
រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យជនជាតិចិនចំនួន៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់លើជនជាតិចិនដូចគ្នា ដើម្បីជម្រិតទារប្រាក់...។

យោងតាមរបាយការណ៍ពីអាជ្ញាធរសមត្ថកិច្ច នៅថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ប្រតិបត្តិការខាងលើធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹង ពាក់ព័ន្ធករណីចាប់ជំរិតលើជនរងគ្រោះឈ្មោះ ហ្សេន ហ្ស៊ីប៊ីន (ZHEN ZHIBIN) ជនជាតិចិន នៅត្រង់ចំណុចភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ ភ្លាមៗ..កម្លាំងនាយកដ្ឋាននគរបាលព្រហ្ម សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តកណ្ដាល ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតឈានដល់ការចាប់ខ្លួនជនល្មើសជាបន្តបន្ទាប់ សុរប៤នាក់ ដែលសុទ្ធសឹងជាជនជាតិចិនដូចគ្នា។

ជាមួយគ្នា សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ កាំភ្លើងខ្លីមួយដើម រួមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់សំណុំរឿង បន្តនីតិវិធីច្បាប់៕






