
ក្រុងបានលុង៖ ជុំវិញការរត់គេចខ្លួនបានដោយសុវត្ថិភាពរបស់មេឈ្មួញព្រៃឈើដុះស្លែប្រចាំខេត្តរតនគិរី ឈ្មោះ ផៃ ទី កំលុងពេលអាជ្ញាធរចុះបង្ក្រាប ត្រូវបានប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ សង្ស័យថា មេឈ្មួញល្បីឈ្មោះរូបនោះ មានកូនក្រកចាំខ្សឹបប្រាប់ព័ត៌មានសម្ងាត់ជាមុន ទើបបានជារូបគេដឹងខ្លួនមុន និងតែងរត់គេចខ្លួនបានដោយសុវត្ថិភាព បន្សល់ទុកតែរថយន្ត និងឈើសុក្រំខុសច្បាប់ពេញប្រៀបជូនសមត្ថកិច្ច...។

សូមជម្រាបថា មានករណីចុះអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើមួយពីសមត្ថកិច្ចចម្រុះ កាលពីវេលាម៉ោង៥:០០នាទីទៀបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកបរកែវ ខេត្តរតនគិរី។ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិសាម៉ុល ឃុំសើង ដោយមានរថយន្តជនល្មើសកំពុងដឹកជញ្ជូនអនុផលព្រៃឈើ ចេញពីភូមិកែងសាន់ ឃុំសមុទ្ទសេដា ស្រុកលំផាត់។ ក្នុងប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបរថយន្តកែច្នៃដឹកជញ្ជូនឈើខុសច្បាប់១គ្រឿង ម៉ាកឡង់គ្រីស័រ (Land Cruiser) ដឹកឈើសុក្រំចំនួន៣០ដុំ យ៉ាងពេញប្រៀប។ ឈើសុក្រំទាំងនោះ គឺជាអនុផលព្រៃឈើ ដែលឈ្មួញលួចកាប់ចេញពីដែនជម្រកសត្វព្រៃលំផាត់ ដើម្បីរៀបចំដឹកជញ្ជូនបន្តឆ្ពោះទៅកាន់ប្រទេសវៀតណាម។ តាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចដែលបានចុះទៅបង្ក្រាប រថយន្តប្រព្រឹត្តបទល្មើសព្រៃឈើនេះ ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់មេឈ្មួញដុះស្លែឈ្មោះ ផៃ ទី ប៉ុន្តែរូបគេបានរត់គេចខ្លួនបាត់ស្រមោល មុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ។

ក្រោយបញ្ចប់ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ កម្លាំងកងរាជអាវុធហត្ថ បានប្រគល់វត្ថុតាងរថយន្ត និងឈើទាំងអស់ ជូនទៅឱ្យខាងរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធីតាមច្បាប់។ ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ បានសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វី..ឱ្យតែសមត្ថកិច្ចជំនាញចុះបង្ក្រាបបទល្មើសព្រៃឈើលើមេឈ្មួញឈ្មោះ ផៃ ទី នេះ គឺសមត្ថកិច្ចជំនាញបង្ក្រាបបានតែវត្ថុតាង ខណៈមេឈ្មួញដុះស្លែរ ឈ្មោះ ផៃ ទី តែងរត់គេចខ្លួនបានដោយសុវត្ថិភាពជានិច្ច ឬមួយក៏មេឧក្រិដ្ឋកម្មព្រៃឈើរូបនេះ មានកូនក្រកហោះមកខ្សឹបប្រាប់ដំណឹងជាមុន បានជាសមត្ថកិច្ចជំនាញយើង គ្មានលទ្ធភាពចាប់ឃាត់ខ្លួនមេឧក្រិដ្ឋកម្មព្រៃឈើនេះបានសោះ ខណៈសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់ក្រុមឈ្មួញដុះស្លែររូបនេះ ឆ្លងកាត់ទឹកដីស្រុកលំផាត់ ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ស្ទើរជារៀងរាល់យប់បានយ៉ាងរលូន ដោយគ្មានបង្កការរំខានណាមួយ ដល់អាជ្ញាធរមូលដ្ឋានស្រុកទាំងបីនេះឡើយ។

ជាក់ស្តែង ហេតុការណ៍បង្ក្រាបរបស់សមត្ថកិច្ចជំនាញលើកនេះក៏ដូចគ្នាដែរ ពោលគឺសកម្មភាពដដែលៗបែបនេះ កំពុងបង្កឱ្យមានការសង្ស័យពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើជាខ្លាំង ខណៈពលរដ្ឋខ្លះលើកឡើងថា ប្រហែលជាអាចមានមន្ត្រីមូលដ្ឋានណាមួយធ្វើជារនុកក្នុងឱ្យមេឈ្មួញនេះហើយ បានជារាល់ពេលអាជ្ញាធរជំនាញចុះបង្ក្រាបម្ដងៗ រមែងដំណឹងនោះធ្លាយដល់ត្រចៀកមេឈ្មួញជាមុន និងតែងរត់គេចខ្លួនបានដោយសុវត្ថិភាព បន្សល់ទុកតែវត្ថុតាងជូនសមត្ថកិច្ចប៉ុណ្ណោះ។ សកម្មភាពដដែលៗនេះ សមដូចពាក្យស្លោកចាស់បុរាណពោលថា បើខ្មោចស្រុកមិនឱ្យដៃ ធ្វើម្តេចខ្មោចព្រៃអាចចូលលងអ្នកភូមិបានដោយស្រួល ហើយបើគ្មានការគប់គិតពីមន្ត្រីខិលខូចទេ ធ្វើម្តេចមេឧក្រិដ្ឋកម្មព្រៃឈើដ៏ល្បីរូបនេះ អាចដឹងខ្លួនមុនស្ទើរតែគ្រប់ពេលបែបនេះ?..៕




