
រាជធានីភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញក្ដីរីករាយ ក្រោយឃើញប្រជាពលរដ្ឋងាកមកគាំទ្រផលិតខ្មែរយ៉ាងផុសផុល ខណៈក្រសួងនឹងប្រឹងឱ្យអស់លទ្ធភាព ជួយដល់សហគ្រាស សិប្បកម្ម ឱ្យទទួលបានការគាំទ្រទាំងផ្នែកបច្ចេកទេស និងទុន ដើម្បីពង្រឹងផលិតកម្មបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម…។

ក្នុងឱកាសដឹកនាំអ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ធ្វើទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣ ពីសមិទ្ធផលនៃការកែច្នៃផលិតផលជលផល (ប្រហុក) នៅខេត្តកំពង់ធំ សៀមរាប និងកំពង់ចាម ចាប់ពីថ្ងៃទី៩ដល់១១ ខែកញ្ញា ឆ្នាំ២០២៥ កញ្ញា អ៊ឹម រចនា លើកឡើងថា ការធ្វើពហិការដោយអត្តនោម័ត មិនប្រើផលិតផលថៃពីសំណាក់ប្រជាជនខ្មែរមួយចំនួន បានធ្វើឱ្យផលិតផលខ្មែរចាប់ផ្ដើមត្រូវប៉ាន់ ហើយការបញ្ជាទិញផលិតផលខ្មែរ កំពុងកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់ផលិតផលមួយចំនួនមិនអាចផ្គត់ផ្គង់បានទាន់ពេលវេលា។ បើតាមអ្នកនាំពាក្យ លទ្ធផលនេះទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់លោករដ្ឋមន្រ្តី ឌិត ទីណា ដោយលោកមានប្រសាសន៍ថា «ការចូលរួមគាំទ្រផលិតខ្មែរគឺជាអ្វីដែលកម្ពុជាចង់បាន»។

ទន្ទឹមនឹងការគាំទ្រផលិតផលខ្មែរយ៉ាងច្រើននាពេលនេះ រដ្ឋមន្រ្តីកសិកម្ម ក៏បានប្រកាសប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនិងសមត្ថភាព ធ្វើយ៉ាងណាជួយដល់សហគ្រាសនិងសិប្បកម្ម អាចទទួលបាននូវការគាំទ្រទាំងបច្ចេកទេស និងទុន ពីសំណាក់ដៃគូសហការ ដើម្បីពង្រឹងផលិតកម្ម ជាពិសេសធានាគុណភាព និងសុវត្ថិភាពចំណីអាហារសម្រាប់អ្នកទទួលទានផង។ កញ្ញា អ៊ឹម រចនា យកពាក្យរបស់លោក ឌិត ទីណា មកនិយាយថា កំណើននៃការកែច្នៃផលិតផលកសិកម្ម មិនត្រឹមតែអាចបង្កើនតម្លៃបន្ថែមដល់កសិផល ឬផលិតផលជលផលប៉ុណ្ណោះទេ តែវាបានផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងអាចផ្តល់ការងារជូនប្រជាជន ស្របតាមគោលនយោបាយរបស់ក្រសួងគឺ៖ «មានហូប មានបាន មានប្រើ និងមានរហូត»។ យ៉ាងណាក៏ដោយ ក្រៅពីកិច្ចប្រឹងប្រែងរបស់ម្ចាស់សហគ្រាស សិប្បកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានក៏មានតួនាទីសំខាន់ដូចគ្នា ក្នុងការចូលរួមផ្សព្វផ្សាយផលិតផលកែច្នៃក្នុងស្រុករបស់ខ្មែរ ដែលមានគុណភាព សុវត្ថិភាព និងប្រកបដោយស្ដង់ដារខ្ពស់៕






