លទ្ធផលតាមដាន៖ ទឹកទន្លេមេគង្គ មិនរងការបំពុលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងជីវៈចម្រុះទេ
S
Soriya Sou
•
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ ឆ្លងកាត់ការតាមដានយ៉ាងជាប់លាប់ ល្អិតល្អន់ បានបង្ហាញថា ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជា មិនមានទទួលរងនូវការបំពុលឡើយ។ នេះបើតាមឱ្យដឹងពីក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦...។

ក្រសួងបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៦ មន្រ្តីជំនាញ នាយគ្រប់គ្រងគុណភាពទឹក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ទីរបរិស្ថាន រាជធានី-ខេត្តតាមបណ្តោយទន្លេមេគង្គ បានធ្វើការតាមដានគុណភាពទឹកទន្លេមេគង្គចំនួន១១ទីតាំង សរុបចំនួន១១០សំណាក ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង, ក្រចេះ, កំពង់ចាម, ត្បូងឃ្មុំ, រាជធានីភ្នំពេញ,  កណ្តាល, និងព្រៃវែង។ ក្រោយការពិនិត្យតាមដានសន្ទស្សន៍គុណភាពទឹកយ៉ាងយកចិត្តទុកដាក់ លទ្ធផលបានបង្ហាញថា ទឹកទន្លេមេគង្គ ទាំង១១ទីតាំង ស្ថិតក្នុងចំណាត់ថ្នាក់ល្អ និងល្អណាស់ ពុំបានបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ នោះទេ។

ក្នុងនោះ ២ទីតាំង រួមមាន៖ ព្រំដែនកម្ពុជា-ឡាវ ខេត្តស្ទឹងត្រែង និងពាមជរ ខេត្តព្រៃវែង ទទួលបានកម្រិតគុណភាពទឹក «ល្អណាស់» ចំណែក៩ទីតាំងទៀត រួមមាន៖ ក្រុងក្រចេះ និងកាំពី ខេត្តក្រចេះ, ស្ពានកោះប៉ែន បឹងកុក និងគីហ្សូណា ខេត្តកំពង់ចាម, ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ, ជ្រោយចង្វា រាជធានីភ្នំពេញ, កំពង់ចម្លងផ្លូវត្រី ខេត្តកណ្តាល និងអ្នកលឿង ខេត្តព្រៃវែង ទទួលបានកម្រិតគុណភាពទឹក «ល្អ»។ ដោយឡែក ប៉ារ៉ាម៉ែត្រលោហៈធ្ងន់ រួមមាន៖ កាត់ម្ញូម, ក្រូមវ៉ាឡង់៦, សំណ , ប៉ារ៉តសរុប, អាសេនិច, ទង់ដែង, និងនីកែល, មិនត្រូវបានរកឃើញនៅក្នុងទឹកទន្លេមេគង្គ នៅទីតាំងទាំង១១ខាងលើនោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត