ពេលនេះ កម្ពុជាមានផលិតផលសក្តានុពល២០មុខ ចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិ
S
Soriya Sou
•
20 វិច្ឆិកា 2025 10:00 AM

រាជធានីភ្នំពេញ៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ផលិតផលកម្ពុជាចំនួន២០មុខហើយ ដែលត្រូវបានចុះ​បញ្ជីជាផលិតផលដ៏មានសក្តានុពល និងជាអត្តសញ្ញាណជាតិកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ផ្សាយដោយអង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស កាលពីថ្ងៃទី១៩វិច្ឆិកា…។

មន្រ្តីនាយកដ្ឋានកម្មសិទ្ធិបញ្ញា បានឱ្យដឹងថា ក្នុងចំណោមផលិតផលទាំង២០មុខនោះ មានផលិតផលសមូហភាពចំនួន១១ ផលិតផលសម្គាល់ភូមិសាស្ត្រចំនួន៨ និងម៉ាកវិញ្ញាតិកម្មចំនួន១។ ចំពោះផលិតផលសមូហភាព រួមមាន៖ ១.ដូងខ្ទិះបាត់ដំបង, ២.នំបញ្ចុកសៀមរាប, ៣.ក្រូចថ្លុងកោះពីរ, ៤.គុយទាវភ្នំពេញ, ៥.អំបុកកំពង់ធំ, ៦.អង្ករដំណើប DSMK, ៧.អង្ករសែនក្រអូប SKO, ៨.អង្ករព្រះវិហារ, ៩.ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល, ១០.ថ្នាំជក់កម្ពុជា និង១១.សំបុកត្រចៀកកាំ។ ចំណែក ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រមាន៖ ១.ម្រេចកំពត, ២.ស្ករត្នោតកំពង់ស្ពឺ, ៣.ក្រូចថ្លុងកោះទ្រង់, ៤.ទឹកឃ្មុំព្រៃមណ្ឌលគិរី, ៥.ទឹកត្រីកំពតកែប, ៦.អំបិលកំពតកែប, ៧.បង្កងតាកែវ, និង៨.ប្រហុកសៀមរាប។ ដោយឡែក ផលិតផលម៉ាកវិញ្ញាតិកម្មចំនួន១ គឺ MALYS ANGKOR។

សូមជម្រាបថា ដើម្បីចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពលខ្មែរ មន្រ្តីក្រសួងពាណិជ្ជកម្ម តែងចុះធ្វើសិក្ខាសិលា និងផ្សព្វផ្សាយជាហូរហែរស្តីពី «ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា» ដើម្បីចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពលតាមខេត្តនីមួយៗ ផ្សព្វផ្សាយឱ្យផលិតករនិងសាធារណជន បានស្គាល់កាន់តែទូលំទូលាយ ក្នុងការឈានចាប់យកចំណែកទីផ្សារក្នុងប្រទេស និងក្រៅប្រទេស សំដៅស្វែងរកអ្នកវិនិយោគ ដៃគូសហការ ដើម្បីអភិវឌ្ឍផលិតផលឱ្យឈានដល់ស្ដង់ដារសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយគោរពតាមបទដ្ឋាននៃតម្រូវការទីផ្សារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត