
បច្ចុប្បន្ននេះ ពាក្យថា “តារា” ត្រូវបានគេប្រើជាទូទៅនិងជារួមទៅលើបុគ្គលដែលទទួលការចាប់អារម្មណ៍ទាំងអ្នកមានទេពកោសល្យសិល្បៈក្ដី និងអ្នកដែលទទួលការចាប់អារម្មណ៍តាមបណ្ដាញទំនាក់ទំនងសង្គមសម័យឌីជីថលក្ដី។ តើពាក្យថា “តារា” មានអត្ថន័យដូចម្ដេច? តើបុគ្គលដែលទទួលការចាប់អារម្មណ៍ពីមហាជនទោះវិជ្ជមានក្ដី អវិជ្ជមានក្ដី គឺអាចទទួលងារជាតារាហើយមែនទេ? ឆ្លើយតបទៅនឹងបញ្ហានេះ លោក រីវៈ វ៉ារ៉ានី អនុប្រធានក្រុមព្រះសុរិយា ជាក្រុមមួយដែលធ្វើការស្រាវជ្រាវ អភិវឌ្ឍន៍ អភិរក្សសិល្បៈភាពយន្ត និងតន្ត្រីខ្មែរ បានឱ្យដឹងថា កាលពីមុនឆ្នាំ ១៩៧៥ គេបែងចែកអ្នកសិល្បៈជា ៤ ប្រភេទគឺ៖

ទី១ គឺ សិល្បករ៖ សិល្បករក្នុងន័យនេះមិនសំដៅលើទម្រង់សិល្បៈណាមួយទេ ពោលគឺឱ្យតែមានចំណេះជំនាញក្នុងផ្នែកណាមួយនៃទម្រង់សិល្បៈទាំង ៧ ប្រភេទគឺ សិល្បៈស្ថាបត្យកម្ម សិល្បៈចម្លាក់ សិល្បៈគំនូរ សិល្បៈតន្រ្ដី សិល្បៈរបាំ អក្សរសិល្ប៍ និងភាពយន្ត។
ទី២ គឺ អ្នកសម្ដែង៖ អ្នកសម្ដែងសំដៅលើបុគ្គលដែលបានចូលរួមបញ្ចេញស្នាដៃ ឬលេចវត្តមានក្នុងការសម្រេចស្នាដៃសិល្បៈណាមួយ។ ឧទាហរណ៍ដូចជាតួអមឆាកក្នុងវិស័យភាពយន្ដជាដើម។
ទី៣ គឺ តួសម្ដែង៖ តួសម្ដែងមានន័យថា បុគ្គលរូបណាដែលបានចូលរួមក្នុងវិស័យភាពយន្ដ ហើយមានឈ្មោះល្បី ទទួលស្គាល់ពីមហាជន។
ទី ៤ ជាងារដ៏ឧត្ដមបំផុតនោះគឺពាក្យថា “តារា”៖ តារា មានន័យថា ជាអ្នកដែលបានទទួលនូវងារដ៏កំពូលមួយនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ហើយមានតម្លៃខ្ពស់។ គឺជាបុគ្គលដែលមានស្នាដៃ និងទេពកោសល្យខ្ពស់ រហូតក្លាយជានិមិត្តរូបក្នុងវិស័យសិល្បៈជាតិទាំងមូល។

អ្នកសិក្សាស្រាវជ្រាវលើវិស័យសិល្បៈជំនាន់ដើមរូបនេះបានបន្ដឱ្យដឹងថា ដើម្បីឱ្យងារថា “តារា” មានតម្លៃ ទី១ គឺបុគ្គលខ្លួនឯងផ្ទាល់ត្រូវឱ្យតម្លៃលើខ្លួនឯង។ លោកថាក្នុងនាមជាតារាត្រូវមានទាំងចរិយាសម្បត្តិនិងគុណសម្បត្តិ។ ទី២ គឺ មហាជនក៏ដូចជាអ្នកសារព័ត៌មានត្រូវយល់ពីអត្ថន័យនិងបែងចែកឱ្យបានច្បាស់ថាបុគ្គលរូបណាជា “តារា” ពិតប្រាកដ ចៀសវាងលើកបន្តុបអ្នកដែលគ្រាន់តែទទួលការចាប់អារម្មណ៍ក្នុងបណ្ដាញសង្គមត្រឹមតែរយៈពេលខ្លីថាជា "តារា" ដែលជាហេតុនាំឱ្យតម្លៃនៃ “តារា”ពិតប្រាកដមានការធ្លាក់ចុះ។ គួរបញ្ជាក់ឱ្យដឹងថា ក្រុមព្រះសុរិយាគឺជាក្រុមមួយដែលធ្វើស្រាវជ្រាវ អភិវឌ្ឍន៍ និងអភិរក្សសិល្បៈភាពយន្ត និងតន្ត្រីខ្មែរ នាទសវត្សឆ្នាំ ៦០ និង ៧០ មកចងក្រងឯកសារដើម្បីជាកេរ្តិ៍មរតកសម្រាប់ជាតិខ្មែរទាំងមូល៕ (ដោយ៖ ភូមិន្ទ)


