
ប្រទេសអាមេនី៖ កម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមការពារជីវៈចម្រុះ និងស្តារប្រព័ន្ធអេកូឡូស៊ីសកល តាមរយៈការជំរុញការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកលគូនមីង-ម៉ុងរេអាល់ (KMGBF) ឱ្យមានប្រសិទ្ធភាពខ្ពស់។ ការប្រកាសនេះធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល «Leaders for Nature» នៅប្រទេសអាមេនី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦...។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងសុន្ទរកថាគន្លឹះ ដោយបង្ហាញពីសមិទ្ធផល និងទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការការពារជីវៈចម្រុះ និងលើកកម្ពស់និរន្តរភាពបរិស្ថាន។ កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំមកពីជាង៥០ប្រទេសជុំវិញពិភពលោក រួមទាំងលោក អែនតូនីញូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងទិសដៅអនាគតនៃការអភិរក្សជីវៈចម្រុះសកល។ ក្នុងសុន្ទរកថា លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ និងសកម្មភាពជីវៈចម្រុះជាតិ (NBSAP) ព្រមទាំងការផ្សារភ្ជាប់រវាងការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។ កម្ពុជាចាត់ទុកការការពារប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាកិច្ចការដែលត្រូវអនុវត្តរួមគ្នា ដើម្បីធានានិរន្តរភាពបរិស្ថាន។

លើសពីនោះ កម្ពុជាបានជំរុញការដាំដើមឈើ និងការស្តារគម្របព្រៃឈើឡើងវិញ តាមរយៈការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងបង្កើនសមត្ថភាពស្រូបយកកាបូន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងរួមចំណែកសម្រេចគោលដៅអព្យាក្រិតកាបូននៅឆ្នាំ២០៥០។ លោក អ៊ាង សុផល្លែត ក៏បានលើកឡើងពីសារសំខាន់នៃសន្តិភាព ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ។ កម្ពុជាបានបន្តពង្រឹងការអនុវត្តច្បាប់ និងវិធានការការពារបរិស្ថាន ដើម្បីធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងលើកកម្ពស់ការរស់នៅដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។ គួរជ្រាបថា កិច្ចប្រជុំកំពូល «Leaders for Nature» គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងត្រៀមឆ្ពោះទៅកាន់សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) ដែលមានគោលបំណងពិនិត្យវឌ្ឍនភាព ជំរុញសកម្មភាពរួមក្នុងការអភិរក្សជីវៈចម្រុះ និងការស្តារប្រព័ន្ធអេកូឡូស៊ីនៅទូទាំងពិភពលោក៕





