អតីតមន្រ្តីជាន់ខ្ពស់ថៃម្នាក់ និងមនុស្ស២៥នាក់ផ្សេងទៀត ត្រូវអាម៉េរិករកឃើញតម្រុយថា នៅពីក្រោយបណ្តាញឧក្រិដ្ឋជនក្នុងតំបន់អាស៊ាន
Mao Sopha
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក វរភ័ក្ត្រ ថ័នយ៉ាវង្ស (วรภัค ธันยาวงษ์) អតីតអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ រួមទាំងបុគ្គល២៥នាក់ និងក្រុមហ៊ុនចំនួន២ទៀត ត្រូវបានសមាជិករដ្ឋសភាសហរដ្ឋអាម៉េរិក ទាមទារឱ្យរដ្ឋាភិបាលអាម៉េរិក បើកការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើឆបោកអនឡាញទ្រង់ទ្រាយធំ។ នេះបើតាមការចុះផ្សាយយ៉ាងព្រោងព្រាតរបស់កាសែតថៃ...។ 

លោក វរភ័ក្រ្ត និងបុគ្គលទាំង២៥នាក់ ត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើឆបោកលុយតាមអនឡាញ ជាបណ្តាញនៅក្នុងតំបន់អាស៊ានតែម្ដង មិនមែនតែនៅក្នុងប្រទេសថៃនោះទេ។ ក្នុងបញ្ជីឈ្មោះនេះ មានតែលោក វរភ័ក្រ្ត ម្នាក់ប៉ុណ្ណោះ ជាជនជាតិថៃ ហើយ២៥នាក់ទៀត ជាជនជាតិផ្សេងគ្នា ដូចជាបុគ្គលឈ្មោះ ចុង ប៉ាវជៀ (Zhong Baojia) ជាជនជាតិចិន និងអ្នកជំនួញល្បីឈ្មោះ លោក បេនចាមីន ម៉ៅអឺបឺហ្គឺរ (Benjamin Mauerberger) ជាជនជាតិអាហ្វ្រិកខាងត្បូង។ 

លោក វរភ័ក្ត្រ ថនយ៉ាវង្ស
លោក វរភ័ក្ត្រ ថនយ៉ាវង្ស

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សមាជិករដ្ឋសភាសហរដ្ឋអាម៉េរិកជាន់ខ្ពស់២រូប គឺ លោក ប្រៀន ម៉ាស (Brian Mast) និងលោក ចន មូឡេណា (John Moolenaar) បានផ្ញើលិខិតទៅរដ្ឋមន្ត្រីសហរដ្ឋអាម៉េរិក២រូប គឺរដ្ឋមន្រ្តីការបរទេស លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងរដ្ឋមន្ត្រីរតនាគារ លោក ស្កត់ បេសិន (Scott Bessent) ដើម្បីស្នើឱ្យបើកការស៊ើបអង្កេតបុគ្គលទាំង២៦នាក់ និងក្រុមហ៊ុនចំនួន២ ហើយពិនិត្យមើលថា តើពួកគេមានលក្ខខណ្ឌតាមច្បាប់ ដែលសហរដ្ឋអាម៉េរិក ត្រូវដាក់ទណ្ឌកម្មដែរឬទេ?

លោក ប្រៀន ម៉ាស
លោក ប្រៀន ម៉ាស

សមាជិករដ្ឋសភា ស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ធ្វើសេចក្តីសម្រេចក្នុងរឿងនេះ ក្នុងរយៈពេលយូរបំផុត ត្រឹម១៨០ថ្ងៃ។ សមាជិករដ្ឋសភាសហរដ្ឋអាម៉េរិក អះអាងថា បុគ្គល និងក្រុមហ៊ុនខាងលើ អាចមានទំនាក់ទំនងជាមួយបណ្តាញស្កែមនៅតំបន់អាស៊ាន ហើយពួកគេក៏អាចជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស ការបង្ខំឱ្យធ្វើការងារ និងការរំលោភបំពានធ្ងន់ធ្ងរផ្សេងៗទៀត។ លោក វរភ័ក្រ្ត ធ្លាប់បដិសេធថា មិនពាក់ព័ន្ធនឹងបណ្តាញស្កែម ឬឧក្រិដ្ឋកម្មឆ្លងដែនឡើយ។  

លោក ចន មូឡេណា
លោក ចន មូឡេណា

លោក វរភ័ក្រ្ត ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងធ្លាប់ធ្វើជានាយកប្រតិបត្តិជាន់ខ្ពស់នៅធនាគារឈ្មោះ ក្រុងថៃ (ธนาคารกรุงไทย)។ លោក ធ្លាប់កាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងរយៈពេលខ្លី គឺប្រមាណ១ខែប៉ុណ្ណោះ កាលពីអំឡុងឆ្នាំ២០២៥ ហើយក៏លាលែងវិញ បន្ទាប់ពីមានការចោទប្រកាន់ថា លោកមានទំនាក់ទំនងជាមួយបណ្តាញស្កេម(Scam)៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត