អាម៉េរិកបើកឃ្លាំងលក់ឧទ្ធម្ភាគចក្រប្រយុទ្ធ Black Hawk ១១គ្រឿង តម្លៃជាង១ពាន់លានដុល្លារទៅឱ្យម៉ិកស៊ិក
ហៀប ស៊ីថេត
•
12 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន​​៖ ក្រសួងការបរទេសអាម៉េរិក បានអនុម័តលើលទ្ធភាពនៃការលក់ឧទ្ធម្ភាគចក្រ UH-60M Black Hawk ចំនួន១១គ្រឿង ក្នុងតម្លៃជាង១ពាន់លានដុល្លារទៅឱ្យប្រទេសម៉ិកស៊ិក។ កញ្ចប់នៃការលក់នេះ មិនមែនមានតែឧទ្ធម្ភាគចក្រនោះទេ ដោយនៅមានម៉ាស៊ីន អាវុធ ឧបករណ៍បេសកកម្ម និងការគាំទ្រផ្នែកភស្តុភារថែមទៀតផងដែរ...។

ម៉ិកស៊ិក បានស្នើសុំម៉ាស៊ីន General Electric T700-GE-701D ចំនួន ២៧គ្រឿង (រួមទាំងម៉ាស៊ីនបម្រុងចំនួន៥គ្រឿង) និងវិទ្យុទាក់ទងយោធាចំនួន ២៧គ្រឿង។ កញ្ចប់នេះ ក៏រាប់បញ្ចូលទាំងការបណ្ដុះបណ្ដាល គ្រឿងបន្លាស់ និងជំនួយបច្ចេកទេសថែមទៀត។ ឧទ្ធម្ភាគចក្រដែលបានស្នើឡើងនេះ នឹងបំពាក់ដោយប្រព័ន្ធសែនស័រអុបទិក និងអ៊ីនហ្វ្រារ៉េដ MX-10D ដែលមានសមត្ថភាពកំណត់គោលដៅដោយឡាស៊ែរ ប្រព័ន្ធការពារគ្រាប់កាំភ្លើង កាំភ្លើងយន្ត M134 និងឧបករណ៍មើលក្នុងងងឹត។ ប្រព័ន្ធបន្ថែមផ្សេងទៀត រួមមាន៖ ឧបករណ៍ស្ទូចជួយសង្គ្រោះ ធុងសាំងជំនួយ និងឧបករណ៍សម្រាប់ទម្លាក់កងកម្លាំងដោយប្រើខ្សែពួរ។

រដ្ឋាភិបាលអាម៉េរិកបានអះអាងថា ការទិញយកនេះ នឹងជួយម៉ិកស៊ិកធ្វើទំនើបកម្មកងឧទ្ធម្ភាគចក្ររបស់ខ្លួន និងកែលម្អការដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់កងកម្លាំងយោធា ដែលចូលរួមក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន។ សូមជម្រាបថា ក្រុមហ៊ុន Sikorsky (ស៊ីករស្គី) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Lockheed Martin នឹងក្លាយជាអ្នកម៉ៅក្នុងកិច្ចព្រមព្រៀងនេះ។ កម្មវិធីនេះក៏នឹងតម្រូវឱ្យតំណាងរដ្ឋាភិបាល ឬអ្នកម៉ៅការអាម៉េរិកចំនួន១៥នាក់ ដើម្បីគាំទ្រដល់ការនាំចូលយន្តហោះ ការបណ្ដុះបណ្ដាល និងការថែទាំផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត