
ក្រុងតាខ្មៅ៖ មន្ត្រីអធិការកិច្ចនៃក្រសួងការងារ បានចុះអន្តរាគមន៍ និងពិនិត្យស្ថានភាពជាក់ស្តែងបន្ទាន់ នៅរោងចក្រ«គ្រីអេត ប្រីជដ៍» (Create Bridge)ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ បន្ទាប់ពីភាគីថៅកែរោងចក្រ បានប្រកាសបិទទ្វារក្រោមហេតុផល«ក្ស័យធន» បណ្ដាលឱ្យកម្មករនិយោជិតជាច្រើនរូប ប្រឈមមុខនឹងការបាត់បង់ការងារ និងប្រាក់ឈ្នួលពលកម្ម...។

យោងតាមប្រភពព័ត៌មានពីកម្មករនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ បានឱ្យSBM Newsដឹងថា ការសម្រេចចិត្តបិទទ្វាររោងចក្រភ្លាមៗពីសំណាក់ភាគីនិយោជកនេះ ធ្វើឡើងដោយគ្មានការជូនដំណឹងជាមុន ឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ឡើយ ដែលធ្វើឱ្យកម្មករនិយោជិតសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះប្រាក់ឈ្នួលចុងក្រោយ ប្រាក់បំណាច់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលពួកគាត់ត្រូវទទួលបាន។ យ៉ាងណា ហេតុផលដែលឈានដល់ការបិទទ្វារដោយបង្ខំ នៅពេលនេះ ដោយសារក្រុមហ៊ុនប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងពុំមានទទួលកម្មង់ ឬការបញ្ជាទិញពីអតិថិជន ធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន។

ជុំវិញបញ្ហាទាំងអស់ខាងលើនេះ SBM News បានព្យាយាមសុំបំភ្លឹបន្ថែមពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃដដែលនេះដែរ ដោយលោកបញ្ជាក់ថា ពេលនេះ មន្រ្តីជំនាញពាក់ព័ន្ធបាននិងកំពុងចុះទៅកាន់ទីតាំងរោងចក្រហើយ ព្រមទាំងកោះហៅភាគីថៅកែ និងបងប្អូនកម្មករនិយោជិត ដើម្បីធ្វើការអង្កេតស្រាវជ្រាវ និងដោះស្រាយបញ្ហា៕



