អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ​ និងផលិតផលខ្មែរច្រើនមុខទៀត កំពុងបង្ហាញវត្តមានក្នុងពិព័រណ៍​អន្តរជាតិ នៅប្រទេសបារាំង
S
Soriya Sou
•
14 ម៉ោងមុន

រដ្ឋធានីប៉ារីស៖ ផលិតផលខ្មែរ រួមមាន៖ អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ។ល។ កំពុងត្រូវបានតាំងបង្ហាញអន្តរជាតិនៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។

ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ មានក្រុមហ៊ុនចូលរួមតាំងបង្ហាញប្រមាណ៧ពាន់៥រយ និងមានអ្នកទស្សនាធុរកិច្ចជាង២៨ម៉ឺន៥ពាន់នាក់។ ចំពោះកម្ពុជា មានបណ្តាក្រុមហ៊ុន-សហគ្រាសចំនួន១៦ចូលរួម ដោយបាននាំយកនូវផលិតផលសក្តានុពលខ្ពស់មកតាំងបង្ហាញ ដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ ផ្លែឈើសម្ងួត (ជាពិសេសស្វាយសម្ងួត) គ្រឿងទេស និងម្ហូបពាក់កណ្តាលសម្រេច ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀត ខណៈអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ មកទស្សនាស្វែងយល់ពីសក្តានុពលផលិតផលកម្ពុជា និងពិភាក្សាស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការធុរកិច្ចថ្មីៗដោយផ្ទាល់នៅទីតាំងដាក់តាំងបង្ហាញផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម។

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក កៅ ថាច មានប្រសាសន៍ថា ដោយសារ​កសិកម្មដើរតួនាទីស្នូលនៅក្នុងសេដ្ឋកិច្ច​របស់កម្ពុជា ដូច្នេះការ​ចូលរួមនៅក្នុង​ពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោកមួយនេះ គឺជាកិច្ចការសំខាន់ និងជា​​ឱកាសដែលអាចឱ្យក្រុមហ៊ុននិងសហគ្រាស​របស់កម្ពុជា ​បាន​ភ្ជាប់ទំនាក់ទំនង​ជាមួយនឹង​អ្នកបញ្ជាទិញអន្តរជាតិកាន់តែច្រើនថែមទៀត។ តាមរយៈការចូលរួមជាថ្មី​នៅក្នុងពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារ​អន្តរជាតិក្រុងប៉ារីសឆ្នាំ ២០២៦ កម្ពុជារំពឹងថានឹងអាចទាក់ទាញបាន​អ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគ​អន្តរជាតិបន្ថែមទៀតមកលើផលិតផល និងកសិផល​​របស់ខ្មែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត