អាចកក្រើកឋានទាំងបី! គូ ពេជ្រ អាទិទេព ប៉ះ ធន់ ម៉េងហុង នៅដើមខែធ្នូ នឹងក្លាយជាព្រឹត្តិការណ៍គុនខ្មែរធំបំផុតចុងឆ្នាំ២០២៦
Chanmarady Chuon
•
6 ម៉ោងមុន

គុនខ្មែរ៖ បន្ទាប់ពីមានការផ្គូផ្គងឱ្យកីឡាករ ពេជ្រ អាទិទេព ដំឡើងទម្ងន់មកគីឡូ៦០គីឡូ ដើម្បីតទល់ជាមួយខ្លាខ្មៅមុខតាន់ ធន់ ម៉េងហុង ដែលជាអតីតដៃគូចាស់របស់សិស្សច្បងធំ ពេជ្រ សម្បត្តិ នៅក្លិបប្រដាល់គ្រូផាន់ ធ្វើឱ្យមហាជនអ្នកគាំទ្រគុនខ្មែរ ចាត់ទុកព្រឹត្តិការណ៍នេះ ជាការណាត់ជួបនៃអ្នកចម្បាំងគុនខ្មែរដ៏ធំនាចុងឆ្នាំ២០២៦ រវាងជើងខ្លាំងគុនខ្មែរ ប៉ះជើងខ្លាំងគុនខ្មែរ នៅសង្វៀនហង្សមាសព្រែកឯក...។

អ្នករៀបចំកម្មវិធីប្រកួតនៅសង្វៀនហង្សមាស លោក គ្រី ភីឡុត បានប្រកាសរៀបចំជំនួបដ៏កក្រើកនេះ នៅដើមខែធ្នូខាងមុខ ដោយជំរុញឱ្យកីឡាករ ពេជ្រ អាទិទេព ដំឡើងទម្ងន់មកគីឡូ[៦០គីឡូក្រាម] ដើម្បីតទល់ជាមួយខ្លាខ្មៅមុខតាន់ ធន់ ម៉េងហុង។គួររំឭកផងដែរថា កាលពីសប្ដាហ៍មុន ស្ថានីយទូរទស្សន៍ហង្សមាស បានបង្កើតព្រឹត្តិការណ៍ប្រកួតដ៏ធំប្រចាំឆ្នាំ២០២៦ នៅសង្វៀន Xtreme Kun Khmer ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ជំនួបរវាងកីឡាករជើងខ្លាំងគុនខ្មែរ ប៉ះជើងខ្លាំងគុនខ្មែរដូចគ្នា ដណ្ដើមខ្សែក្រវាត់គាស់កេសថ្មីសន្លាងមួយ រវាងកីឡាករ ឌីម សារុំ និងកីឡាករ ផល ស៊ីឡុង បានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាយ៉ាងខ្លាំង។ ដោយឡែក សម្រាប់បេក្ខភាពគូប្រកួតដែលត្រូវជួបគ្នា នៅដើមខែក្រោយនេះ គឺសុទ្ធសឹងជាអ្នកឈ្នះរៀងៗខ្លួន កាលពីសប្ដាហ៍មុនដូចគ្នា ដើម្បីប្រជែងយកខ្សែក្រវាត់ប្រាក់ មាស ពីកម្មវិធី។

រហស្សនាមអ្នកពិឃាតមុខស្រស់ ពេជ្រ អាទិទេព ទើបតែផ្ដួលកីឡាករបារាំងឱ្យសន្លប់ធំត្រឹមទឹកទី១ ដើម្បីការពារខ្សែក្រវាត់ Xtreme Kun Khmer Gold Champion លើវិញ្ញាសាគុនខ្មែរ ហ្គង់ចេញម្រាម។ ចំណែកឯខ្លាខ្មៅមុខតាន់ ធន់ ម៉េងហុង ក៏បានយកឈ្នះពិន្ទុលើកីឡាករ អេលីត ពិសិដ្ឋ យ៉ាងស្វិតស្វាញពេញ៥ទឹកផងដែរ។ ផ្អែកលើទម្រង់ប្រកួតដ៏លេចធ្លោនេះ អ្នករៀបចំកម្មវិធី បានសម្រេចផ្គូផ្គងឱ្យអ្នកទាំងពីរជួបគ្នាតែម្ដង។ យោងតាមការបញ្ជាក់ពី លោក គ្រី ភីឡុត នៅរសៀលថ្ងៃអង្គារទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បញ្ជាក់ថា កីឡាករ ពេជ្រ អាទិទេព បានចុះហត្ថាលេខាលើកុងត្រាប្រកួតរួចរាល់ហើយ ដោយត្រូវតតាំងជាមួយកីឡាករ ធន់ ម៉េងហុង នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៦ខាងមុខ លើវិញ្ញាសាគុនខ្មែរហ្គង់ចេញម្រាម៥ទឹក ដើម្បីដណ្ដើម[Xtreme សែកមាស] រួមជាមួយប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់។ ដូច្នេះ ជំនួបរវាងជើងខ្លាំងទាំងពីរ នឹងកក្រើកប្រឹថពីនៅសង្វៀន Xtreme Kun Khmer ជាក់ជាមិនខានឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត