

ទុំទាវ គឺជាស្នាដៃអក្សរសិល្ប៍ទំនើបបែបប្រលោមលោកបុរាណ ស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរនិយម និងទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា និយាយអំពីស្នេហាដ៏សោកសៅរវាង ភិក្ខុទុំ និងនាងទាវ នៅក្នុងរដ្ឋកាលព្រះបាទបរមរាជានាសម័យលង្វែក ដែលព្រឹត្តិការណ៍សាច់រឿងបានកើតឡើងនៅ វត្តវិហារធំ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅរាជធានីលង្វែក ស្រុកត្បូងឃ្មុំ និងនៅក្រោមដើមពោធិ៍ជើងខាលជាដើម ។
ប្រវត្តិរឿងរ៉ាវស្នេហារបស់កំឡោះទុំ នៅបាភ្នំ ខេត្តព្រៃវែង និងកញ្ញាទាវ នៅត្បូងឃ្មុំ ខេត្តកំពង់ចាម ត្រូវបានផ្តល់តំលៃជាសកល ដោយអ្នកនិពន្ធអន្តរជាតិ ចាត់ប្រដូចទុំទាវ ទៅនឹង Romeo and Juliet របស់កម្ពុជាពិតៗ។
នៅជុំវិញរឿងរ៉ាវស្នេហាដ៏សែនសោកសៅមួយនេះផងដែរ គឺមិនមែនជាស្នាដៃរបស់អ្នកនិពន្ធតែម្នាក់ ហើយត្រូវបានតាក់តែងក្នុងរយៈពេលខ្លីនោះទេ តែវាត្រូវបានសរសេរឡើងជាច្រើនដំណាក់កាល និងចូលរួមដោយអ្នកនិពន្ធច្រើនរូប ចំណាយពេលវេលាតាមដំណាក់កាល ដើម្បីសម្អិតសម្អាងស្នាដៃមួយនេះដោយបានកែប្រែសាច់រឿងឲ្យមានការផ្លាស់ប្តូរបន្តិចម្តងៗរហូតមកដល់បច្ចុប្បន្នដែលយើងបានទទួលស្គាល់នេះ ។
មានមតិជាច្រើន បានលើកឡើងជុំវិញបញ្ហាអ្នកនិពន្ធសាច់រឿងដ៏ល្អមួយនេះ ។ យោងតាមបណ្តាញសាស្រ្តាចារ្យដែលបានធ្វើការសិក្សាស្រាវជ្រាវពីអក្សរសិល្ប៍ខ្មែរ មួយចំនួនបានយល់ឃើញថា អត្ថបទរបស់កវីសន្ធរម៉ុក និងបានបោះពុម្ភនៅរោងពុម្ភគឹម គី (KIM KY) ក្នុងឆ្នាំ១៩៦០ ក្នុងទំរង់ (Literary versions) គឺមានលក្ខណៈច្បាស់លាស់ ។ នៅក្នុងអារម្ភកថាសាស្ត្រាចារ្យទាំងនោះបានអះអាងថាស្នាដៃនោះមានចំណងជើងថា ទុំទាវផង និងទាវឯកផង ។ ហើយគេថាស្នាដៃដែលភិក្ខុសោមសរសេរនោះ គ្រាប់តែជាការកាឡៃអត្ថបទកំណាព្យរបស់អត្ថបទសន្ធរម៉ុក តែប៉ុណ្ណោះ។
 (1)-d146.jpg)
តែបើតាមសម្តីរបស់លោក វ៉ាន់ឌី កាអុន គាត់បានធ្វើការសន្និដ្ឋានថា ស្នាដៃទាំងពីរ គឺមានភាពខុសប្លែកពីគ្នាយ៉ាងខ្លាំងទៅលើអត្ថរូប ។ គាត់បានធ្វើការសន្និដ្ឋានទៀតថា កវីសន្ធរម៉ុក គឺជាអ្នកនិពន្ធដំបូងដែលបានសរសេររឿងស្នេហាដ៏ល្បីល្បាញមួយនេះឡើង មុនពេលដែលប្រទេសកម្ពុជាធ្លាក់ក្រោមអាណានិគមបារាំង ។ ក្រោយមក ទើបព្រះបទុមត្ថេរ សោម រៀបរៀងឡើងវិញឲ្យទៅជាស្នាដៃមួយមានទាំងអស់ ១០៥០ ច្បាប់ត្រូវនឹង ១១៨ ទំព័រ នៅឆ្នាំ១៩១៥ ហើយត្រូវបានបោះពុម្ភផ្សាយដោយពុទ្ធសាសនបណ្ឌិត ។
២៧ ឆ្នាំក្រោយមកកវី នូ កន ក៏បានសរសេររឿងនេះសារជាថ្មីនៅឆ្នាំ ១៩៤២ ដោយដាក់ចំណងជើងរឿងនេះថា ទាវឯក ។

ក្រៅពីអ្នកនិពន្ធទាំងបី ក៏មានអ្នកនិពន្ធម្នាក់ទៀត ដែលមិនត្រូវបានស្គាល់ឈ្មោះដោយសារតែបាត់សំណៅខាងដើម និងសំណៅខាងចុង ក៏ប៉ុន្តែគេក៏បានធ្វើការសន្មត់ដែរថា រឿងទុំទាវរបស់លោក ត្រូវបានសរសេរឡើងនៅមុនរជ្ជកាលសម្តេចនរោត្តម...។
ទោះជាយ៉ាងណាក៏ដោយ ចំពោះរឿងទុំទាវ ដែលយើងបានសិក្សាកន្លងមក គឺជារឿងទុំទាវរបស់ភិក្ខុ សោម ដែលត្រូវបានក្រសួងអប់រំបញ្ចូលនៅក្នុងកម្មវិធីសិក្សានៅថ្នាក់មធ្យមសិក្សាចំណេះទូទៅ ។
ប្រជាជនខ្មែរភាគច្រើន បានចាត់ទុកថា វណ្ណកម្មអក្សរសិល្ប៍ដ៏ល្អប្រណិតនិយាយប្រវត្តិស្នេហ៍របស់ភិក្ខុទុំ និងនាងទាវ និងនិយាយពីការតស៊ូដែលមានលក្ខណៈជាបុគ្គលក្នុងការទាមទារសិទ្ធិសេរីភាពដើម្បីជ្រើសរើសគូរស្រករដោយខ្លួនឯង នៅក្នុងសម័យលង្វែកមួយនេះ ថាជារឿងពិត ។ តែក៏មានមតិមួយចំនួនទៀតបានលើកឡើងជាសំនួរផងដែរថាតើ រឿងទុំទាវ ជារឿងពិត ឬក៏ជារឿងប្រឌិត?

វត្តព្រះវិហារធំ ឬហៅម្យ៉ាងទៀតថា វត្តវិហារធំ គឺជាវត្តអារាមមួយស្ថិតនៅភាគខាងជើង ជ្រុងខាងកើតភ្នំឈើកាច់ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ហើយទីនោះក៏ជាទីអារាមមួយ ដែលមានជាប់ទាក់ទងទៅនឹងប្រវត្តិនៃទីកន្លែងរបស់តួអង្គទុំ ។ នៅក្នុងវត្តអារាមមួយនេះ នាប៉ែកខាងជើងក្លោងទ្វារវត្ត ច្រកចូលពីខាងកើត មានទួលមួយដែលមានដើមឈើដុះស៊ុបទ្រុប ជាទីដែលអ្នកស្រុកបានសន្មតថាជាទួលដំបូកកន្លែងនេនទុំ មកពួនលួចសឹកចាក សិក្ខាបទដោយឯកឯង ដោយសារមិនអាចទប់ចិត្ត និងសេចក្តីស្នេហាររបស់ខ្លួនដែលមានចំពោះនាងទាវបាន...។ បច្ចុប្បន្ន វត្តព្រះវិហារធំនេះ ត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌជាសម្បត្តិបេតិកភណ្ឌជាតិ សម្រាប់ជាមរតកមនុស្សគ្រប់ជំនាន់ ។

នៅពេលដែលអ្នកធ្វើដំណើរចាកចេញពីផ្លូវជាតិលេខ ៧ ចំងាយប្រហែលជា ៣០០ ម៉ែត្រ អ្នកប្រាកដជាបានឃើញនូវដើមពោធិ៍ធំពីរដើម នៅទីតាំងឆ្ងាយពីគ្នាប្រហែល ១០០ ម៉ែត្រ ដុះទ្រុពនៅតាមវាលស្រែ និងមានអាស្របមួយត្រូវបានសាងសង់ឡើងនៅក្បែរគល់ឈើធំនោះ ។ ដើមពោធិ៍ជើងខាលដ៏ធំ បែកមែកធាងធ្លាក់ចុះសំយ៉ាកស្ទើតែដល់ដី គឺស្ថិតនៅក្នុងភូមិពោធិ៍ជើងខាល ក្រុងសួង ខេត្តត្បូងឃ្មុំ ជាទីតាំងកើតហេតុនៅក្នុងរឿងទុំទាងផងដែរ ។ ទីតាំងដើមពោធិ៍ទាំងពីរដើមទាំងពីរដើមនេះ ត្រូវបានអ្នកស្រុក នៅតែចាត់ទុកជាទីតាំងដែលព្រឹត្តិការណ៍បានកើតឡើងជាក់ស្តែងយ៉ាងពិតប្រាកដ...

មិនមែនត្រឹមតែមានទីតាំងជាក់ស្តែង នៅក្នុងអារម្ភកថាស្នាដៃនិពន្ធរបស់កវី នូ កន ដែលត្រូវបានតែងឡើងជាបទពាក្យប្រាំបី បានសរសេរថា៖ “រឿង ទាវឯកនេះ ជារឿងពិត មានដំណាលតាមពាក្យចាស់បុរាណនឹងសាស្រ្តា ដែលគេតែងទុកមករាប់បីកំណើតទាវឯក មកដល់ឥលូវនេះ ប្រហែលប្រាំរយឆ្នាំមកហើយ ។ តែក្នុងប្រវត្តិសាស្រ្តាព្រះរាជពង្សាវតា មិនបានអធិប្បាយឱ្យពិស្ដារឡើយ ។”
ទោះបីជាមតិខាងលើលើកឡើងថារឿងទុំទាវជារឿងពិត ក៏ប៉ុន្តែ មានការសិក្សាស្រាវជ្រាវមួយចំនួនបានលើកឡើងថា៖ រឿងទុំទាវ គ្រាន់តែជារឿងប្រឌិតដូចរឿងនិទានខ្មែរទូទៅមួយចំនួន ដោយយោងទៅលើទស្សនៈដូចខាងក្រោមនេះ៖

ទស្សនៈទី១ លើកឡើងថា ទុំទាវ មិនអាចជារឿងពិត ដោយសារ៖ វត្ថុភស្តុតាង ដែលជាកេរ្តិ៍ដំណែលរបស់រឿងនៅសេសសល់ដល់សព្វថ្ងៃនេះ មិនអាចយកជាការបានឡើយ ព្រោះគ្មានអ្វីជាតឹកតាងបញ្ជាក់នោះទេ ។ ការដែលគេហៅថានោះជាកីរបស់នាងទាវ នោះជាត្បាល់នាងទាវ ឬនោះជាផ្នូរកប់សបរបស់នេនទុំ គឺសុទ្ធតែជាការសន្មត់ទាំងអស់ ។ ម្យ៉ាងវិញទៀត មិនថាដំបូកក្តី អណ្តូងក្តី គឺជាវត្ថុធម្មជាតិ ដែលដូចគ្នាទៅនឹងកន្លែងធម្មតាដទៃទៀតតែប៉ុណ្ណោះ ។

នៅក្នុងទស្សនៈដដែល ក៏បានលើកឡើងបន្ថែមទៀតថា៖ អ្នកនិពន្ធច្រើនតែ ប្រឌិតឱ្យកើតបានទៅជារឿងមួយ ដែលមានដំណើររឿងហូរហែរជាប់ទាក់ទងគ្នា និងជាកម្រងដ៏សមហេតុផលមួយគួរឱ្យជឿបាន មិនថាវត្ថុព្រឹត្តិការណ៍ ហេតុការណ៍ប្រវត្តិសាស្ត្រក្តី ឬធម្មជាតិក្តី ។ មួយវិញទៀត ឧទាហរណ៍ដូចជារឿងភ្នំនាងកងរី នៅខេត្តកំពង់ឆ្នាំង រឿងប្រវត្តិភ្នំសំពៅនៅខេត្តបាត់ដំបង គឺសុទ្ធតែប្រឌិតឡើងជារឿងទាំងអស់ ហេតុនេះហើយ ទើបទស្សនៈខាងលើយល់ឃើញថា រឿងទុំទាវ ក៏ជារឿងប្រឌិតដូចគ្នាដែរ ។ បន្ថែមពីលើនេះ ប្រសិនបើទុំទាវ ជារឿងពិត នោះគួរតែមានចែងឱ្យបានច្បាស់លាស់នៅក្នុងប្រវត្តិសាស្រ្ត ពង្សាវតានៃប្រទេសកម្ពុជា ជាមិនខាន ។



ដោយឡែក ចំពោះទស្សនៈទី២វិញ ក៏បានលើកឡើងតាមការយល់ឃើញរបស់ខ្លួនផងដែរថា៖ “ទុំទាវ ជារឿងពិត ដែលមានកើតឡើងយ៉ាងជាក់ស្តែងក្នុងកាលប្រវត្តិ ក្នុងតថភាពនៃសង្គមប្រវត្តិរបស់ខ្មែរកាលពីសម័យលង្វែក ក្រោមទស្សនៈមួយថា៖ “ពុំដែលមានផ្សែងឥតភ្លើង” និងយោងទៅលើចំណុចសំខាន់ៗចំនួន ៥ ៖
ទី១៖ ដោយសាររឿងនេះ មិនបានចារនៅក្នុងសាស្ត្រាស្លឹករឹតជាប់តៗគ្នា ចែកចាយពេញផ្ទៃប្រទេស ដូចរឿងព្រេងដទៃទៀតដូចជា រឿងសុភាទន្សាយ រឿងចៅគីង្គក់ជាដើម ។ល។ ហើយមួយវិញទៀត កវី នូ កន ដែលលើកយករឿងនេះមកសរសេរបន្ត ខ្លួនតែងរឿងនេះ គឺតែងតាមដំណើររឿងដែលមានតាំងពីដើមមក ។
ទី២៖ គឺការប៉ះពាល់ទៅលើ ជំនឿ ប្រពៃណី ទំនៀមទំលាប់សង្គមអារម្មណ៍របស់ប្រជាជានខ្មែរ និងផលប៉ះពាល់ទៅលើប្រវត្តិសាស្ត្រអតីតព្រះមហាក្សត្រព្រះរាជពង្សាវតា សាសនា ប្រជារាស្ត្រខេត្តត្បូងឃ្មុំ ជាដើម...
ទី៣៖ ភស្តុតាងអ្នកស្រុកត្បូងឃ្មុំ ភូមិជើងខាល ត្រូវទទួលទណ្ឌកម្មជាអ្នកងារ ដែលបញ្ជាក់ថារឿងទុំទាវ គឺជារឿងពិត ។
ទី៤៖ ភស្តុតាងវត្ថុដំណែលដែលគេបានរកឃើញនៅក្នុងគុម្ពោធព្រៃត្បូងឃ្មុំ មានរូបថ្មបាក់បែកខ្លះ មានសណ្ឋានដូចជារូបមនុស្ស ដែលត្រូវបានជីកកប់ក្នុងដី ខ្លះមានរូបរាងដូចជារនាស់ ដែលទំនងជាអ្នកស្រុកជំនាន់បន្ទាប់មកបានទុកជាតំណាងឡើង...។
ទី៥៖ គឺ ទឹកចិត្តរបស់អ្នកស្រុកត្បូងឃ្មុំផ្ទាល់ ដែលមិនចូលចិត្តស្តាប់រឿងទុំទាវ និងអំពីឋានៈជាអ្នកងារនោះទេ ។ អ្នកស្រុកទាំងនោះដឹងរឿងទុំទាវច្បាស់លាស់ណាស់ តែហាមប្រាមកូនចៅមិនឱ្យនិយាយ ឬអានរឿងទុំទាវនោះឡើយ ។




ចុះចំណែកប្រិយមិត្តវិញ តើយល់យ៉ាងណាដែរ?
សរុបសេចក្តីមក រឿងទុំទាវ ទោះបីជារឿងពិត ឬក៏ជារឿងប្រឌិតក៏ដោយ តែស្នាដៃអក្សសិល្ប៍ដ៏ល្អឯងមួយនេះ នៅតែជារឿងមួយដែលមានតម្លៃអប់រំខ្ពស់ សម្រាប់កូនខ្មែរគ្រប់ជំនាន់យកមកសិក្សា វិភាគត្រិះរិះពិចារណា ជាពិសេសអត្ថន័យ និងអត្ថរស ជាមេរៀនមួយអាចជួយឱ្យកូនខ្មែរជំនាន់ក្រោយយកធ្វើជាគំរូរក្នុងការសរសេរ តាក់តែងរឿងដែលមានបង្កប់សារអប់រំ ឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមពោពេញទៅដោយភាពឆ្នៃប្រឌិតខ្ពស់ ដែលសកលលោកទទួលស្គាល់៕

ដោយ៖ Resin
ប្រភព៖ Slideshare.net
Literaturetheara.blogspot
Wikipedia


