ស្ថាប័ន Fight Clubbing កក់សំបុត្រយន្តហោះនាំកីឡាករគុនខ្មែរ២រូប ទៅដណ្ដើមខ្សែក្រវាត់គុនខ្មែរអន្តរជាតិ នៅសានម៉ារីណូ
Chanmarady Chuon
•
5 ម៉ោងមុន

គុនខ្មែរ៖ ស្ថាប័នប្រដាល់កម្រិតអន្តរជាតិ Fight Clubbing បានសម្រេចកក់សំបុត្រយន្តហោះសម្រាប់អត្តពលិកគុនខ្មែរ២រូប ធ្វើដំណើរទៅកាន់ប្រទេសសានម៉ារីណូ (San Marino) ក្នុងបេសកកម្មប្រកួតដណ្ដើមខ្សែក្រវាត់គុនខ្មែរពិភពលោក និងការប្រកួតលក្ខណៈ Super Fight ក្នុងព្រឹត្តិការណ៍ Fight Clubbing លើកទី៤៦ ដែលនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ទី១៩ ខែធ្នូ ឆ្នាំ២០២៦ខាងមុខ នៅសង្វៀន ម៉ាល់ទីអ៊ីវ៉េនធី ស្ពត ដូម៉ូស (Multieventi Sport Domus)…។

ការប្រកួតកម្រិតអន្តរជាតិនេះ គឺជាកិច្ចសហការរវាងស្ថាប័ន Fight Clubbing ជាមួយស្ថានីយទូរទស្សន៍ថោន ជាថ្មីម្ដងទៀត ដោយមានការផ្សាយផ្ទាល់ទៅកាន់ពិភពលោក តាមរយៈបណ្ដាញ DAZN។ ព្រឹត្តិការណ៍នេះ មានការប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯកពិភពលោក Kun Khmer World Champion រហូតដល់ទៅ៣ខ្សែ (មានកីឡាករគុនខ្មែរដណ្ដើមម្នាក់) និងមានកំពូលតារាប្រដាល់អន្តរជាតិសរុប២៤រូប ចូលរួមប្រកួត។ សូមរម្លឹកថា បន្ទាប់ពីទទួលបានជោគជ័យ និងមានការគាំទ្រខ្លាំងពីអ្នកទស្សនាជាង២០០ប្រទេស ជុំវិញការសហការរៀបចំមហាព្រឹត្តិការណ៍«ភិមានអាកាសគុនខ្មែរ x Fight Clubbing» នៅលើទឹកដីក្រុងអង្គរ នាប្រាសាទភិមានអាកាស ដែលជាប្រាសាទកសាងឡើងដោយបុព្វបុរសដូនតាខ្មែរ នៅចុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវម៌្មទី២ និងត្រូវបានបញ្ចប់ជាស្ថាពរនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាល ព្រះបាទសូរ្យវម៌្មទី១ កាលពីពេលថ្មីៗ ស្ថាប័ន Fight Clubbing កាន់តែចាប់អារម្មណ៍ខ្លាំង លើក្បាច់គុនបុរាណខ្មែរ រហូតសម្រេចនាំយកអត្តពលិកគុនខ្មែរទៅបង្ហាញសមត្ថភាព នៅលើទឹកដីអឺរ៉ុបវិញម្ដង។

ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរកម្រិតអន្តរជាតិ នេះ មានសមាសភាពកីឡាករកម្ពុជា២រូប ដែលនឹងត្រូវឡើងទៅប្រកួតជាមួយកីឡាករបរទេស រួមមាន៖ ការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក Kun Khmer World Championship កីឡាករ ផានិត គុនខ្មែរ ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករម្ចាស់ផ្ទះ ហ្គូសសេបប៉េ ហ្គេស្ស៊ុយតូ (Giuseppe Gesuito)។ ការប្រកួត Super Fight គុនខ្មែរ កីឡាករដែលមានរហស្សនាមអ្នកលេងរន្ទះជើងមុខសេដ ចំរើន គុនខ្មែរ ត្រូវតតាំងជាមួយកីឡាករ រូស្តាម វីនទូ (Rustam Vyntu) លក្ខណៈគូពិសេស។ ការទទួលបានឱកាសមាសឡើងប្រកួតលើសង្វៀនអឺរ៉ុបនាពេលនេះ មិនត្រឹមតែជាជំហានដ៏ធំមួយក្នុងការដណ្ដើមខ្សែក្រវាត់ជូនជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបេសកកម្មដ៏សំខាន់ក្នុងការបន្តនាំយកគុនខ្មែរ ដែលជាបេតិកភណ្ឌក្បាច់គុនបុរាណដូនតាខ្មែរ ទៅចាក់ឫស និងចែងចាំងកាន់តែខ្លាំងលើឆាកអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត