


Olympia គឺជាផ្ទាំងគំនូរដ៏ល្បីល្បាញមួយ គូរដោយវិចិត្រករមានកេរ្តិ៍ឈ្មោះមួយរូបគឺលោក Édouard Manet នៅក្នុងឆ្នាំ១៨៦៣ ដែលបានគូរខុសពីទម្រង់បែបបទគំនូរបុរាណ និងគូរដោយប្រើពណ៌ប្រេងលើផ្ទាំងក្រណាត់ ជារូបគំនូរនារីអាក្រាតកាយម្នាក់ដេកនៅលើគ្រែ និងមានអ្នកបម្រើស្រីស្បែកខ្មៅស្លៀកពាក់ជិតឈឹងយកបាច់ផ្កាមកជូន ។
គំនូរ Olympia បានដាក់តាំងពីពណ៌លើកដំបូងនៅក្នុងឆ្នាំ១៨៦៥ នៅសាលវិចិត្រ Paris Salon បន្ទាប់ពីត្រូវបានបដិសេធន៍ហាមមិនឱ្យដាក់តាំងដោយគណៈកម្មាការអស់រយៈពេលពីរឆ្នាំ ដោយសារវាជារូបគំនូរអាក្រាតកាយខុសពីគេ។ មូលហេតុនៃការយល់ព្រមទទួលគំនូរនេះទៅដាក់តាំងលើកនេះអាចដោយសារខាងគណៈកម្មាការភ័យព្រួយថា មហាជននឹងរិះគន់ចំពោះការបដិសេធន៍ស្នាដៃសិល្បៈកន្លងមក ហើយពួកគេនឹងឱ្យឈ្មោះការតាំងពីពណ៌នោះថា៖ Salon des Refuses មានន័យថា៖ ពិពណ៌នៃការបដិសេធន៍។
ការដាក់តាំងពិពណ៌ដំបូងនៃគំនូរនេះធ្វើឱ្យមានការភ្ញាក់ផ្អើល និងប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងដោយឃើញរូបនារីក្នុងគំនូរដែលមហាជនយល់ថាជាតំណាងឱ្យទេធីតា Venus ហើយទៅនៅជាមួយនឹងសត្វឆ្មាទៅវិញ ឬមួយក៏ជារូបនារីជាទាសករជាដើម និងការយល់ឃើញមិនល្អជាងនោះទៅទៀត ហើយជាពិសេសភាពលំអិតនៅក្នុងគំនូរបានបញ្ជាក់ថានាងជាស្រីសោភីនីយ៉ាងពិតប្រាកដ ។ ខាងគណៈកម្មាការដែលមិនពេញចិត្តនឹងគំនូរនេះដែរ ក៏បានដាក់តាំងវានៅទីខ្ពស់ដើម្បីឱ្យទស្សនិកជនពិបាកនឹងមើលឃើញច្បាស់ ។

រូបគំនូរ Olympia ត្រូវបានគេចាត់ទុកថាបានគូរត្រាប់តាមគំនូរ Venus of Urbino របស់លោក Titian ក្នុងឆ្នាំ១៥៣៤ ខណៈដៃខាងឆ្វេងនៃគំនូរ Venus of Urbino បង្ហាញពីឥរិយាបថទាក់ទាញ តែដៃឆ្វេងក្នុងគំនូរ Olympia បង្ហាញពីអកប្បកិរិយាបិទបាំង ។
អ្វីដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាពិសេសនោះ មិនមែនត្រឹមតែភាពអាក្រាតកាយរបស់នាង ឬការស្លៀកពាក់ជិតឈឹងរបស់ស្រីបម្រើតែមួយមុខឡើយ ប៉ុន្តែគឺក្រសែភ្នែកនៃការប្រឈមមុខដាក់គ្នារបស់នាង រួមបញ្ចូលបន្ថែមនូវផ្កានៅលើសក់ ខ្សែដៃ ក្រវិលគុជខ្យង ផាហ៊ុមក្រាលក្រោមដងខ្លួន គឺបង្ហាញពីទ្រព្យសម្បត្តិ និងចំណង់ ។ នៅមានខ្សែបូពណ៌ខ្មៅរុំ-ក ផ្ទុយស្រឡះពីពណ៌ស្បែកស្លេកស្លាំងរបស់នាង ចំណែកស្បែកជើងបានគូសបញ្ជាក់ពីបរិយាកាសមិនច្បាស់លាស់ បន្សល់ទុកនូវមន្ទិលជាច្រើន ។
វិចិត្រករ Manet បានជំនួសរូបសត្វកូនឆ្កែដែលតំណាងឱ្យភាពស្មោះត្រង់ក្នុងគំនូរ Venus of Urbino មកជាសត្វឆ្មាពណ៌ខ្មៅ សត្វដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពនាពេលរាត្រី។ ឥរិយាបទ និងក្រសែភ្នែករបស់សត្វឆ្មាជាសញ្ញាណនៃការឱ្យហេតុ ។ Olympia មិនអើពើនឹងផ្កាដែលអ្នកបម្រើរបស់នាងបានបង្ហាញដល់នាងទេ ដែលវាអាចជាបាច់ផ្កាដែលភ្ញៀវទិញជូននាងជាកាដូ ។
មតិមួយចំនួនបានលើកឡើងថា ក្រសែភ្នែកនាងសម្លឹងទៅកាន់មាត់ទ្វារក្នុងឥរិយាបថមួយបង្ហាញថាអ្នកចូលមកមិនបានផ្តល់សញ្ញាជាមុនឡើយ ។

ថ្វីបើគេយល់ថា Olympia បានគូសតាមគំនូរ Venus of Urbino តែគេបានចោទប្រកាន់ថា Olympia មិនបានគោរពដល់ស្នាដៃដើមដ៏ល្អឯករបស់គេថែមទៀតផង ។ ពួកគេនិយាយថា Venus of Urbino គូរឡើងយ៉ាងផ្ចិតផ្ចង់ឥតខ្ចោះស្រស់ស្អាត ជាមួយបរិយាកាសបរិបូរណ៍ក្នុងពិភពស្រមើស្រម៉ៃ ចំណែក Olympia វិញ គូរឡើងក្នុងទម្រង់រាក់កំផែល គ្មានការផ្ចិតផ្ចង់ និងពិបាកមើលព្រោះវាហាក់បង្ហាញពីភាពកង្វក់នៃស្រីសោភីនីបារាំងម្នាក់ ។ លើសពីនេះរូបគំនូរនេះត្រូវបានគូសខុសពីរបៀបដែលធ្លាប់ប្រើតាមកម្មវិធីសិក្សា ខុសរចនាបទដើម លក្ខណសម្បត្តិផ្សេងៗក៏អន់ ការប្រើជក់គូរឃើញច្បាស់ចេស ពន្លឺផ្ទៃគំនូរមើលមិនសូវឃើញច្បាស់ដែលគេយល់ថាគ្មានជំនាញ ពណ៌ផ្ទៃគំនូរមិនស្អាត និងមិនស៊ីជម្រៅថែមទៀតផង ។ ចំណុចទាំងអស់នេះក៏ផ្ទុយទៅនឹងរូបគំនូរអាក្រាតកាយដ៏ឧត្តុងឧត្តមរបស់លោក Alexandre Cabanel គឺគំនូរ La naissance de Vénus ដែលគូរនៅឆ្នាំ១៨៦៣ ដូចគ្នាដែរ ។
តែយ៉ាងណា នៅមានអ្នកយល់ឃើញថា រូបគំនូរ Olympia ជាគំនូរមួយបង្ហាញពីទិដ្ឋភាពនៃស្រ្តីសោភីនី នៅទីក្រុងប៉ារីស នាអំឡុងឆ្នាំ១៨៦០ ច្បាស់តែម្តង ។


សូមរម្លឹកផងដែរថា គំនូររបស់លោក Manet មួយទៀតឈ្មោះ The Luncheon on the Grass ក៏ធ្លាប់ត្រូវបានគេរិះគន់យ៉ាងចាស់ដៃផងដែរ ពេលតាំងបង្ហាញលើកដំបូងនៅឆ្នាំ១៨៦៣ ហើយមកដល់ឆ្នាំ១៨៦៥ គំនូររបស់គាត់គឺ Olympia នេះត្រូវបានគេរិះគន់កាន់តែខ្លាំងមួយសារទៀត ហើយក្រុមអ្នកអភិរក្សសិល្បៈជាដើមបានថ្កោលទោសការងារស្នាដៃនេះថាជារឿងអសីលធម៌ និងថោកទាប ។ ទាំងអ្នកវិភាគសិល្បៈ និងមតិសាធារណៈជនបានថ្កោលទោសស្នាដៃនោះដូចគ្នាដែរ ។
សូម្បីលោក Émile Zola ជាអ្នកនិពន្ធ និងជាអ្នកកាសែតជនជាតិបារាំង ក៏បានផ្តល់យោបល់មិនសមរម្យទាក់ទងនឹងគុណភាពគំនូរជាជាងខ្វល់ពីបញ្ហាប្រធានបទផងដែរ ។ តែគាត់បានផ្តល់កិត្តិយសដល់ភាពស្មោះត្រង់របស់លោក Manet ដោយសារលោក Manet គូរវាឡើងដោយមានភាពជាក់ស្តែង តែគាត់ក៏និយាយទៀតថានៅពេលវិចិត្រករគូរគំនូររូបអាក្រាតកាយផ្សេងៗដូចជាគំនូរ Venus ជាដើម ពួកគេកែរតម្រូវពីធម្មជាតិពិត ពួកគេតែងតែបំភ្លើស និងកុហក ។ ពេលនោះ លោក Édouard Manet បានសួរខ្លួនឯងថា ហេតុអ្វីត្រូវកុហក? ហេតុអ្វីមិនបង្ហាញអ្វីដែលជាការពិត?
លោកវិចិត្រករ Manet ក៏មិនពេញចិត្តនឹងមិត្តម្នាក់របស់គាត់ផងដែរគឺលោក Charles Baudelaire ដែលហាក់យល់ស្របនឹងការរិះគន់អវិជ្ជមាននៃគំនូរ Olympia របស់គាត់ពេលដាក់តាំងពិពណ៌នោះ ដែលក្នុងនាមខ្លួនឯងជាអ្នកវិភាគសិល្បៈ លោក Baudelaire ធ្លាប់ទទួលបានការបណ្តុះបណ្តាលស្តីអំពីថាតើស្នាដៃសិល្បៈគំនូរមួយគួរតែរួមផ្សំនូវសកម្មភាពរស់រវើកដូចជាដេកដើរ សម្លឹង ឬកាយវិកាផ្សេងៗ ហើយបើទោះបីជាគំនូររបស់លោក Manet មានគ្រប់ធាតុទាំងអស់នោះក៏ដោយ តែវាបែរជាមានបញ្ហានៅឯ Paris Salon ដែលវាហាក់ដូចជាការតាំងពិពណ៌គំនូរនោះទៅគឺសម្រាប់តែបម្រើដល់អ្នកដែលចាំតែបញ្ចេញមតិរិះគន់តែប៉ុណ្ណឹងឯង ហើយចំណែកលោក Baudelaire មិនបានជួយមិត្តក្នុងការវែកញែកសេចក្តីអស់នោះឡើយ ។

ក្រៅពីការរិះគន់ស្នាដៃគំនូរហើយ មហាជនថែមទាំងចោទប្រកាន់ថាគំនូរមួយនោះហាក់ដូចជាប្រមាថយ៉ាងខ្លាំងចំពោះបែបផែនសិល្បៈដើម ប្រាសចាកពីអ្វីដែលធ្លាប់ធ្វើកន្លងមក វាទំនើបកម្មជ្រុលពេក ខណៈដែលគំនូរនេះផងដែរត្រូវបានគេសន្មត់ថាបានបរាជ័យក្នុងការលើកកំពស់រូបគំនូរនៃភាពអាក្រាតរបស់ស្ត្រីឱ្យបានត្រឹមត្រូវទៅនឹងឧត្តមគតិដ៏ខ្ពស់បំផុតនៃភាពអាក្រាត ដែលគេតែងតែឃើញនៅក្នុងសិល្បៈបុរាណ ។
គំនិតថ្មីនៃគំនូររបស់លោក Manet មិនត្រូវបានគេចាប់អារម្មណ៍ និងឱ្យតម្លៃយកទៅពិចារណាឡើយ ។ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែជឿជាក់លើស្នាដៃរបស់គាត់ និងអ្វីដែលគាត់បានធ្វើថាវាពិត ជាមានអ្វីពិសេសដែលមនុស្សសម័យនោះ មិនទាន់បើកចិត្តទទួលយក និងមិនទាន់ទទួលយកបាន ។
តែហេតុអ្វីក្រោយមក គំនូរ Olympia បានក្លាយជាគំនូរអាចផ្លាស់ប្តូរបរិបទសិល្បៈទៅវិញ? ហើយបន្តបន្ទាប់មកលោក Édouard Manet ត្រូវបានគេដាក់រហ័សនាមថា Father of Impressionism មានន័យថា បិតានៃរូបារម្មណ៍ ។
នៅឆ្នាំ១៨៧១ លោក Manet បានបង្កើតក្រុមមួយឈ្មោះថា Manet’s rebel status ជាក្រុមដែលនឹងរៀបចំការតាំងពិពណ៌គំនូរដោយខ្លួនឯង មិនចាំបាច់ដាក់ពាក្យសុំចូលនឹងស្ថាប័នណាទាំងអស់ ហើយក្រុមពួកគាត់នឹងធ្វើការប្រឹងប្រែងក្នុងការបង្ហាញស្នាដៃប្រភេទប្រើជក់គូរផ្ទៃពន្លឺឱ្យដូចជាស្រមោលពន្លឺព្រះច័ន្ទដែលចាំងក្នុងទឹក ដោយមិនចាំបាច់គោរពតាមរូបមន្តបុរាណពេក គឺប្រើភាពឆ្នៃប្រឌិតសេរីក្នុងការគូរដោយស្របតាមភាពចាំបាច់ថាគំនូរនោះត្រូវតែគូរយ៉ាងដូច្នេះ ។
រហូតមកដល់ស.វទី២០ អ្នកវិភាគសិល្បៈលោក Clement Greenberg បានធ្វើការប្រកាសថាគំនូររបស់ Manet គែជាស្នាដៃឯក និងពិតជាស្នាដៃសហសម័យគំនូរលើកទី១ ព្រោះវាបានបង្ហាញពីភាពស្មោះត្រង់របស់គាត់ទាំងអស់ទៅលើផ្ទាំងក្រណាត់រាបស្មើមួយដែលត្រូវបានគូរចេញជាគំនូរដ៏ល្អឯកនោះឡើង គឺគំនូរ Olympia ។ គំនូររបស់លោក Manet ជាបដិវត្តសិល្បៈ គឺជាបរិបទសិល្បៈបែបទំនើបទាំងស្រុង មិនខុសឆ្ងាយពីស្នាដៃមុនៗ តែប្លែកថ្មីគួរឱ្យភ្ញាក់ផ្អើល ។
ការបកស្រាយជាច្រើនទៀតបានសង្កត់ធ្ងន់ថា ជាការពិតមានគំនូររូបមនុស្សស្រីអាក្រាតកាយជាច្រើនបានគូរឡើងមកជាច្រើនស.វ មានទាំងរូបសំណាក់នៅប្រទេសក្រិក និងអ៊ីតាលីជាដើម ដែលភាគច្រើនជារូបតំណាងមកពីទេវកថា ឬទេពធីតាក្នុងរឿងនិទានផងដែរ ហើយគំនូរទាំងនោះតែងត្រូវបានគេទទួលស្គាល់ និងឱ្យតម្លៃខ្ពស់ ។ ក៏ប៉ុន្តែ Olympia មិនមែនជាពួកគេទេ ។ Olympia ជាគំនូររូបនារីម្នាក់ ជាស្រីសោភីនីនៅប្រទេសបារាំងក្នុងស.វទី១៩ ។ អាចដោយសារ Olympia ជាស្រីសោភីនី ទើបជាមូលហេតុមួយដែលគំនូរនេះមិនសូវបានគេឱ្យតម្លៃ ។

គុណសម្បត្តិរបស់ Olympia ក្រៅតែពីបង្ហាញពីភាពពិតនៃស្ថានភាពនារីសោភីនី គឺភាពរស់រវើសដែលនាងសម្លឹងមកកាន់អ្នកកំពុងមើលនាងដោយក្រសែភ្នែកត្រជាក់ និងមានអត្ថន័យដែលគួរគិតពិចារណា។ នាងមើលមុខយើងចំ ដោយអ្នកអាចសាកស្រម៉ៃថាតើប្រសិនបើអ្នកជាភ្ញៀវដែលដើរចូលទៅក្នុងបន្ទប់នោះ អ្នកអាចនឹងមានប្រតិកម្មបែបណាដែរ? ដោយការសម្លឹងមើលទឹកមុខនាង អាចឱ្យយើងគិតដល់វិចារណញ្ញាណខ្លួនឯងថាតើយើងកំពុងតែគិតអំពីអ្វីបាន ។ លើសពីនេះទៅទៀត ពណ៌ដែលគូរសម្រាប់នារីស្បែកខ្មៅ ជាអ្នកបម្រើក៏បានឆ្លុះបញ្ចាំងអំពីផ្នត់គំនិតអាណានិគមនិយមបារាំងដែលផ្ទុយស្រឡៈពីពណ៌ត្រូវបានគូរឱ្យ Olympia ផងដែរ ។ ស្រី្តស្បែកខ្មៅជារូបដ៏មានឥទ្ធិពលតំណាងឱ្យបុព្វកាលនៃការរើសអើង ក្នុងគោលបំណងបង្ហាញអំពីទស្សនៈរបស់សង្គមខាងក្រៅពីពួកលោកខាងលិចទៅលើការដាក់អាណានិគម ។

បណ្ឌិត Beth Harris និង Steven Zucker ជាសហស្ថាបនិក និងជាអគ្គនាយកនៃស្ថាប័ន Smart History បានកោតសរសើរគំនូរ Olympia នោះថា៖ អ្វីដែលអាចបញ្ជាក់ថាសិល្បៈមួយជាសិល្បៈដ៏អស្ចារ្យ គឺស្នាដៃសិល្បៈនោះដោយខ្លួនឯងផ្ទាល់តែម្តងដែលជាតឹកតាង សិល្បៈដែលយោងតាមបរិបទបុរាណផង និងត្រូវបានអភិវឌ្ឍបន្ថែមផងដែរ ។ គំនូរ Olympia របស់លោក Manet ប្រៀបបាននឹងព្រះអាទិត្យរៈឡើងវិញនៅពេលព្រឹកព្រលឹម គាត់បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការគូរវាឡើងដែលពោពេញទៅដោយអត្ថន័យ និងមានភាពក្លាហានក្នុងការបង្ហាញពីតថភាពពិត ។
Beth Harris បន្ថែមថា Olympia មិនមែនជាទេពធីតាដែលត្រូវបានគូរឡើងដោយភាពឥតខ្ចោះ និងស្រស់ស្អាត តែ Olympia ជាមនុស្សស្រីពិតប្រាកដម្នាក់ ស្នាក់នៅក្នុងអផាមិនមួយក្នុងទីក្រុងប៉ារីស ។ មនុស្សយើងពិតប្រាកដ គឺមិនល្អឥតខ្ចោះឡើយ ។ យើងអាចមើលឃើញផ្ទៃមុខមិនសូវសមសួន និងបបូរមាត់ស្តើងរបស់នាង នាងគឺមិនល្អឥតខ្ចោះនោះទេ ។ Olympia សម្លឹងមើលមកយើងដោយត្រង់ ជាមួយនឹងទឹកមុខមានមនោសញ្ចេតនាផង សញ្ចឹងគិតផង ក្នុងការប្រឈមមុខជាមួយនឹងយើង ។ យើងមិនអាចសម្លឹងមើលនាងព្រោះតែសម្រស់របស់នាងតែមួយមុខទេ តែសម្លឹងមើលអាចឱ្យឃើញដល់ជម្រៅចិត្តរបស់នាងក្នុងនាមជាស្រីសោភីនីម្នាក់ ។
លោក Édouard Manet ជាម្ចាស់គំនូរក៏ធ្លាប់បានបកស្រាយផងដែរថា Olympia ជានារីពិតប្រាកដម្នាក់ ដែលភាពអាក្រាតកាយរបស់នាង គឺចង់សង្កត់ធ្ងន់លើការទទួលរងសម្ភាធពីពន្លឺភ្លើងដ៏អួរអាប់ និងពិសពល់ ។ ផ្ទាំងក្រណាត់តែមួយផ្ទាំងមានទំហំ ៥១,៤ គុណនឹង ៧៤,៨ អ៊ីញ គឺធំជាងផ្ទាំងក្រណាត់សម្រាប់គូរគំនូរទូទៅ ។ ផ្ទាំងគំនូរភាគច្រើនប្រើទំហំនេះ គេច្រើនប្រើសម្រាប់គូរពិពណ៌នាអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ឬទេវកថា តែផ្ទាំងគំនូរ Olympia នេះក៏ជាផ្នែកមួយនាំឱ្យមហាជនមានការភ្ញាក់ផ្អើលផងដែរ ។
សូមរម្លឹកផងដែរថា លោក Manet នៅតែរក្សាទុកផ្ទាំងគំនូរមួយនេះ ថាជាសា្នដៃល្អឯករបស់គាត់រហូតបាត់បង់ជីវិត ។ នៅឆ្នាំ១៨៨៩ បន្ទាប់ពីគាត់ស្លាប់បាន ៦ឆ្នាំ Olympia ត្រូវបានទិញជាសាធារណៈពីខាងប្រទេសបារាំងផ្ទាល់ ដែលត្រូវបានរៀបចំឡើងដោយ Claude Monet ក្នុងតម្លៃ ១៩ ៤១៥ ហ្វ្រង់ ។ Olympia ក៏បានក្លាយជាផ្នែកមួយរបស់ Luxembourg collection នៅឆ្នាំ១៨៩០ មុនពេលផ្ទេរទៅទុកនៅសារមន្ទីរ Louvre ក្នុងឆ្នាំ១៩០៧ ហើយត្រូវបានដាក់តាំងទល់មុខនឹងគំនូរ La Grande Odalisque ដែលបានគូរនៅឆ្នាំ១៨១៤ ដោយ J.A.D.Ingres ហើយបច្ចុប្បន្នដាក់តាំងនៅសារមន្ទីរ Musee d'Orsay ក្នុងប្រទេសបារាំង ។


រូបគំនូរ Olympia បានក្តោបក្តាប់ពេលវេលាដ៏មានតម្លៃនៅក្នុងប្រវត្តិសាស្ត្រសិល្បៈ ក្នុងការផ្លាស់ប្តូរបរិបទសិល្បៈពីប្រពៃណីបុរាណទៅជាទំនើបកម្ម ដែលជាការប្រៀបធៀបដ៏ល្អមួយទៅលើការបាត់បង់អតីតកាលដែលអាចគួរឱ្យសោកស្តាយ ទៅជាអនាគតដែលមិនទាន់អាចដឹងបាន ។ គំនូរ Olympia គឺជាស្នាដៃគម្រូសិល្បៈមួយដ៏ល្អឯក ដែលបង្ហាញពីតថភាពពិត នឹងត្រូវបានគេឱ្យតម្លៃជាសកល ។
តើលោកអ្នកមើលឃើញថាដូចម្តេចដែរចំពោះគំនូរមួយផ្ទាំងនេះ? តើលោកអ្នកឱ្យតម្លៃសិល្បៈ ព្រោះវាបង្ហាញតែភាពល្អឥតខ្ចោះ ឬសិល្បៈដែលស្តែងពីថតភាពពិត?
ប្រភព៖ Wikipedia
Smart history


