យូណេស្កូប្ដេជ្ញាពង្រឹងភាពជាដៃគូ និងកៀរគរមូលនិធិ ដើម្បីគាំទ្រលើការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា
S
Soriya Sou
•
12 ឧសភា 2026 09:20 AM

រាជធានីភ្នំពេញ៖ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក ហ្វ្លេវីយោ បូនេតទី (Flavio Bonetti) បានជម្រាប សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា យូណេស្កូ នឹងបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត…។

ក្នុងជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក ហ្វ្លេវីយោ បូនេតទី ក៏បានគោរពជម្រាបសម្ដេចធិបតី ពីការរួមចំណែករបស់យូណេស្កូលើការផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។ នេះជាអាទិភាពចម្បងរបស់អង្គការ។ លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ លើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូនាពេលកន្លងមក រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចគូសបញ្ជាក់ថា ការអភិរក្សបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយ មិនត្រឹមតែមានសារសំខាន់សម្រាប់ប្រជាជនកម្ពុជា និងយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃមហាសាលសម្រាប់មនុស្សជាតិទូទាំងសកលលោកផងដែរ។ សម្ដេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅតែជាអាទិភាពដ៏សំខាន់របស់កម្ពុជា ហើយរាជរដ្ឋាភិបាល ដែលមានក្រសួងវប្បធម៌ ជាសេនាធិការ បាននិងកំពុងជំរុញបន្ថែមទៀតនូវការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ជាថ្មីម្ដងទៀត សម្ដេចបានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ និងដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត