ព្រោះការពារជីវិតឪពុក បុរសម្នាក់ជ្រុលដៃសម្លា​.ប់បងថ្លៃជាមនុស្សញៀនថ្នាំ និងប្រើហិ.ង្សា
ហាក់ អ៊ីឌី
•
5 ម៉ោងមុន

ខេត្តបាត់ដំបង៖ មានករណីដ៏តក់ស្លុតមួយកើតឡើង ដោយបុរសម្នាក់ បានសម្រេចចិត្តប្រើប្រាស់កាំបិត ដើម្បីការពារជីវិតឪពុកបង្កើតរបស់ខ្លួន ដែលត្រូវបុរសម្នាក់ទៀត ជាបងថ្លៃ ចូលមកគំរាមកំហែងអាយុជីវិត ដែលជាហេតុធ្វើឱ្យបងថ្លៃរូបនោះ របួសធ្ងន់ធ្ងរ និងបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ....។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ហេតុការណ៍នេះ បង្កដោយបុរសឈ្មោះ ហួន វេត ដែលជាកូនប្រសា មានប្រវត្តិប្រើប្រាស់គ្រឿងញៀន ស្រវឹងស្រា និងតែងបង្កអំពើហិង្សាក្នុងគ្រួសារជាប្រចាំ បានកាន់ពូថៅដេញកាប់ប្រហារទៅលើប្រពន្ធ និងឪក្មេក បណ្ដាលឱ្យរបួសធ្ងន់។ ឃើញដូច្នេះ បុរសឈ្មោះ កេង សុផល ត្រូវជាកូនប្រុសបង្កើត បារម្ភជាខ្លាំងខ្លាចក្រែងឪពុក ត្រូវទទួលរងគ្រោះថ្នាក់ដល់ជីវិត ហើយក៏បានទាញយកកាំបិតនៅជាប់ខ្លួនស្រាប់ គ្រវាស់ការពារខ្លួន និងឪពុក បណ្ដាលឱ្យត្រូវបុរសជាបងថ្លៃ ចំកន្លែងសំខាន់ រហូតដល់ស្លាប់បាត់បង់ជីវិត។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកអន្តរាគមន៍ភ្លាមៗ ដើម្បីស្រាវជ្រាវ ពិនិត្យកន្លែងកើតហេតុ និងនាំខ្លួនអ្នកពាក់ព័ន្ធទៅសាកសួរតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ច បុគ្គលឈ្មោះ កេង សុផល បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិតខ្វែវគ្រវាស់ ទៅលើបងថ្លៃពិតប្រាកដមែន ក្នុងគោលបំណងការពារអាយុជីវិតឪពុក និងខ្លួនឯង។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងបន្តស្រាវជ្រាវស៊ីជម្រៅ ដើម្បីបែងចែកឱ្យដាច់រវាងអង្គហេតុនៃការការពារខ្លួនដោយស្របច្បាប់ និងកាតព្វកិច្ចច្បាប់ព្រហ្មទណ្ឌ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត