សូមបង្កើនការប្រុងប្រយ័ត្ន! ព្យុះ «ចម្ពី» បានវិវត្តទៅជាព្យុះសង្ឃរា និងបន្តមានឥទ្ធិពលមកលើកម្ពុជាកាន់តែខ្លាំង
S
Sreyleak Yith
•
20 តុលា 2026 09:16 AM

អន្តរក្រុង៖ ក្រសួងធនធានទឹក នៅព្រឹកថ្ងៃអង្គារទី២០ ខែតុលានេះ បានព្យាករឃើញថា  ព្យុះ«ចម្ពី»កំពុងវិវត្តទៅជាព្យុះសង្ឃរា ហើយបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី និងបោកបក់មកលើសមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គោល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង អាងទន្លេមមេគង្គ និងមកលើប្រទេសកម្ពុជា…។

បើតាមការព្យាកររបស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅតំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ។ ជាមួយគ្នានេះ មានខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿន៤ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យជួរភ្នំបូកគោ ខេត្តកំពត ក្រុងកែប ខេត្តកោះកុង និងក្រុងព្រះសីហនុ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមាកន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។

ចំណែក តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យ មានល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី ស្ថានភាពបែបនេះ បង្កឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។

រីឯ តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម ក្នុងល្បឿន៥ម៉ែត្រក្នុងមួយវិនាទី។ ល្បឿនខ្យល់បែបនេះ នាំឱ្យជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ខេត្តមណ្ឌលគិរី កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងខេត្តរតនគិរី អាចមានភ្លៀងធ្លាក់មកជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ។ សូមជម្រាបផងដែរថា សម្រាប់បងប្អូនប្រជានេសាទទាំងលើផ្ទៃសមុទ្ទ ទន្លេសាប ទន្លេមេគង្គ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត មុនធ្វើដំណើរចេញទៅនេសាទត្រីនៅលើផ្ទៃទឹក និងសូមស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ខណៈបងប្អូនប្រជាកសិករ ក៏សូមឱ្យមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀងធ្លាក់ ត្រូវប្រញាប់ចូលជ្រកនៅកន្លែងមានសុវត្ថិភាព និងកុំនៅជិតកន្លែងដែលមានធាតុលោហៈ ដែលវានឹងនាំឱ្យមានការស្រូបរន្ទះ និងបង្កគ្រោះថ្នាក់ជាយថាហេតុដល់បងប្អូនបាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត