
រដ្ឋធានីម៉ូស្គូ៖ យន្តហោះដឹកជញ្ជូនយោធារុស្ស៊ីមួយគ្រឿង បានធ្លាក់កាលពីថ្ងៃអង្គារទី១៧ ខែវិច្ឆិកា នៅក្នុងតំបន់កេមេរ៉ូវ៉ូ (Kemerovo) នៃតំបន់ស៊ីបេរី ដោយបានសម្លាប់មនុស្សទាំងអស់១៩នាក់នៅលើយន្តហោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ីថា៖«យន្តហោះដឹកជញ្ជូនយោធាប្រភេទ An-12 បានធ្លាក់នៅក្នុងតំបន់កេមេរ៉ូវ៉ូ ខណៈពេលកំពុងហោះហើរតាមកាលវិភាគ។ យន្តហោះនេះបានធ្លាក់ចុះនៅក្នុងតំបន់ដែលគ្មានមនុស្សរស់នៅ។ មានមនុស្សចំនួន១៩នាក់នៅលើយន្តហោះ រួមទាំងក្រុមអាកាសយានិក ហើយពួកគេទាំងអស់បានបាត់បង់ជីវិត»។ ទីភ្នាក់ងារ TASS បានបន្ថែមថា មូលហេតុបឋមនៃការធ្លាក់យន្តហោះនេះ គឺបណ្ដាលមកពីបញ្ហាបច្ចេកទេស។ ជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មាន RIA Novosti (រីអា ណូវ៉ូស្ទី) បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងដដែលថា៖«គណៈកម្មការមកពីកងកម្លាំងអវកាសរុស្ស៊ី កំពុងធ្វើការនៅកន្លែងកើតហេតុ ដើម្បីកំណត់ពីឧបទ្ទវហេតុនេះ»។ វីដេអូពីកន្លែងកើតហេតុបង្ហាញ ពីរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង កំពុងបើកភ្លើងស៊ីរ៉ែនភ្លឺព្រោងព្រាតនៅក្នុងទីងងឹត៕




