គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ«កោះនរា-មេគង្គឃី»ចាប់ផ្តើមសាងសង់ ក្រសួងអំពាវនាវឱ្យអ្នកធ្វើដំណើរតាមផ្លូវទឹកបង្កើនការប្រុងប្រយ័ត្ន
S
Soriya Sou
•
3 ម៉ោងមុន

ក្រុងអរិយក្សត្រ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា មានទីតាំងភូមិសាស្ត្រនៅត្រើយខាងកើត ស្ថិតនៅក្នុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រើយខាងលិច ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់ជាផ្លូវការ...។ 

ស្របពេលគម្រោងនេះបានដំណើរការ ក្រសួងសាធារណការ និងជញ្ជូន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញមកអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ ខណៈពេលនេះនៅតំបន់ការដ្ឋានសាងសង់ស្ពាន ផ្លូវនាវាចរណ៍នឹងបង្កលក្ខណៈរួមតូច អាចរំខានដល់ការធ្វើដំណើរឆ្លងកាត់ទៅមករបស់នាវា។ ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ដែលធ្វើដំណើរតាមដងទន្លេបាសាក់ ឆ្លងកាត់តំបន់ការដ្ឋានកំពុងសាងសង់ ក្រសួងណែនាំឱ្យសាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ សូមបន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។

ត្រូវរក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេស នៅរដូវវស្សាដែលមានចរន្តទឹកហូរ និងគួចខ្លាំងដើម្បីចៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។ សូមផ្ដល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្ដល់សញ្ញា និងការណែនាំពីបុគ្គលិកការដ្ឋានសាងសង់។ ជាងនេះទៅទៀត ក្រសួងមិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ៥០០ម៉ែត្រ ពីការដ្ឋានសាងសង់។ សម្រាប់នាវាដែលធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់។ ហាមបើកវ៉ាជែងគ្នា និងល្បឿនលឿនបណ្ដាលឱ្យមានរលកខ្លាំង និងត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាក្នុងចម្ងាយ៥០០ម៉ែត្រ ក្នុងករណីធ្វើឱ្យនាវាចរណ៍បញ្ច្រាស់ចរន្តទឹកហូរ និង១០០០ម៉ែត្រ ក្នុងករណីធ្វើនាវាចរណ៍ស្របតាមចរន្តទឹកហូរ។ ដូច្នេះ សូមសាធារណជន ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក យកចិត្តទុកដាក់ខ្ពស់ក្នុងអំឡុងពេលនៃការធ្វើនាវាចរណ៍ ឆ្លងតំបន់សាងសង់ស្ពានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត