ធនាគារពិភពលោក៖ សេដ្ឋកិច្ចមីយ៉ានម៉ា នឹងមានការរីកចម្រើនឡើងវិញ
N
Nary Vann
08 ធ្នូ 2025 11:30 AM

រដ្ឋធានីណៃពិដោ៖ ធនាគារពិភពលោកបានរាយការណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានព្យាករថា នឹងងើបឡើងវិញជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប ដែលបានប៉ាន់ប្រមាណចំនួន៣ភាគរយក្នុងឆ្នាំសារពើពន្ធបន្ទាប់ បើទោះបីជាជម្លោះនៅតែបន្តកើតមាន និងផលប៉ះពាល់ធ្ងន់ធ្ងរនៃការរញ្ជួយដីនៅខែមីនាក៏ដោយ...។

កំណើននេះ​ ត្រូវបានសន្មតថា បានមកពីកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ និងជំនួយគោលដៅសម្រាប់តំបន់ដែលរងផលប៉ះពាល់ ខណៈអត្រាអតិផរណាត្រូវបានគេរំពឹងថា នឹងនៅតែលើសពី២០ភាគរយ។ លោកស្រី មេលីនដា ហ្គូដ (Melinda Good) នាយកផ្នែកធនាគារពិភពលោកប្រចាំប្រទេសភូមា និងថៃ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«សញ្ញាដំបូងនៃការងើបឡើងវិញទាំងនេះ គឺជាការលើកទឹកចិត្ត។ យ៉ាងនេះក្ដី សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានៅតែបន្តប្រឈមមុខនឹងឧបសគ្គដ៏ធំធេង រួមទាំងការផ្ដល់ហិរញ្ញប្បទានសាងសង់ឡើងវិញ ជម្លោះដែលកំពុងបន្ត និងអសន្តិសុខ និងការផ្គត់ផ្គង់អគ្គិសនីដែលមិនគួរឱ្យទុកចិត្ត»

លោកស្រី Melinda Good
លោកស្រី Melinda Good

កាលពីខែមិថុនា ធនាគារបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានឹងធ្លាក់ចុះ២,៥ភាគរយក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំក្នុងខែមីនា ដែលបានប៉ះពាល់មនុស្សជាង១៧លាននាក់ ស្មើនឹង៣១ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេស។ ការខូចខាតដោយផ្ទាល់ចំពោះទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធពីគ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ ត្រូវបានគេប៉ាន់ប្រមាណជាដំបូងថាមានចំនួន១១ពាន់លានដុល្លារ ឬ១៤ភាគរយនៃផលិតផលក្នុងស្រុកសរុប។ នេះបើយោងតាមធនាគារពិភពលោក។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងឆ្នាំ២០២១ ដោយបានបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី និងបង្កឱ្យមានការតវ៉ាទូទាំងប្រទេសដែលវិវត្តទៅជាការបះបោរប្រដាប់អាវុធប្រឆាំងនឹងរបបយោធា។ រដ្ឋាភិបាលយោធាគ្រោងនឹងរៀបចំការបោះឆ្នោតពហុដំណាក់កាល ដែលចាប់ផ្តើមនៅថ្ងៃទី២៨ ខែធ្នូ ដែលក្រុមសិទ្ធិមនុស្ស និងរដ្ឋាភិបាលលោកខាងលិចមួយចំនួន បានបរិហារថាគ្រាន់ជាល្បែងថ្ពិនភ្នែក ដើម្បីបន្តការគ្រប់គ្រងរបស់ឧត្តមសេនីយ៍យោធា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត