រដ្ឋសភាកម្ពុជា ច្រានចោលសម្ដីប្រធានសភាថៃ ថា កម្ពុជាដកពាក្យ[បញ្ហាព្រំដែន និងជនភៀសសឹកជាង២ម៉ឺននាក់]ចេញពីរបាយការណ៍ដែលបានឯកភាពក្នុងកិច្ចប្រជុំអាយប៉ា
S
Soriya Sou
•
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា លោក ឈាង វណ្ណរិទ្ធ បានប្រតិកម្មតប និងចេញមកច្រានចោលការចុះផ្សាយរបស់កាសែតថៃ The Nation ដែលបានដកស្រង់សម្ដីប្រធានរដ្ឋសភាថៃ ថាកម្ពុជាបានដកពាក្យ [បញ្ហាព្រំដែន និងបញ្ហាជនភៀសសឹកជាង២ម៉ឺននាក់រងគ្រោះព្រោះថៃឈ្លានពាន] ចេញពីរបាយការណ៍ ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំ AIPA ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន...។

លោក ឈាង វណ្ណរិទ្ធ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា
លោក ឈាង វណ្ណរិទ្ធ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា

នៅមុខអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឈាង វណ្ណរិទ្ធ ដែលបានចូលរួម និងតាមដានដោយផ្ទាល់ កិច្ចប្រជុំ ASEAN-AIPA Interface លើកទី១៥ បានបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនបានដកពាក្យពេចន៍ ឬទិន្នន័យណាមួយឡើយ។ លោកអះអាងថា សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ASEAN-AIPA Interface លើកទី១៥ គឺជា «ឯកសាររឹង» ដែលបានអនុម័តរួចរាល់ មិនអាចកែប្រែបានទេ ហើយភាគីថៃ ក៏បានយល់ព្រមជាគោលការណ៍រួចហើយដែរ។ លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជាដែរនោះ ក៏បានចូលរួមបញ្ជាក់ជូនសាធារណជនថា ឯកសារទាំងអស់ដែលអនុម័តដោយមហាសន្និបាតអន្តរសភាអាស៊ាន AIPA ត្រូវបានឆ្លងកាត់នីតិវិធី និងអនុម័តជាផ្លូវការរួចរាល់ហើយ ដោយតួលេខជនភៀសសឹកខ្មែរជាង២ម៉ឺននាក់ មិនត្រូវបានលុបចេញពីរបាយការណ៍ឡើយ និងត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុង «សារអាយប៉ា (AIPA Message)» ដែលប្រធានសភាប្តូរវេនអាយប៉ា តំណាងឱ្យប្រជាជនជាង៦០០លាននាក់ បានអានជូនរដ្ឋាភិបាលអាស៊ានទាំងអស់ស្ដាប់ដោយផ្ទាល់។

កិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា (AIPA)
កិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា (AIPA)

ការចេញមកបញ្ជាក់ដូច្នេះ ពីសំណាក់អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បន្ទាប់ពីសារព័ត៌មានថៃ The Nation កាលពីថ្ងៃទី២០វិច្ឆិកាម្សិលមិញ បានចុះផ្សាយដោយស្រង់សម្តីលោក សុផុន សារ៉ាម ប្រធានរដ្ឋសភាថៃ ថាគណៈប្រតិភូថៃ បានរៀបចំយុទ្ធសាស្ត្រការទូតជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងឯកសាររបស់អាយប៉ា ដែលបានបញ្ចូលជម្លោះព្រំដែន និងបញ្ហាជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការនយោបាយរបស់អាយប៉ា គណៈប្រតិភូថៃ ប្រកាសមិនគាំទ្ររបាយការណ៍ ឬឯកសារនោះទេ បើឃ្លាដែលខ្លួនជំទាស់ មិនត្រូវបានដកចេញ នោះគឺឃ្លាដែលពាក់ព័ន្ធនឹងជម្លោះព្រំដែន និងបញ្ហាប្រជាជនភៀសសឹកកម្ពុជា។ ប្រធានរដ្ឋសភាថៃ អះអាងថា កម្ពុជាបានយល់ព្រមដកឃ្លាននេះចេញវិញ ហើយថៃក៏បានយល់ព្រមគាំទ្ររបាយការណ៍ ឬឯកសារនោះ។

លោក សុផុន សារ៉ាម ប្រធានរដ្ឋសភាថៃ
លោក សុផុន សារ៉ាម ប្រធានរដ្ឋសភាថៃ

លោក កែវ ពិសិដ្ឋ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានចាត់ទុកការលើកឡើងរបស់ភាគីថៃ គ្រាន់តែជាការធ្វើប្រជាភិថុត បោកប្រាស់សហគមន៍អន្តរជាតិ និងពលរដ្ឋខ្លួនឯង ដើម្បីគេចពីការស្តីបន្ទោសចំពោះការខកខានមិនបានចូលរួមកិច្ចប្រជុំត្រៀមពិនិត្យសារអាយប៉ាប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា ភាគីថៃអាចបំភ្លៃ «សជាខ្មៅ ខ្មៅជាស» បាន ប៉ុន្តែមិនអាចបំភ្លៃការពិតនៅចំពោះមុខអាស៊ាន និងពិភពលោកបានទេ៕

លោក កែវ ពិសិដ្ឋ នាយកខុទ្ធកាល័យ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា
លោក កែវ ពិសិដ្ឋ នាយកខុទ្ធកាល័យ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា
ផ្ទះបណ្ដោះអាសន្នរបស់ជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់
ផ្ទះបណ្ដោះអាសន្នរបស់ជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត