លម្អិតសំណុំរឿងរឹបអូសថ្នាំញៀនជាង៥០០គីឡូក្រាម លើយន្តហោះឯកជននៅប្រទេសឡាវ
ហៀប ស៊ីថេត
•
07 តុលា 2026 01:30 PM

រាជធានីគូឡាឡាំពួរ៖ ផ្អែកតាមការបញ្ជាក់របស់អាជ្ញាធរម៉ាឡេស៊ី ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ឬម៉ាទឹកកកទម្ងន់៥២១គីឡូក្រាម ដែលត្រូវបានសមត្ថកិច្ចឡាវបង្ក្រាបបាននៅលើយន្តហោះឯកជននៅឡាវ មិនបាននាំចេញមកពីប្រទេសម៉ាឡេស៊ីនោះទេ ដោយថ្នាំញៀនទាំងនេះ ត្រូវគេជឿថា មានប្រភពនៅក្នុងប្រទេសឡាវផ្ទាល់ ហើយមានទិសដៅឆ្ពោះទៅកាន់រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន...។

លោក ហ៊ូសេន អូម៉ារ ខាន់ (Hussein Omar Khan) នាយនាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀនម៉ាឡេស៊ី បានថ្លែងថា អាជ្ញាធរឡាវបានជូនដំណឹងមកកាន់ប៉ូលិសម៉ាឡេស៊ី កាលពីថ្ងៃអង្គារទី៦តុលាថា ប្រតិបត្តិការបង្ក្រាបលើការលួចនាំចេញគ្រឿងញៀនឆ្លងដែននេះ ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិហ្លួងព្រះបាង កាលពីថ្ងៃទី១ ខែតុលា។ លោកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖«ថ្នាំញៀនដែលរឹបអូសបានទាំងនោះ មានទិសដៅសម្រាប់ទីផ្សារនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន មិនមែនសម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ីនោះទេ»។ លោកបានបន្ថែមថា យន្តហោះឯកជននោះបានហោះចេញពីអាកាសយានដ្ឋានស៊ូបាង (Subang) ក្នុងប្រទេសម៉ាឡេស៊ី ដោយគ្មានផ្ទុកទំនិញអ្វីទាំងអស់ សំដៅទៅកាន់ហ្លួងព្រះបាង មុនពេលត្រូវគេប្រើប្រាស់ដើម្បីដឹកជញ្ជូនថ្នាំញៀនពីឡាវទៅហ្វីលីពីន។

របាយការណ៍ស៊ើបអង្កេត

យន្តហោះឯកជននោះ បានចុះចតនៅព្រលានយន្តហោះហ្លួងព្រះបាង នៅវេលាម៉ោងប្រមាណ១១:៣០នាទីព្រឹក។ រថយន្ត២គ្រឿងបានបើកចូលទៅដល់អាកាសយានដ្ឋាននៅវេលាម៉ោងប្រមាណ១:៣០នាទីរសៀល។ បុគ្គលិកអាកាសយានដ្ឋានមួយចំនួនបានជួយជញ្ជូនកាបូបចំនួន២៣ពីរថយន្តដាក់លើរទេះរុញ ដើម្បីលើកឡើងលើយន្តហោះ។ នៅពេលត្រួតពិនិត្យកាបូបទាំងនោះ សមត្ថកិច្ចបានរកឃើញកញ្ចប់ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ឬម៉ាទឹកកកចំនួន៥០០កញ្ចប់ ដែលមានទម្ងន់សរុប៥២១គីឡូក្រាម។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មានជនជាតិម៉ាឡេស៊ីម្នាក់ ស្ថិតនៅក្នុងចំណោមមនុស្ស១៣នាក់ ដែលត្រូវបានអាជ្ញាធរឡាវឃាត់ខ្លួន បន្ទាប់ពីការរកឃើញថ្នាំញៀនគ្រីស្តាល់ទឹកកកដ៏សន្ធឹកសន្ធាប់នេះ។

លោក ហ៊ូសេន បញ្ជាក់ថា ប៉ូលិសម៉ាឡេស៊ីបានបើកការស៊ើបអង្កេត និងរៀបចំបញ្ជូនមន្ត្រីស៊ើបអង្កេតបទល្មើសគ្រឿងញៀនមួយចំនួនទៅកាន់ប្រទេសឡាវ ដើម្បីសាកសួរអ្នកពាក់ព័ន្ធ និងប្រមូលព័ត៌មានបន្ថែមអំពីបណ្តាញឧក្រិដ្ឋជនដ៏ធំមួយនេះ ជាពិសេសទំនាក់ទំនងរបស់ពួកគេជាមួយនឹងប្រទេសម៉ាឡេស៊ី។ ជាចុងក្រោយ អាជ្ញាធរឡាវបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើងបន្ទាប់ពីទទួលបានតម្រុយព័ត៌មានកាលពីថ្ងៃទី២១ខែកញ្ញា អំពីផែនការនាំចេញគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត