សភា​អាម៉េរិក អនុម័តកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ដូចដាល់​ចំមុខចិន និងឥណ្ឌា
S
Sinuon Nop
4 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រទេសរុស្ស៊ី បានរងទណ្ឌកម្មជាបន្ដបន្ទាប់ពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន​ បានបញ្ជាឱ្យកងទ័ពបើកទ្វារព្រំដែន ចេញវាយប្រហារចូលលុកលុយទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ ប៉ុន្ដែឥឡូវសភារបស់ប្រទេសមហាអំណាចកំពូល ទាំងសេដ្ឋកិច្ច និងយោធាសហរដ្ឋអាម៉េរិក បានអនុម័តកញ្ចប់ទណ្ឌកម្ម​ថ្មី ប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋធានីមូស្គូ ហើយវិធានការនេះ កំពុងប៉ះពាល់យ៉ាងខ្លាំងដល់មហាយក្សចិន ឥណ្ឌា និងអ៊ីរ៉ង់ ក៏ដូចជាប្រទេផ្សេងៗទៀតផងដែរ។

សភាសហរដ្ឋអាម៉េរិក
សភាសហរដ្ឋអាម៉េរិក

បណ្ដាញទូរទស្សន៍គ្រប់គ្រងដោយរដ្ឋអាល្លឺម៉ង់ DW បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញានេះថា កញ្ចប់ទណ្ឌកម្មថ្មី ត្រូវបានចាត់ទុកថា វាជាកិច្ចខិតខំប្រឹងប្រែងផ្នែកនីតិប្បញ្ញត្តិដ៏សំខាន់បំផុតរបស់សហរដ្ឋអាម៉េរិក ប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋធានីម៉ូស្គូ ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ វិលត្រឡប់មកកាន់សេតវិមានជាថ្មី នៅក្នុងអាណត្ដិទី២របស់លោក។ វិធានការទណ្ឌកម្មនេះ កំពុង​ស្ថិតក្នុងដំណាក់កាលរង់ចាំការចុះហត្ថលេខាពីលោក ដូណាល់ ត្រាំ ដើម្បីឱ្យក្លាយទៅជាច្បាប់​ពេញលេញ។​ សភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិក ដឹកនាំដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ បានអនុម័តកញ្ចប់ទណ្ឌកម្មដ៏ទូលំទូលាយជាថ្មី ប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញសង្គ្រាមរុស្ស៊ីនៅក្នុងអ៊ុយក្រែន។​​ សេចក្ដីព្រាងច្បាប់នេះ បានអនុម័តដោយសំឡេងគាំទ្រ ចំនួន២៦២សំឡេង ទល់នឹងប្រឆាំងចំនួន១៥៩សំឡេង​ បន្ទាប់ពីបានឆ្លងកាត់ព្រឹទ្ធសភាយ៉ាងរលូនដោយសំឡេងគាំទ្រចំនួន៨៦សំឡេង ទល់នឹងប្រឆាំងចំនួន១១សំឡេង កាលពីខែសីហា។​

តើកញ្ចប់​ទណ្ឌកម្មថ្មី​ប្រឆាំងនឹងរុស្ស៊ីនោះ ផ្ដោតទៅលើ​អ្វីខ្លះ?

កញ្ចប់ទណ្ឌកម្ម​ថ្មីរបស់សហរដ្ឋអាម៉េរិក នៅក្នុងអាណត្ដិទី២របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្តោតគោលដៅលើវិស័យថាមពល និងវិស័យការពារជាតិរបស់រុស្ស៊ី ព្រមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត នៃរដ្ឋាភិបាលរដ្ឋធានីមូស្គូ។ វិធានការទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក នាពេលនេះ ក៏បាន​ផ្តោតគោលដៅទៅលើអ្វីដែលរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ហៅ​​​«កងនាវាស្រមោល​ (shadow fleet)» របស់​រដ្ឋធានីមូស្គូ គឺ​កប៉ាល់ដឹកប្រេងចាស់ៗ ត្រូវបានប្រើប្រាស់ សម្រាប់គេចវេះ​ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។ ចំណុចដែលបង្កឱ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំងជាងគេនោះ គឺនៅត្រង់​ថា ច្បាប់ទណ្ឌកម្មនេះ បើកផ្លូវ​ជូន​លោកប្រធានាធិបតី ដូណាល់ ត្រាំ ​ដាក់ទណ្ឌកម្មបន្ថែម នៅក្នុងទម្រង់ជាពន្ធគយ ប្រឆាំងនឹងប្រទេស​នានា ដែលពឹងផ្អែកទៅលើប្រេង និងឧស្ម័នរបស់រុស្ស៊ី។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ

បើតាមខ្លឹមសារ នៃច្បាប់ទណ្ឌកម្មនេះ ​​ប្រទេសចិន និងឥណ្ឌា ត្រូវ​គេរំពឹងថា នឹងក្លាយជាគោលដៅដ៏ចម្បង នៃវិធានការតាមផ្លូវច្បាប់​ទណ្ឌកម្មនេះផងដែរ​។ សេចក្តីព្រាងច្បាប់នេះ ក៏នឹងពង្រីកវិសាលភាព នៃការដាក់ទណ្ឌកម្មប្រឆាំងនឹង​​ប្រទេសអ៊ីរ៉ង់បន្ថែមទៀត។សេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មថ្មីនេះ ត្រូវបានតាក់តែងឡើង កាលពីខែមេសា ឆ្នាំ២០២៥ ដោយសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ គឺលោក លីនសេយ ហ្ក្រាហាំ (Lindsey Graham) ដែលបានទទួលមរណភាព កាលពីខែកក្កដា ឆ្នាំ២០២៥។ ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានពន្យារពេលការអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយសារគោលនយោបាយការបរទេសរបស់លោក ផ្តល់អាទិភាពដល់ការរក្សាអំណាចសម្រេចចិត្ត លើពន្ធគយ និងការដាក់ទណ្ឌកម្ម ច្រើន​ជាងការប្រគល់សិទ្ធិសម្រេចចិត្តទាំងនេះ ជូនទៅសភាសហរដ្ឋអាម៉េរិក។ 

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងមន្រ្ដីរបស់គាត់
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងមន្រ្ដីរបស់គាត់

តើនរណាខ្លះជំទាស់នឹងសេចក្តីព្រាងច្បាប់ ទណ្ឌកម្មនេះ ហើយមាន​មូលហេតុអ្វី?

សមាជិកគណបក្សប្រជាធិបតេយ្យ ដែលបានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ បានធ្វើសកម្មភាពផ្ទុយពីជំហររបស់ថ្នាក់ដឹកនាំគណបក្ស ដោយអះអាងថា ច្បាប់នេះពង្រីកអំណាចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការកំណត់ពន្ធគយ ហើយថា លោកប្រធានាធិបតី មានសិទ្ធិអំណាចរួចជាស្រេច នៅក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រសិនបើលោកសម្រេចចិត្តធ្វើដូច្នេះមែននោះ។ លោក ហាខេម ចេហ្វហ្វ្រៀសស៍ (Hakeem Jeffries) មេដឹកនាំគណបក្សប្រជាធិបតេយ្យ ប្រចាំសភាតំណាងរាស្ត្រ បានថ្លែងនៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃពុធថា៖«អ្វីដែលច្បាប់នេះនឹងធ្វើ គឺផ្តល់សិទ្ធិអំណាចរបស់លោកប្រធនាធិបតី ដូណាល់ ត្រាំ ដែលអាចនិយាយបានថា ជាអំណាចគ្មានដែនកំណត់ នៅក្នុងការដាក់ពន្ធគយលើប្រជាជនអាម៉េរិកាំង»

ប្រធានាធិបតីអ៊ីរ៉ង់ និងប្រមុខការទូត
ប្រធានាធិបតីអ៊ីរ៉ង់ និងប្រមុខការទូត
កប៉ាល់ដឹកជញ្ជូនថាមពលរបស់រុស្ស៊ី
កប៉ាល់ដឹកជញ្ជូនថាមពលរបស់រុស្ស៊ី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត