
រាជធានីភ្នំពេញ៖ មន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះធ្វើអន្តរាគមន៍ និងដាក់កំហិតឱ្យតំណាងនិយោជក-ថៅកែរោងចក្រ ស៊ិន កៃ លី ហ្គាម៉ិន ត្រូវអប់រំណែនាំប្រធានចំនួន២រូប ដែលធ្វើអាកប្បកិរិយាមិនសមរម្យ និងប្រើពាក្យសម្ដីប្រមាថមើលងាយមកលើកម្មការិនីម្នាក់ក្នុងអំឡុងកំពុងបំពេញការងារ។ មន្រ្តីជំនាញ ថែមទាំងតម្រូវឱ្យប្រធានទាំង២រូបនោះ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះផងដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ក្រោយទទួលបានបណ្ដឹងតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងការប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យទៅលើកម្មករនិយោជិត ក្រសួង ក៏បានចាត់ក្រុមអធិការកិច្ចការងារពិសេសចុះពិនិត្យនៅរោងចក្រ ស៊ិន កៃ លី ហ្គាម៉ិន។ ក្រុមអធិការកិច្ចបានរកឃើញថា ពិតជាមានការប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យពីសំណាក់ប្រធានផ្នែក និងប្រធានក្រុមនៅក្នុងផលិតកម្ម ហើយក្រុមអធិការកិច្ចបានដាក់កំហិតឱ្យនិយោជកណែនាំអ្នកពាក់ព័ន្ធឱ្យកែតម្រូវអាកប្បកិរិយា និងប្រើពាក្យសម្ដីឱ្យបានសមរម្យចំពោះកម្មករនិយោជិត។

បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងការងារបានសង្កត់ធ្ងន់ថា «នៅពេលទទួលបានបណ្ដឹង ក្រសួងបានចុះពិនិត្យ និងចាត់វិធានការភ្លាមៗ។ មិនថាជាជនជាតិខ្មែរ ឬជនបរទេស និងមានតួនាទីកម្រិតណាក៏ដោយ អ្នកគ្រប់គ្រងត្រូវគោរពច្បាប់ ប្រើពាក្យសម្ដីឱ្យបានសមរម្យ និងគោរពសេចក្ដីថ្លៃថ្នូររបស់កម្មករនិយោជិត»។ ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់កម្មករនិយោជិត និងសាធារណជនថា ប្រសិនបើបានឃើញ ឬជួបប្រទះការប្រើពាក្យសម្ដី កាយវិការ ឬអាកប្បកិរិយាមិនសមរម្យនៅកន្លែងធ្វើការ សូមផ្ដល់ព័ត៌មានមកក្រសួងតាមរយៈលេខ Hotline ១២៨៦ ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងចាត់វិធានការបានទាន់ពេលវេលា៕





