស្លាប់បាត់ហើយ ។ គាត់បានជជែកលេងជាមួយនាង ប្រាប់ពីផែនការដើម្បីរស់ដល់នាង រួចក៏ចាកចេញទៅ! នៅទីបំផុត Sandra បានទទួលស្គាល់ថា វាមិនមែនជាការពិតទេដែលលោក Clooney បានមកជួបនាង តែការជួបនឹងគាត់បានក្លាយជាកម្លាំងចិត្តដ៏រឹងមាំជម្រុញឱ្យនាងចង់រស់បន្ត ។ ដោយដើរតាមផែនការដើម្បីរស់ដែលគាត់ប្រាប់ នាងអាចរស់បន្តក្នុងស្ថានការដែលគ្មានសង្ឃឹមអ្វីសោះ ។
ភាពយន្តនោះគឺជាវិទ្យាសាស្ត្រប្រឌិត តែការប្រឈមរបស់តួអង្គ Bullock គឺបង្កើតបានជា "ការក្លាយជា" នរណាម្នាក់ដែលចេញមុខមួយភ្លែតក្នុងស្ថានការអស់សង្ឃឹមណាមួយ គឺពិតជាបទពិសោធមួយរបស់មនុស្សជាទូទៅដែលអាចកើតមានឡើងច្រើនជាងអ្វីដែលអ្នកគិតទៅទៀត ។

អ្នកចិត្តសាស្រ្តមួយចំនួនបានចាត់ទុកវាថាជា “វត្តមានរូបារម្មណ៍” (sensed presence) ហើយវាជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលអ្នកវិទ្យាសាស្ត្រភាគច្រើននៅតែមានការងឿងឆ្ងល់យ៉ាងខ្លាំងអំពីអត្ថិភាពរបស់ខ្មោច ។
សូមចូលទៅកាន់វេបសាយដើម្បីមើលព័ត៌មានលំអិត៖
Why do we see ghosts? | Popular Science (popsci.com)

“វត្តមានរូបារម្មណ៍”
“វត្តមានរូបារម្មណ៍” ច្រើនតែកើតឡើងចំពោះបុគ្គលណាដែលបានឃ្លាតឆ្ងាយទៅទីដាច់សង្វែងនៅក្នុងបរិយាកាសមិនធម្មតាមួយ
ហើយជារឿយៗក៏កើតមាននៅពេលដែលការកើតស្ត្រេស (stress) មានកំរិតខ្ពស់ ការថយចុះកម្តៅ កង្វះអុកស៊ីសែន
និងកត្តាមួយចំនួនទៀតផងដែរ ។
បុគ្គលទាំងនេះតែងរាយការណ៍ពីការយល់ឃើញ ឬអារម្មណ៍ដែលថាមានមនុស្សម្នាក់ទៀតនៅទីនោះដើម្បីជួយពួកគេឱ្យស៊ូទ្រាំនឹងស្ថានភាពគ្រោះថ្នាក់។ ភាពរស់រវើកនៃវត្តមានរូបារម្មណ៍អាចរាប់ចាប់ពីអារម្មណ៍មិនច្បាស់ រហូតដល់ការយល់ឃើញច្បាស់។ បុគ្គលនោះអាចជាព្រះ វិញ្ញាណបុព្វបុរស ឬនរណាម្នាក់ដែលអ្នកស្គាល់ ។ ការពិតក៏នៅមានភស្តុតាងថ្មីៗគួរឱ្យភ្ញាក់ផ្អើលពីក្រុមស្រាវជ្រាវដែលដឹកនាំដោយលោក Olaf Blanke បង្ហាញថាវាគឺជាការរំញោចច្បាស់លាស់នៃតំបន់ខួរក្បាលជាក់លាក់ដែលបញ្ឆោតមនុស្សឱ្យមានអារម្មណ៍ថា គឺពិតជាមាន "វត្តមាន" នៃព្រលឹងខ្មោចមែន (នាំឱ្យមើលឃើញខ្មោច) ។
សូមចូលទៅកាន់វេបសាយដើម្បីមើលព័ត៌មានលំអិត៖
Science in the clouds: Why do some people see ghosts?

តើ “វត្តមានរូបារម្មណ៍” កើតឡើងនៅពេលណា?
ការពិពណ៌នាគួរឱ្យទាក់ទាញបំផុតនៃវត្តមានរូបារម្មណ៍គឺមកពីអ្នកបើកទូកតែឯកឯងម្នាក់
ដែលធ្លាប់មានបទពិសោធមម៉ើមមាយ (hallucinations) និងបទពិសោធចេញក្រៅរាងកាយផងដែរ (out-of-body
experiences) ។ នៅក្នុងឧប្បត្តិហេតុដ៏ល្បីល្បាញមួយនេះ
លោក Joshua Slocum មនុស្សដំបូងគេដែលដើរជុំវិញពិភពលោកដោយដៃតែមួយរបស់គាត់
បានស្បថថាគាត់បានឃើញ និងនិយាយជាមួយអ្នកបើកប៉ាល់របស់
Columbus ម្នាក់ ។ គាត់បានអះអាងថា នាវិករូបនោះជួយកាច់ចង្កូតទូករបស់គាត់ឆ្លងកាត់អាកាសធាតុអាក្រក់
នៅពេលដែលគាត់ធ្លាក់ខ្លួនឈឺដោយសារពុលអាហារ ។
ឧទាហរណ៍គួរឱ្យភ្ញាក់ផ្អើលជាច្រើនទៀតនៃភាពស្រពេចស្រពិលដូចបានរាយការណ៍ដោយនាវិក គឺមានដូចជាអ្នកឡើងភ្នំ អ្នករុករកតំបន់ប៉ូលជាដើម សុទ្ធតែត្រូវបានពិពណ៌នានៅក្នុងអត្ថបទមួយក្នុងឆ្នាំ១៩៨៧ ដោយ Suedfeld and Mocellin ដែលរាប់បញ្ចូលទាំងរបាយការណ៍ដែលកើតឡើងដដែលៗដោយអ្នករុករកតំបន់ប៉ូលដែលពួកគេមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតាមដានពួកគេ និងអ្នកឡើងភ្នំអេវឺរេសជាប់ក្នុងរូងព្រិលតែមានអ្នកមកជួយទាំងស្រពិចស្រពិល ជាដើម ។
ថ្វីបើ “វត្តមានរូបារម្មណ៍” ជានិច្ចកាលត្រូវបានរាយការណ៍ដោយមនុស្សដែលបានស្ថិតក្នុងស្ថានការគ្រោះថ្នាក់ និងចម្លែក តែវាមិនត្រូវបានចាត់ទុកថាជារឿងមិនសមហេតុផលក្នុងការសន្មត់ថាបទពិសោធបែបនេះមិនអាចកើតឡើងនៅក្នុងមជ្ឈដ្ឋានអស់នោះបានទេ ។
ជាឧទាហរណ៍បុគ្គលដែលមានទុក្ខព្រួយដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ដែលពួកគេពឹងផ្អែកយ៉ាងខ្លាំងអាចបិទខ្លួនពីទំនាក់ទំនងសង្គមជាមួយអ្នកដទៃ
ហើយកម្រចាកចេញពីផ្ទះរបស់ពួកគេ។ ភាពឯកោ ភាពដាច់សង្វែង ភាពតានតឹងខ្ពស់ និងរំញោចអារម្មណ៍មិនផ្លាស់ប្តូរ
អាចបង្កើតលក្ខខណ្ឌជីវសាស្រ្តដូចគ្នាដែលបង្កឱ្យមាន “ដំណើរទស្សនកិច្ច”
ពីអ្នកដែលបានចាកចេញថ្មីៗនេះក៏អាចទៅរួចដែរ ។
ការសិក្សាមួយបានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃជនជាតិអាមេរិកដែលមានវ័យចំណាស់ជាស្ត្រីមេម៉ាយបានជួបប្រទះនូវការរមម៉ើមមាយចំពោះស្វាមីដែលបានចាកចេញទៅ
។

សាសនាអាចដើរតួនាទីក្នុងការមើលឃើញខ្មោច
បាតុភូត “វត្តមានរូបារម្មណ៍” អាចរាប់បញ្ចូលក្នុងបទពិសោធន៍ខាងសាសនាផងក៏បានដែរ ។ វត្តមានរូបារម្មណ៍ជាញឹកញាប់កើតឡើងបន្ទាប់ពីរយៈពេលនៃការធ្វើសមាធិ និងការឆ្លុះបញ្ចាំងផ្នែកខាងក្នុង (Internal Reflection) ហើយពួកគេអាចត្រូវបានសម្របសម្រួលដោយការរំញោចរាងកាយបែបមិនធម្មតា និងខ្លាំងក្លាមួយ ។ ឥស្សរជនសាសនាដំបូងដូចជាលោកម៉ូសេ លោកយេស៊ូ និងលោកម៉ូហាម៉េដ ទាំងអស់ត្រូវបានគេរាយការណ៍ថាបានជួបនឹងមនុស្សដែលមានជំនឿអរូបីពេលកំពុងដើរនៅវាលខ្សាច់ រួមទាំងការតមអាហារ ការសមាធិក្នុងរយៈពេលវែង ការរំញោចនៃរាងកាយតាមរយៈការឈឺចាប់ និងភាពអស់កម្លាំង គឺជាផ្នែកមួយនៃសាសនាភាគច្រើនតែម្តង ។ ស្ទើរតែគ្រប់សាសនាទាំងអស់ក៏ផ្តល់ការពន្យល់សម្រាប់អ្វីដែលកើតឡើងចំពោះយើងបន្ទាប់ពីយើងស្លាប់ ជាមួយនឹងការធានាថាការស្លាប់មិនមែនជាទីបញ្ចប់ទេ ។ ហើយតាមពិតទៅ មានភស្តុតាងបង្ហាញថាអ្នកកាន់សាសនាមិន(សូវ) ខ្លាចការស្លាប់ដូចអ្នកដទៃឡើយ ។
មានការពន្យល់ជាច្រើនទៀត និងមានករណីផ្សេងៗគ្នាដទៃទៀតពាក់ព័ន្ធនឹងចិត្តសាស្ត្រនៃការមើលឃើញខ្មោចផងដែរ ហើយការសិក្សាមួយចំនួនក៏បានអះអាងដែរថា ការមើលឃើញខ្មោចគឺជាព្រឹត្តិការណ៍នៃការយល់ឃើញពិតប្រាកដសម្រាប់បុគ្គលទាំងឡាយណាដែលធ្លាប់ឆ្លងកាត់វា តែវាពិតជាពិបាកក្នុងការបញ្ចុះបញ្ចូលអ្នកមិនធ្លាប់មានបទពិសោធថាវាជាអ្វីផ្សេងក្រៅពីអ្វីដែលពួកគេធ្លាប់បានជឿកន្លងផង ។
លទ្ធភាពពិតតែបីប៉ុណ្ណោះ ដែលអាចទៅរួចថាមនុស្សជឿថាមានខ្មោចពិតមែនបានកើតឡើងចំពោះនរណាម្នាក់៖
១. ព្រឹត្តិការណ៍ពិតជាបានកើតឡើង ដូចអ្វីដែលបានរាយការណ៍មែន
២. មនុស្សពិតជាជឿជាក់ថាព្រឹត្តិការណ៍នេះបានកើតឡើង ប៉ុន្តែវាមិនបានកើតឡើងទេ
៣. បុគ្គលនោះប្រឌិតរឿងឡើងដោយមូលហេតុមួយចំនួន
វិធីល្អបំផុតដែលយើងម្នាក់ៗអាចធ្វើបានក្រោមកាលៈទេសៈទាំងនោះ
គឺដើម្បីវាយតម្លៃប្រូបាប៊ីលីតេ (probability) ដែលទាក់ទងនៃជម្រើសទាំងនេះ
ហើយជ្រើសរើសយកមួយណាដែលទំនងជានឹងកើតឡើងជាងគេ ៕

ដោយ៖ Resin
ប្រភព៖ Psychology Today


