
រដ្ឋធានីវ៉ាស៊ីនតោន៖ សង្គ្រាមសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ បានបង្កឱ្យមានភ្លើងជម្លោះឆេះរាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា និងជះឥទ្ធិពលដល់រំហូរប្រេងពិភពលោក នាំឱ្យមានវិបត្ដិសេដ្ឋកិច្ចជាសកលយ៉ាងធ្ងន់ធ្ងរ ជាពិសេស បណ្ដាប្រទេសក្នុងតំបន់អាស៊ី ខណៈបច្ចុប្បន្ន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីសង្គ្រាមកូនកាត់នេះ នឹងជិតដល់ថ្ងៃបិទបញ្ចប់ហើយ ប៉ុន្ដែអ្វីដែលប៉ះពាល់បន្ដទៀតនោះ គឺម្ចាស់សេតវិមាន បែរជាកំពុងគំរាមដាក់ពន្ធជាថ្មីទៅលើប្រទេសផ្សេងៗ ដោយមិនគិតពីសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ...។

សារព័ត៌មានអង់គ្លេស Daily Mail បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញានេះថា លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) បញ្ជាក់ថា សង្គ្រាមនៅអ៊ីរ៉ង់ នឹងជិតបិទបញ្ចប់ហើយ តែលោកបានគំរាមដាក់ពន្ធជាថ្មី ទៅលើបណ្ដាប្រទេសនានា នៅទ្វីបអឺរ៉ុបទាំងមូល ប្រសិនបើប្រទេសកាណាដា ចូលរួមជាមួយសហភាពអឺរ៉ុប។ លោក ដូណាល់ ត្រាំ ដែលជាមេបញ្ជាការកំពូលនៃកងទ័ពសហរដ្ឋអាម៉េរិក បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃពុធ នៅមុនពេលលោកគ្រោងនឹងបង្ហាញខ្លួន ដើម្បីគាំទ្រដល់គណបក្សសាធារណរដ្ឋ នាការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់លោកថា៖«យើងសង្ឃឹមថា យើងកំពុងឈានទៅដល់ដំណាក់កាលចុងក្រោយនៃសង្គ្រាមនេះ។ ពួកគេ ចង់សម្រេចកិច្ចព្រមព្រៀងមួយ ហើយយើងនឹងរង់ចាំមើលថា តើវានឹងទៅជាយ៉ាងណា?..»។

នៅពេលមានសំណួរអំពីសំណើសុំឱ្យប្រទេសកាណាដា ចូលរួមជាមួយសហភាពអឺរ៉ុប (EU) នៅក្នុងនាមជា«សមាជិកសម្ព័ន្ធមិត្ត»នោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា៖«ខ្ញុំយល់ឃើញថា គំនិតនេះ គួរឱ្យអស់សំណើច។ ប្រទេសកាណាដា ជាដៃគូពាណិជ្ជកម្មដ៏អាក្រក់មួយ ហើយខ្ញុំមិនយល់ស្របនឹងគំនិតបែបនេះទាល់តែសោះ»។ ទន្ទឹមគ្នា លោក ត្រាំ ក៏បានព្រមានបន្ថែមផងដែរថា៖«ប្រសិនបើអឺរ៉ុបធ្វើដូច្នោះមែន ហើយបើខ្ញុំយល់ឃើញថា វាជាសកម្មភាពមានលក្ខណៈអរិភាពនោះ ខ្ញុំនឹងដាក់ពន្ធគយដ៏ធ្ងន់ធ្ងរ ឬបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយអឺរ៉ុប លើទំនិញជាច្រើនមុខ។ ម្យ៉ាងវិញទៀត ប្រសិនបើអឺរ៉ុប មានចេតនាអាក្រក់ យើងនឹងដាក់ពន្ធគយខ្ពស់បំផុត ទៅលើអឺរ៉ុបទាំងមូល»។ ការធ្វើអត្ថាធិប្បាយរបស់លោក ត្រាំ កើតឡើងត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសភាតំណាងរាស្ត្រ អនុម័តសេចក្តីសម្រេចចិត្តមួយ ស្តីពីសិទ្ធិអំណាចធ្វើសង្គ្រាម និងរារាំងដល់ប្រធានាធិបតី មិនឱ្យបន្តសកម្មភាពយោធា ដោយគ្មានការអនុម័តពីសភា ឬការពារសហរដ្ឋអាម៉េរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន ពី«ការវាយប្រហារដែលអាចនឹងកើតឡើង»។

សមាជិកសភាតំណាងរាស្ត្រ មកពីរដ្ឋ Kentucky បានដាក់ស្នើវិធានការច្បាប់បែបនេះ នៅក្នុងទម្រង់ជា«សេចក្តីសម្រេចចិត្តមានអាទិភាពខ្ពស់» ដោយតម្រូវឱ្យសភាតំណាងរាស្ត្រ ត្រូវលើកយកមកពិភាក្សា និងបោះឆ្នោត នៅក្នុងរយៈពេលពីរថ្ងៃ នៃកិច្ចប្រជុំសភា ដែលសកម្មភាពបែបនេះ អាចនឹងនាំឱ្យមានការបោះឆ្នោតដ៏តានតឹង និងបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ការដាក់សំណើបែបនេះ កើតឡើងស្របពេលមានរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ពីការិយាល័យអធិការកិច្ចទូទៅនៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បង្ហាញថា សង្គ្រាមនៅអ៊ីរ៉ង់ បានធ្វើឱ្យសហរដ្ឋអាម៉េរិកខាតបង់ថវិកា យ៉ាងហោចណាស់៣៣,៤ពាន់លានដុល្លារ ខណៈអគាររាប់រយខ្នង ត្រូវបានបំផ្លាញ ហើយយន្តហោះជាច្រើនគ្រឿង មិនអាចរកឃើញដាន ឬមិនមានរបាយការណ៍បញ្ជាក់ពីស្ថានភាពរបស់យន្ដហោះទាំងនោះ៕





