
អាស៊ែបៃហ្សង់ បានអះអាងថា បេសកជនរបស់អង្គការសហប្រជាជាតិមួយរូប បានទៅធ្វើទស្សនកិច្ចនៅតំបន់ Nagorno-Karabakh កាលពីថ្ងៃអាទិត្យទី១តុលា បន្ទាប់ពីប្រជាជនជនជាតិភាគតិច-អាមេនី ស្ទើរតែទាំងស្រុង បានភៀសខ្លួនចាប់តាំងពីទីក្រុងបាគូ (Baku) ដណ្តើមយកបានតំបន់ដែលមានវិបត្តិមួយនេះមកវិញ។

អ្នកនាំពាក្យប្រធានាធិបតីរបស់អាស៊ែបៃហ្សង់បានប្រាប់ AFP ថា៖«បេសកកម្មរបស់អង្គការសហប្រជាជាតិ បានមកដល់តំបន់ Karabakh នៅព្រឹកថ្ងៃអាទិត្យ ខណៈបុព្វហេតុចម្បង គឺដើម្បីវាយតម្លៃតម្រូវការមនុស្សធម៌»។ ជាការពិតណស់ វាជាលើកដំបូងក្នុងរយៈពេលប្រហែល៣០ឆ្នាំហើយ ដែលស្ថាប័នអន្តរជាតិទទួលបានសិទ្ធិចូលទៅកាន់តំបន់នេះ។ ក្រោយមកនៅថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការបរទេសអាស៊ែបៃហ្សង់បានប្រាប់ AFP ថា បេសកកម្មអង្គការសហប្រជាជាតិ បានទៅត្រួតពិនិត្យទីតាំងនៅព្រំដែន នៃតំបន់ Karabakh ជាមួយប្រទេសអាមេនី។ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបាននិយាយថា បេសកកម្មដែលដឹកនាំដោយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសអាស៊ែបៃហ្សង់ ត្រូវបានគេរំពឹងថា នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទទី២តុលានេះ។

ក្រុមបំបែកខ្លួនអាមេនី ដែលបានគ្រប់គ្រងតំបន់ Karabakh អស់រយៈពេល៣ទសវត្សរ៍ បានយល់ព្រមដាក់អាវុធចុះ រំលាយរដ្ឋាភិបាលរបស់ពួកគេ និងធ្វើសមាហរណកម្មជាមួយទីក្រុងបាគូ បន្ទាប់ពីការវាយលុករយៈពេលមួយថ្ងៃដោយប្រទេសអាស៊ែបៃហ្សង់ កាលពីសប្តាហ៍មុន។ សេចក្ដីបញ្ចប់នៃការផ្តាច់ខ្លួនរបស់ក្រុមអាមេនីនៅតំបន់ Karabakh បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្ដីសុបិនរាប់សិបសតវត្សរ៍មកហើយ ដោយជនជាតិអាមេនី ដែលបានព្យាយាមបង្រួបបង្រួមតំបន់ Karabakh ខណៈក្រុមបំបែកខ្លួនអាមេនីអះអាងថា ទឹកដីដូនតារបស់ពួកគេ បានបែងចែករវាងមហាអំណាចក្នុងតំបន់ ចាប់តាំងពីយុគសម័យកណ្តាល។ ស្ទើរតែទាំងអស់នៃអ្នកស្រុកតំបន់ Karabakh ពោលគឺប្រមាណ១២ម៉ឺននាក់ បានភៀសខ្លួនចេញពីទឹកដីក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីតំបន់នេះ ត្រូវបានច្បាមយកមកវិញដោយអាស៊ែបៃហ្សង់ ដែលបង្កឱ្យមានវិបត្តិជនភៀសខ្លួនយ៉ាងគគ្រឹកគគ្រេង។

ជុំវិញរឿងរ៉ាវនេះ ប្រធានាធិបតីអាស៊ែបៃហ្សង់ បានលើកឡើងថា៖«សេវាចំណាកស្រុករបស់ក្រុងបាគូ បានចាប់ផ្តើមដំណើរការនៅក្នុងតំបន់សំខាន់ Karabakh ចុះឈ្មោះអ្នកស្រុកអាមេនី ដើម្បីធានាបាននូវសមាហរណកម្មប្រកបដោយនិរន្តរភាព[..] របស់ពួកគេ ទៅក្នុងសង្គមអាស៊ែបៃហ្សង់ ហើយពួកគេទទួលបានការឧបត្ថម្ភពីរដ្ឋអាស៊ែបៃហ្សង់»។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអាមេនីលោក ណាហ្សេលី ប៊ែកដាសារីយ៉ាន បាននិយាយថា៖«ការដឹកជញ្ជូនជនភៀសខ្លួនដោយបង្ខំពីតំបន់ Karabakh ជិតដល់ទីបញ្ចប់ហើយ ខណៈដែលជនភៀសខ្លួនប្រមាណ១០០៥១៤នាក់ បានមកដល់ប្រទេសអាមេនីនៅល្ងាចថ្ងៃអាទិត្យទី១តុលា»៕






