សមត្ថកិច្ចឌីជីថលកម្ពុជា ចែករំលែកបទពិសោធស៊ើបអង្កេតមជ្ឈមណ្ឌលឆបោកអនឡាញ នៅស្នាក់ការនគរបាលអន្តរជាតិ INTERPOL
ហាក់ អ៊ីឌី
•
5 ម៉ោងមុន

រាជធានីភ្នំពេញ៖​ មន្ត្រីជំនាញនៃសមត្ថកិច្ចឌីជីថលកម្ពុជា បានចូលរួមចែករំលែកបទពិសោធការងារជាក់ស្តែង ផ្តោតសំខាន់ទៅលើការស៊ើបអង្កេត ចំពោះមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅឯស្នាក់ការនគរបាលអន្តរជាតិ INTERPOL...។ 

សិក្ខាសាលាកម្រិតអន្តរជាតិនេះ រៀបចំឡើងតាមរយៈក្រុមការងារប្រតិបត្តិការ SHADOW STORM របស់អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ រួមទាំងបណ្តាប្រទេសសមាជិកអាស៊ាន និងមួយចំនួនទៀត ដែលជាសមាជិករបស់នគរបាលអន្តរជាតិ។ ក្នុងវេទិកាអន្តរជាតិដ៏មានសារសំខាន់នេះ លោកវរសេនីយ៍ទោ ថោង ពេជ្រពន្លឺ តំណាងសមត្ថកិច្ចឌីជីថលកម្ពុជា បានចូលរួមធ្វើជាវាគ្មិនកិត្តិយស ដើម្បីធ្វើបទបង្ហាញចែករំលែកបទពិសោធ ដោយផ្តោតលើការស៊ើបអង្កេតចំពោះមជ្ឈមណ្ឌលឆបោកអនឡាញនាពេល កន្លងមក។

ការចូលរួមចែករំលែកបទពិសោធនៅស្នាក់ការនគរបាលអន្តរជាតិ INTERPOL នាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់លើឆាកអន្តរជាតិ នូវសមត្ថភាព ជំនាញបច្ចេកទេស និងកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត