ប្រធានាធិបតីតួកគី ជំរុញឲ្យដោះស្រាយជម្លោះព្រំដែនតាមច្បាប់អន្ដរជាតិ ចំពេលទីក្រុងអង់ការ៉ាចុះកិច្ចព្រមព្រៀងការពារជាតិជាមួយកម្ពុជា
S
Sinuon Nop
•
9 ម៉ោងមុន

រដ្ឋធានីអង់ការ៉ា៖ ប្រទេសកម្ពុជា និងតួកគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌយោធាមួយ នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ ខណៈលោកប្រធានាធិបតី រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) បានអំពាវនាវឱ្យមានដំណោះស្រាយបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា និងថៃ ដោយសន្តិវិធី។ នេះបើតាមសារព័ត៌មាន Turkiye Today បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី១៧ ខែតុលា។

ប្រមុខដឹកនាំកម្ពុជា និងតួកគី 
ប្រមុខដឹកនាំកម្ពុជា និងតួកគី 

កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខា នៅឯវិមានប្រធានាធិបតី ដូលម៉ាបាសេ (Dolmabahce) ក្រោមវត្តមានរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន បន្ទាប់ពីមានការពិភាក្សាទាំងក្នុងកម្រិតទ្វេភាគី និងកម្រិតគណៈប្រតិភូ។ នៅក្នុងពិធីនោះ គឺរដ្ឋមន្ត្រីក្រសួងការបរទេសតួកគី លោក ហាកាន់ ហ្វីដាន (Hakan Fidan) បានចុះហត្ថលេខាតំណាងឱ្យប្រទេសតួកគី ខណៈរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ប្រាក់ សុវណ្ណា (Prak Sovanna) បានតំណាងឱ្យប្រទេសកម្ពុជា។

លោកប្រធានាធិបតី រេសេប តាយយីប អេដូហ្គេន បានបញ្ជាក់ថា៖«យើងចាត់ទុកកម្ពុជា ដែលយើងមានទំនាក់ទំនងរីកចម្រើនយ៉ាងឆាប់រហ័សយ៉ាងពិសេស នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះថា ជាដៃគូដ៏សំខាន់មួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន»។

ទន្ទឹមគ្នានេះដែរ លោកប្រធានាធិបតី រេសេប តាយយីប អេដូហ្គេន បានជំរុញឱ្យមានការដោះស្រាយជម្លោះព្រំដែន រវាងកម្ពុជា និងថៃ ដោយសន្តិវិធី តាមរយៈការសន្ទនា និងស្របតាមច្បាប់អន្តរជាតិ ខណៈភាពតានតឹង នៅតែបន្តកើតមាន ជុំវិញជម្លោះទឹកដីដ៏រ៉ាំរ៉ៃ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការបាញ់គ្នាយ៉ាងណាក៏ដោយ។

កិច្ចព្រមព្រៀងលើបទទឈប់បាញ់មួយ ដែលបានចុះហត្ថលេខា កាលពីងចុងឆ្នាំ២០២៥ បានបញ្ឈប់ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងវិញ រយៈពេល២០ថ្ងៃ ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១០១នាក់ស្លាប់ និងជាង ៥០០ ០០០នាក់ត្រូវភៀសខ្លួន ចេញពីលំនៅឋាន។ ទោះជាយ៉ាងណាក៏ដោយ ភាពខ្វែងគំនិតគ្នា ជុំវិញការទាមទារទឹកដី និងទីតាំងឈរជើងរបស់កងទ័ព នៅតែបន្តធ្វើឱ្យទំនាក់ទំនង រវាងភាគីទាំងពីរ មានភាពតានតឹង។ នេះបើតាមការផ្សាយរបស់សារព័ត៌មានដដែលនេះ។

លោកប្រធានាធិបតី រេសេប តាយយីប អេដូហ្គេន បានសង្កត់ធ្ងន់ថា៖«យើងនៅតែបន្តគាំទ្រប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារការប៉ះទង្គិចគ្នាទាំងនេះ។ ប្រទេសតួគីបានផ្តល់ជំនួយដល់ប្រជាពលរដ្ឋជាង ៣ ០០០ នាក់ ក្រោមការសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា។

ជាមួយគ្នានេះដែរ លោកប្រធានាធិបតី អេដូហ្គេន ក៏បានស្វាគមន៍ផងដែរ ចំពោះការចូលរួមរបស់កម្ពុជា នៅក្នុងនាមជាសមាជិកស្ថាបនិក នៃ«ក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា» (Gaza Board of Peace) ដោយសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលទីក្រុងភ្នំពេញ នឹងចូលរួមចំណែក នៅក្នុងកិច្ចខិតខំប្រឹងប្រែងនានា ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ (Two-State Solution) នៅក្នុងប្រទេសប៉ាឡេស្ទីន។ ក្រៅពីនេះ ប្រមុខដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នា អំពីបញ្ហាពាណិជ្ជកម្ម ការវិនិយោគ ថាមពល ការអប់រំ និងវប្បធម៌ ព្រមទាំងបន្តជំរុញគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យបាន១ពាន់លានដុល្លារអាម៉េរិក ដែលបានព្រមព្រៀងគ្នា កាលពីឆ្នាំ២០១៨ នៅក្នុងអំឡុងពេលដែលសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា នាពេលនោះ បានទៅបំពេញទស្សនកិច្ច នៅប្រទេសតួគី។

លោកប្រធានាធិបតី អេដូហ្គេន បានបន្ដថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីសម្រេចបាននូវគោលដៅនេះ នៅតែបន្តដំណើរការ» ដោយលោកបានសម្តែងក្តីសង្ឃឹមថា វេទិកាធុរកិច្ចកម្ពុជា-តួកគី ដែលបានរៀបចំឡើង កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា នឹងជួយពង្រឹងទំនាក់ទំនងផ្នែកធុរកិច្ចបន្ថែមទៀត។ លោកប្រធានាធិបតី ក៏បានស្វាគមន៍ ចំពោះចំណាប់អារម្មណ៍របស់កម្ពុជា លើផលិតផលវិស័យការពារជាតិរបស់តួកគី ដោយបានគូសបញ្ជាក់ អំពីសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ។

លោកប្រធានាធិបតី អេដូនហ្គេន បានគូសបញ្ជាក់ទៀតថា ប្រទេសតួកគី បានគាំទ្រដល់គម្រោងអភិវឌ្ឍន៍ និងគម្រោងវប្បធម៌នានា នៅក្នុងប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TIKA) និងវិទ្យាស្ថាន Yunus Emre ព្រមទាំងបានគាំទ្រដល់និស្សិតកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍របស់តួកគី។

ជាការឆ្លើយតបវិញនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរ ចំពោះតួនាទីដ៏លេចធ្លោឡើងរបស់តួកគី នៅក្នុងកិច្ចការអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសតួកគី នៅក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព រួមទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។ ការចូលរួមយ៉ាងសកម្ម និងប្រកបដោយការស្ថាបនាពីប្រទេសតួកគី នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព រួមទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺជាអ្វីដែលគួរឱ្យកោតសរសើរ»។

សម្ដេច នាយករដ្ឋមន្ត្រី បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចថា ជាការ«ទំព័រថ្មីមួយ» នៅក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលបានរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា អស់រយៈពេលជាង៦ទសវត្សរ៍កន្លងមកនេះ។ ទន្ទឹមគ្នានេះដែរ សម្ដេចក៏បានស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងក្របខ័ណ្ឌយោធា ដោយចាត់ទុកថា វាជាការបោះជំហានទៅមុខដ៏សំខាន់មួយ ឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងនយោបាយ ការពារជាតិ និងសន្តិសុខ។

ពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ចនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីឱកាសនានា នៅក្នុងការពង្រីកពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការកសាងភាពជាដៃគូ ជាមួយវិស័យឯកជនឱ្យកាន់តែរឹងមាំ។ កម្ពុជា បានត្រៀមខ្លួនរួចរាល់ នៅក្នុងកិច្ចសហការជាមួយធុរជនតួកគី ដោយចាត់ទុកកម្ពុជា ជាច្រកទ្វារឆ្ពោះទៅកាន់ទីផ្សារអាស៊ីដ៏ទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ (RCEP)។

ប្រមុខដឹកនាំ នៃប្រទេសទាំងពីរ ក៏បានសង្កត់ធ្ងន់ផងដែរ លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ តាមរយៈអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ឬអាស៊ាន) និងវេទិកាអន្តរជាតិផ្សេងៗទៀត។ បន្ថែមពីលើនេះ សម្ដេច នាយករដ្ឋមន្រ្ដី បានស្វាគមន៍ ចំពោះឋានៈរបស់ប្រទេសតួកគី នៅក្នុងនាមជាដៃគូសន្ទនារបស់អាស៊ាន ហើយក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ដើម្បីជំរុញសមាហរណកម្មតំបន់ ការតភ្ជាប់ និងវិបុលភាពរួម។ ទន្ទឹមគ្នានេះដែរ សម្ដេចក៏បានអញ្ជើញលោកប្រធានាធិបតី អេដូហ្គេន មកបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត