ចំហាយឥទ្ធិពលព្យុះសង្ឃរា ចម្ពី ពន្លិចស្រុកពញាឮ! អាជ្ញាធរជម្លៀសពលរដ្ឋ១៦៧គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព
Chanmarady Chuon
•
13 ម៉ោងមុន

ក្រុងតាខ្មៅ៖ ខណៈឥទ្ធិពលព្យុះ ចម្ពី វិវត្តទីជាព្យុះសង្ឃារា ពេលនេះកំពុងជះចំហាយមកលើប្រទេសកម្ពុជាជាបណ្តើៗហើយ ខណៈភ្លៀងបានធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីមួយភាគធំ។ ជាក់ស្ដែង កាលពីយប់ថ្ងៃទី២១ ខែតុលា ភ្លៀងបានបង្អុរចុះដូចទឹកបាក់ទំនប់លើស្រុកពញាឮ ខេត្តកណ្ដាល បង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋប្រមាណ១៦៧គ្រួសារ…។

ឆ្លើយតបចំពោះស្ថានការណ៍បន្ទាន់នេះ នៅរសៀលថ្ងៃព្រហស្បតិ៍ថ្ងៃទី២២តុលា នេះ កម្លាំងនគរបាលស្រុកពញាឮ បានចេញប្រតិបត្តិការចុះជួយអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងភូមិចំនួនពីរ នៃឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។ ក្រោមការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ ដែលបានដឹកនាំកងកម្លាំងអន្តរាគមន៍ជាច្រើនរូប ចុះទៅដល់ទីតាំងដែលរងការលិចលង់ ស្ថិតក្នុងភូមិតាពេទ្យ និងភូមិស្លែង នៃឃុំជ្រៃលាស់។

យោងតាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានប៉ះពាល់ឃុំចំនួន២ ស្មើនឹង៦ភូមិ។ ក្នុងនោះ ឃុំជ្រៃលាស់ ផ្ទះប្រជាពលរដ្ឋចំនួន១៦៧គ្រួសារ ស្មើនឹង១៦៧ខ្នងផ្ទះ បានរងផលប៉ះពាល់។ ភូមិតាពេទ្យមាន៩៩គ្រួសារ ភូមិស្លែងមាន៦៧គ្រួសារ និងភូមិទួលព្រិច១គ្រួសារ។ ជាមួយគ្នា ផ្លូវក្រាលកៅស៊ូលេខ១៥១ ប្រវែងប្រមាណ៣០០ម៉ែត្រ ត្រូវបានទឹកជន់លិចក្នុងកម្ពស់ចន្លោះពី៣តឹក ទៅ៥តឹក ព្រមទាំងផ្លូវបេតុង និងផ្លូវក្រាលគ្រួសក្រហមប្រវែងប្រមាណ២០០ម៉ែត្រផងដែរ។

នៅក្នុងកិច្ចប្រតិបត្តិការសង្គ្រោះបន្ទាន់នេះ កម្លាំងសមត្ថកិច្ច បានជម្លៀសប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយផ្តោតអាទិភាពខ្ពស់លើជនចាស់ជរា ជនពិការ កុមារតូចៗ និងស្ត្រីមានផ្ទៃពោះ ឱ្យចាកចេញពីតំបន់ដែលរងការលិចលង់ខ្លាំង មកកាន់ទីទួលសុវត្ថិភាពដោយជោគជ័យ និងប្រកបដោយសុវត្ថិភាពខ្ពស់។ ជាមួយគ្នា សមត្ថកិច្ច ក៏បានជួយដឹកជញ្ជូនទ្រព្យសម្បត្តិ សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងសត្វពាហនៈរបស់ប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព ដើម្បីជួយកាត់បន្ថយការខូចខាត និងការបាត់បង់ទ្រព្យសម្បត្តិនានា ឱ្យនៅកម្រិតទាបបំផុត។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនៅតែបន្តដានមើលស្ថានភាពទឹក និងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ២៤ម៉ោងលើ ២៤ម៉ោង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត