
ស្ថិតក្នុងដំណាក់កាលដែលមេរោគកូវីដ-១៩ កំពុងវាយលុក ដែលបង្កជាក្ដីបារម្ភស្ទើពេញពិភពលោកនេះ យើងម្នាក់ៗ ក្រៅពីខិតខំទប់ស្កាត់និងការពារខ្លួនពីការឆ្លងរាលដាលដោយការពាក់ម៉ាសការពារ លាងសម្អាតដៃជាមួយទឹលអាក់កុលឬសាប៊ូជាញឹកញាប់ ដើម្បីសម្លាប់មេរោគ និងចៀសវាងការជួបជុំគ្នាឬធ្វើដំណើរទៅតំបន់ដែលកំពុងតែប្រឈមខ្លាំងហើយនោះ ការទទួលទានប្រភេទអាហារដែលធ្វើឱ្យរាងកាយរឹងមាំ ដើម្បីពង្រឹងភាពស៊ាំក្នុងរាងកាយ ក៏ជាវិធីសាស្រ្តស្នូលក្នុងការ ការពារជំងឺផ្សេងៗបានផងដែរ។
ប្រភេទអាហារទាំង ៣ ក្រុមនោះមានដូចជា៖
១. អាហារថាមពល ផ្ដល់នូវកម្លាំង និង ចំហេះ៖ អាហារថាមពលត្រូវបានគេដឹងថាគឺជាអាហារដែលរួមបញ្ចូលនូវប្រភេទអាហារ ដែលមានរសជាតិផ្អែម អាហារប្រភេទម្សៅ និងអាហារប្រភេទប្រេង។ អាហារប្រភេទផ្អែមមានដូចជាប្រភេទ ស្ករអំពៅ ស្ករត្នោត ឬទឹកឃ្មុំ។ អាហារប្រភេទម្សៅមានដូចជានំប៉័ង នំបញ្ចុក។ និងអាហារប្រភេទខ្លាញ់និងប្រេងមានដូចជា ប្រេងរុក្ខជាតិគ្រប់ប្រភេទទាំងអស់ ដូចជា ប្រេងសណ្ដែក ប្រេងដូង ខ្លាញ់ត្រីជាដើម។

២. អាហារស្ថាបនា ផ្ដល់ភាពលូតលាស់រាងកាយ៖ ប្រភេទអាហារស្ថាបនាមានដូចជា ត្រីគ្រប់ប្រភេទ (មិនថាជាត្រីតូច ត្រីធំ) ស៊ុតបក្សី សាច់សត្វគ្រប់ប្រភេទ និងសណ្ដែកគ្រប់មុខ ដូចជាសណ្ដែកដី សណ្ដែកសៀង ឬ សណ្ដែកបាយជាដើម។

៣. អាហារការពាររាងកាយពីជម្ងឺ៖ មានដូចជា បន្លែ និងរុក្ខជាតិណាដែលមានពណ៌បៃតងចាស់ (ស្លឹកបាស ផ្ទី ត្រកួន ស្ពៃ កញ្ឆែត។ល។) និងបន្លែផ្លែឈើដែលមានពណ៌ លឿងទុំ (ល្ពៅ ស្វាយទុំ ល្ហុង ។ល។) ។

ក្រៅពីទទួលទានអាហារ ទាំង ៣ ក្រុមនេះ ដើម្បីទទួលបានថាមពល ជំនួយដល់ការលូតលាស់ និងពង្រឹងប្រព័ន្ធសរីរាងទាំងអស់ក្នុងខ្លួនឱ្យរឹងមាំ ដើម្បីការពារ និងប្រឆាំងជំងឺហើយនោះ លោកអ្នកក៏គួរតែលៃពេលវេលាក្នុងហាត់ប្រាណជាប្រចាំផងដែរ ដើម្បីឱ្យរាងកាយកាន់តែរឹងមាំ និងចៀសឆ្ងាយពីជំងឺតម្កាត់ផ្សេងៗ៕
ដោយ៖ ភូមិន្ទ


