គម្រោងសាងសង់ស្ពានភ្ជាប់ទីក្រុងរណបមេគង្គឃី និងកោះនរា ឈានដល់ការចុះហត្ថលេខាហើយ
អ
អុន សម្ផស្ស
•
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ និងកិច្ចសន្យាត្រួតពិនិត្យបច្ចេកទេសគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់តំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ទៅកាន់ទីក្រុងរណបកោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមជាសាក្សី...។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសរបស់ក្រសួង ព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធ ដែលបានសហការជំរុញការសិក្សា និងរៀបចំគម្រោងនេះរហូតឈានដល់ការចុះហត្ថលេខាលើកិច្ចសន្យានាពេលនេះ។ លោកបញ្ជាក់ថា គម្រោងស្ពាននេះជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយការកកស្ទះចរាចរណ៍ និងពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានឱ្យកាន់តែប្រទាក់ក្រឡា ស្របតាមទិសដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ បន្ថែមលើនោះ លោករដ្ឋមន្រ្តី ណែនាំដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព គុណភាពសំណង់ និងការអនុវត្តការងារប្រកបដោយឯករាជ្យភាព និងសុចរិតភាព។ ទន្ទឹមនឹងនេះ លោក ក៏បានជំរុញឱ្យមានការចែករំលែកចំណេះដឹង និងបទពិសោធបច្ចេកទេសដល់វិស្វករកម្ពុជា ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងស្រុក និងធានាឱ្យការអនុវត្តគម្រោងទទួលបានជោគជ័យ។

គួរជ្រាបថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា ត្រូវបានរំពឹងថានឹងជួយពង្រឹងការតភ្ជាប់រវាងតំបន់ភាគខាងកើត និងភាគខាងលិចនៃរាជធានីភ្នំពេញ ព្រមទាំងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានី ជាពិសេសលើកំណាត់ផ្លូវដែលពាក់ព័ន្ធនឹងគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ គម្រោងនេះនឹងជួយជំរុញការអភិវឌ្ឍទីក្រុង និងសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនសម្រាប់ប្រជាពលរដ្ឋនៅភាគខាងកើតរាជធានីភ្នំពេញ និងខេត្តកណ្តាល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត