
ខេត្តកណ្តាល៖ កម្មករ-កម្មការិនីរោងចក្រ ខេមបូ យូនីសូល ប្រមាណជាង១ពាន់នាក់ បាននាំគ្នាធ្វើកូដកម្មអហិង្សា ទាមទារឱ្យថៅកែរោងចក្រគោរពច្បាប់ការងារ តាមរយៈការផ្តល់ជូនប្រាក់ដំណាច់ឆ្នាំ និងកាត់បន្ថយការបន្ថែមបន្ទុកការងារលើសកម្រិត...។

គិតត្រឹមព្រឹកម៉ោង៨ៈ១០នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្មករ-កម្មការិនីជាង១០០០នាក់ ក្នុងចំណោមកម្មករសរុប១៨០០នាក់ (ស្មើនឹងប្រមាណ៨០ភាគរយ) នៃក្រុមហ៊ុន ខេមបូ យូនីសូល ខូអិលធីឌី (Cambo Unisol Co., Ltd.) ដែលមានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ 7NG ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានសម្រេចចិត្តបន្តធ្វើកូដកម្មអហិង្សាមិនចូលធ្វើការ បន្ទាប់ពីកិច្ចសម្របសម្រួលពីភាគីពាក់ព័ន្ធកន្លងមក មិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយដែលអាចទទួលយកបាន និងសះជាឡើយ។

ការផ្ទុះការតវ៉ានេះ កើតឡើងដោយសារកម្មករ-កម្មការិនីយល់ឃើញថា លក្ខខណ្ឌការងារបច្ចុប្បន្ន កំពុងបង្កជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់ពួកគាត់ ដោយក្រុមកម្មករ និងពលរដ្ឋបានលើកឡើងនូវចំណុចស្នូលចំនួន៣ ជាគោលសម្រាប់ការទាមទាររកដំណោះស្រាយ រួមមាន៖ ទី១.ការកំណត់ចំនួនផលិតកម្មលើសកម្លាំងមនុស្ស, ទី២.បញ្ហាប្រាក់បំណាច់ឆ្នាំ (ការឈប់សម្រាកប្រចាំឆ្នាំ), ទី៣.សម្ពាធផ្លូវចិត្ត និងកត្តាជីវភាពឈានដល់កម្រិតទប់លែងជាប់។ កម្មករបានលើកឡើងពីការកំណត់គោលដៅផលិតកម្មខ្ពស់ហួសប្រមាណ មិនសមាមាត្រនឹងកម្លាំងពលកម្មមនុស្ស។ ពួកគេបានប្រៀបធៀបយ៉ាងចាក់ដោតថា៖«កម្លាំងមនុស្ស មិនអាចបើកកុងទ័រ១២០ពេញមួយថ្ងៃ ដូចបើកម៉ូតូ ឬរថយន្តបានទេ» នេះជាការបង្ហាញពីភាពនឿយហត់ហួសកម្រិត និងសម្ពាធការងារប្រចាំថ្ងៃខ្ពស់ ដែលកម្មករ-កម្មការិនីរោងចក្រមិនអាចទទួលយកបាន។

កម្មករ-កម្មការិនី បានសង្កត់ធ្ងន់ថា ទោះបីជាប្រាក់បំណាច់ឆ្នាំមានចំនួនមិនច្រើនក្ដី ប៉ុន្តែវាពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ជីវភាពអ្នកខ្វះខាត។ កម្មករ-កម្មការិនី មកធ្វើការគឺដើម្បីរកប្រាក់ចំណូល ដូច្នេះ ប្រសិនបើពួកគាត់មិនបានឈប់សម្រាក និងមិនបានប្រើប្រាស់សិទ្ធិឈប់សម្រាកប្រចាំឆ្នាំ ក្រុមហ៊ុន គួរតែគិតគូរទូទាត់ជាប្រាក់សំណងជូនពួកគាត់វិញ ជាជាងការកាត់ចោលដោយឥតប្រយោជន៍។ ក្រុមកម្មករ បានបញ្ជាក់ពីជំហរពិតប្រាកដ ថា គ្មានកម្មករណាម្នាក់ ចង់ធ្វើកូដកម្មបែបនេះឡើយ ព្រោះវាធ្វើឱ្យខាតបង់ពេលវេលា និងប្រាក់ឈ្នួលប្រចាំថ្ងៃ ប៉ុន្តែដោយសារតែសម្ពាធការងារ និងការរឹតត្បិតសិទ្ធិអត្ថប្រយោជន៍មានទម្ងន់ធ្ងន់ពេក រហូតដល់ពួកគាត់ទ្រាំលែងបាន ទើបបង្ខំចិត្តនាំគ្នាចេញមកទាមទារដោយអហិង្សាបែបនេះ។

គួររម្លឹកផងដែរថា ការធ្វើកូដកម្មនេះ មិនមែនទើបតែផ្ទុះឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះទេ ពោលគឺបានចាប់ផ្តើមតាំងពីល្ងាចថ្ងៃម្សិលមិញមកម្ល៉េះ ប៉ុន្តែដោយសារមិនទាន់មានដំណោះស្រាយណាមួយចេញជារូបរាង ទើបការតវ៉ានៅបន្តរហូតដល់ព្រឹកនេះ។ យ៉ាងណា ជុំវិញករណីវិវាទការងារនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹងអំពីស្ថានការណ៍នេះរួចហើយ និងកំពុងចាត់មន្ត្រីជំនាញចុះទៅពិនិត្យ និងសម្របសម្រួលផ្ទាល់នៅទីតាំងរោងចក្រ ដើម្បីស្វែងរកដំណោះស្រាយសមស្រប ជូនភាគីកម្មករ និងនិយោជកផងដែរ ដូច្នេះយើងរង់ចាំមើលថា តើភាគីទាំងពីរ អាចឆ្ពោះទៅរកការឯកភាពមួយ រួមគ្នាបានដែរឬទេ?..៕




