
រាជធានីភ្នំពេញ៖ បន្ទាប់ពីគេចខ្លួនអស់រយៈពេល១០ឆ្នាំ ទីបំផុត មេខ្យល់ជួញដូរមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនបានសម្រេច ដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់...។

ផ្អែកតាមរបាយការណ៍ពីមន្ត្រីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ក្រោមកិច្ចសហការជាមួយការិយាល័យនគរបាលអន្ដរជាតិ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) និងអាជ្ញាធរសមត្ថកិច្ចថៃ បានស្វែងរកចាប់ខ្លួនជនល្មើសឈ្មោះ រ៉ាន រិន តាមនិវេទក្រហមរបស់នគរបាលអន្តរជាតិ ពាក់ព័ន្ធបទល្មើសនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន (ជួញដូរមនុស្សកេងប្រវ័ញ្ចពលកម្មលើទូកនេសាទ) ដែលបានប្រព្រឹត្តក្នុងអំឡុងឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៦។

ជាមួយគ្នា នាយកដ្ឋានបញ្ជាក់ថា ជនសង្ស័យដែលជាមេខ្យល់រូបនេះ បានធ្វើសកម្មភាពបោកប្រាស់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់រហូតដល់ទៅ៥នាក់ និងបានរត់គេចខ្លួនបាត់ស្រមោលអស់ជាច្រើនឆ្នាំ ដោយផ្លាស់ប្ដូរទីតាំងរស់នៅជាបន្តបន្ទាប់ ដើម្បីគេចវេះពីការតាមប្រមាញ់របស់សមត្ថកិច្ច។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕



