
រដ្ឋធានីអង់ការ៉ា៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៣ឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ផលិតផលខ្មែរមានដូចជា ក្រមា ម្រេចកំពត គ្រាប់ស្វាយចន្ទី ទឹកឃ្មុំ ដំណាប់ផ្លែឈើ តែ កាហ្វេ និងវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃមួយចំនួន ត្រូវបានដាក់បង្ហាញក្នុងកម្មវិធី «Tea Around Asia and the Pacific» នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី...។

ក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា កាលពីថ្ងៃទី២១ឧសភា លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី បានចូលរួមក្នុងកម្មវិធី «Tea Around Asia and the Pacific» រៀបចំឡើងនៅនិវេសនដ្ឋានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំរដ្ឋធានីអង់ការ៉ា និងមានការចូលរួមពីស្ថានទូតបរទេសចំនួន១៩ប្រទេស តំណាង ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងអង្គការអន្តរជាតិមួយចំនួន។

ក្រសួងពាណិជ្ជកម្មឱ្យដឹងបន្តថា ក្នុងព្រឹត្តិការណ៍នោះដែរ ស្ថានទូតកម្ពុជា បានរៀបចំនូវ តែផ្កាម្លិះ និងនំខ្មែរចំនួន២មុខ គឺនំពពាយ និងដំឡូងចៀន ដែលមាននៅក្នុងសៀវភៅមុខម្ហូបរសជាតិអង្គរ (The Taste of Angkor) ដើម្បីផ្ដល់ជូនអ្នកចូលរួមពិសា។ សូមជម្រាបថា កម្មវិធី «Tea Around Asia and the Pacific» ត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីវប្បធម៌នៃការចម្អិន និងបរិភោគតែរបស់ប្រទេសនីមួយៗ និងជាវេទិកាសម្រាប់ពង្រឹងនូវទំនាក់ទំនងការទូត និងការស្វែងយល់ពីអន្តរវប្បធម៌របស់ប្រទេសនីមួយៗ ដែលបានចូលរួមក្នុងកម្មវិធី៕




